ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ផ្ដាំផ្ញើដល់នគរបាលឱ្យបំពេញភារកិច្ចផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ និងកុំពាក់ព័ន្ធគ្រឿងញៀន

(បាត់ដំបង)៖ ក្នុងឱកាសសំណេះសំណាលជាមួយថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មេបញ្ជាការវរព្រំដែន អធិការ និងនាយប៉ុស្ដិ៍នគរបាលរដ្ឋបាល នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងថា កងកម្លាំងនគរបាលជាតិ ត្រូវគោរពវិន័យ អនុវត្តបទបញ្ជា និងបំពេញតួនាទីភារកិច្ច ដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ ជាពិសេស ការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម។

ឯកឧត្ដម សង្កត់ធ្ងន់ថា រាល់ការបំពេញភារកិច្ច គប្បីចៀសឱ្យឆ្ងាយកុំពាក់ព័ន្ធនឹងគ្រឿងញៀន។ ករណីរកឃើញនគរបាលរូបណាជាប់ទាក់ទិននឹងបទល្មើសគ្រឿងញៀន ក្រសួងនឹងអនុវត្តវិន័យតឹងរឹងបំផុត ដោយអាចបណ្ដេញចេញពីក្របខណ្ឌជាដើម ។

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បន្តទៀតថា ដោយសារការវិវត្តនៃសង្គម ក្នុងនាមកងកម្លាំងនគរបាល គប្បីផ្ដោតការយកចិត្តទុកដាក់លើបទល្មើសមួយចំនួនដែលកំពុងកើតមាន ជាអាទិ៍ បញ្ហាគ្រឿងញៀន បទល្មើសទូទៅគ្រប់ប្រភេទ បញ្ហាក្មេងទំនើង និងបញ្ហាចរាចរណ៍ ។ ពិសេសជាងនេះ ការជួញដូរផ្លូវភេទ ការជួញដូរមនុស្ស ដែលស្នងការដ្ឋាននគរបាល គួរពិនិត្យលទ្ធភាពបង្កើតយន្តការផ្សព្វផ្សាយអំពីគ្រោះថ្នាក់ ឧបាយកល វិធីបង្ការ និងមធ្យោបាយរំដោះខ្លួនជាដើម ដល់យុវនារី អាណាព្យាបាល ក៏ដូចជាប្រជាពលរដ្ឋទូទៅ ។

ដើម្បីអនុវត្តតួនាទីភារកិច្ច ផ្ដល់ជូនភាពកក់ក្ដៅជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានជំរុញលើកទឹកចិត្តដល់កងកម្លាំងនគរបាលទាំងអស់ បន្តអភិវឌ្ឍសមត្ថភាពជំនាញឱ្យស្របតាមការប្រែប្រួលសង្គមបច្ចុប្បន្ន ជាពិសេសការវិវត្តខាងបច្ចេកវិទ្យា ដោយចូលរួមវគ្គបណ្ដុះបណ្ដាលផ្សេងៗ ឬការរៀបចំវគ្គបំប៉នសមត្ថភាពផ្ទៃក្នុង ។

ឯកឧត្ដមអភិសន្តិបណ្ឌិត បញ្ជាក់ថា នាពេលខាងមុខក្រសួងមហាផ្ទៃ នឹងរៀបចំវគ្គបណ្ដុះបណ្ដាលពិសេសសម្រាប់គណៈដឹកនាំស្នងការដ្ឋានរាជធានីខេត្ត និងកម្រិតថ្នាក់ដឹកនាំតាមអង្គភាពនគរបាលចំណុះក្រសួងមហាផ្ទៃផ្សេងៗទៀត ៕

ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner