មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជាធ្វើបទឧទ្ទេសនាមនៅក្នុងសន្និសីទសាធារណៈស្តីពី អត្ថប្រយោជន៍របស់ហ្វ្រង់កូហ្វូនីនៅអាស៊ី
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានបណ្តាញរចនាសម្ព័ន្ធ និងស្ថាប័នទទួលបន្ទុកហ្វ្រង់កូហ្វូនីនៅអាស៊ី-ប៉ាស៊ីហ្វិក (RESIFAP) បានធ្វើបទឧទ្ទេសនាមនៅក្នុងសន្និសីទសាធារណៈ ស្តីពីអត្ថប្រយោជន៍របស់ហ្វ្រង់កូហ្វូនីនៅអាស៊ី នៅក្នុងកិច្ចប្រជុំលើកទី៨ នៃបណ្តាញរចនាសម្ព័ន្ធ និងស្ថាប័នទទួលបន្ទុកហ្វ្រង់កូហ្វូនីនៅអាស៊ី-ប៉ាស៊ីហ្វិក (RESIFAP)។ នេះបើយោងតាមការជូនព័ត៌មានរបស់ក្រសួងនិងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣។
កិច្ចប្រជុំនេះ ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធាន RESIFAP និង ឯកឧត្តម Yoann Lecourieux សមាជិករដ្ឋាភិបាលនូវែលកាលេដូនីទទួលបន្ទុកកិច្ចការហ្វ្រង់កូហ្វូនី ត្រូវបានប្រព្រឹត្តទៅពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុង Nouméa នូវែលកាលេដូនី។

ក្រសួងការបរទេសបានបន្តថា នៅអំឡុងពេលនៃកិច្ចប្រជុំហ្វ្រង់កូហ្វូននេះ អ្នកចូលរួម បានសាទរភាពសម្បូរបែប និងភាពចម្រុះនៃសកម្មភាពដែលប្រទេសសមាជិកនីមួយៗ បានរៀបចំនៅក្នុងក្របខ័ណ្ឌហ្វ្រង់កូហ្វូនី សំដៅលើកកម្ពស់ការប្រើប្រាស់ភាសាបារាំង និងគុណតម្លៃហ្វ្រង់កូហ្វូនីនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ សកម្មភាពទាំងនេះ មានគោលបំណងផងដែរ ដើម្បីលើកកម្ពស់កាលានុវត្តភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងតំបន់ និងទាក់ទាញការយកចិត្តទុកដាក់របស់អង្គការ OIF ទៅលើតំបន់ដ៏សំខាន់នៃពិភពលោកនេះ។ អ្នកចូលរួមបានពិភាក្សាផ្លាស់ប្តូរយោបល់ទៅលើការផ្តួចផ្តើមគំនិតបង្រួបបង្រួមផលប្រយោជន៍របស់អង្គការតំបន់ ដែលស្ថិតនៅក្នុងចំណោមមហាអំណាចសេដ្ឋកិច្ចពិភពលោក ជាពិសេស រវាងបណ្តាញ RESIFAP និងអាស៊ាន ដែលមានប្រទេសចំនួនបួនជាសមាជិកអង្គការ OIF។
ក្រសួងការបរទេសបានបន្តថា បន្ទាប់ពីកិច្ចប្រជុំ RESIFAP លើកទី៨នេះ បានបញ្ចប់ គណៈប្រតិភូកម្ពុជា ជាមួយនឹងគណៈប្រតិភូផ្សេងទៀត បានចូលរួមវេទិកាហ្វ្រង់កូហ្វូនអាស៊ីប៉ាស៊ីហ្វិកលើកទី១៣ ដែលរៀបចំដោយរដ្ឋាភិបាលនូវែលកាលេដូនី ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែតុលា។ បន្ទាប់ពីខកខានរយៈពេលបីឆ្នាំដោយសារវិបត្តិជំងឺឆ្លង ក្នុងឆ្នាំនេះ វេទិកានេះបានបើកចំហដល់អាស៊ី ស្របតាមអនុសាសន៍ដែលបណ្តាញ RESIFAP បានលើកឡើង នៅក្នុងកិច្ចប្រជុំលើកទី៧ របស់ខ្លួននៅឆ្នាំ២០២២។ ព្រឹត្តិការណ៍ វប្បធម៌ និងភាសាជាច្រើន ក្នុងនោះមានសន្និសីទស្តីពីហ្វ្រង់កូហ្វូនី និងអត្ថប្រយោជន៍របស់ហ្វ្រង់កូហ្វូនី ត្រូវបានរៀបចំឡើង ក្នុងអំឡុងពេលនៃការជួបជុំដ៏ធំនៅក្នុងក្របខណ្ឌហ្វ្រង់កូហ្វូនីនេះ។ ឯកឧត្តមរដ្ឋលេខាធិការបានធ្វើបទឧទ្ទេសនាមនៅក្នុងសន្និសីទសាធារណៈ ស្តីពីអត្ថប្រយោជន៍របស់ហ្វ្រង់កូហ្វូនីនៅអាស៊ី៕
ដោយ៖ ពលជ័យ
រូបភាព៖ក្រសួងការបរទេស

