ករណីជនក្លែងព្រះរាជសារព្រះមហាក្សត្រ និងសម្តេចម៉ែ៖ តំណាងអយ្យការសម្រេចចោទប្រកាន់បទក្លែងបន្លំឯកសារសាធារណៈ និងបទប្រើប្រាស់ឯកសារសាធារណៈក្លែង

ភ្នំពេញ៖ តំណាងអយ្យការបានសម្រេចចោទប្រកាន់ជន ដែលក្លែងព្រះរាជសាររបស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ពីបទក្លែងបន្លំឯកសារសាធារណៈ និងបទប្រើប្រាស់ឯកសារសាធារណៈក្លែង។

លោក ប្លង់ សុផល អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងនៅរសៀលថ្ងៃទី២ ខែវិច្ឆិកានេះថា តំណាងអយ្យការបានបើកការស៊ើបសួររួចហើយពីបទឆបោក បទក្លែងបន្លំឯកសារសាធារណៈ និងបទប្រើប្រាស់ឯកសារសាធារណៈក្លែង តាមមាត្រា៣៧៧ មាត្រា៣៧៨ មាត្រា៦២៩ និងមាត្រា៦៣០ នៃក្រមព្រហ្មទណ្ឌ។

មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ ហាក់ ឧត្តម ភេទប្រុស ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ដោយកម្លាំងនាយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ ក្រោយឃាត់ខ្លួនជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរៀបចំបង្កើតលិខិតក្លែងបន្លំជាព្រះរាជសារប្រាកដមែន ដោយបន្លំខ្លួនជាខ្សែព្រះញាតិវង្សទៅជួលសេវាវាយអត្ថបទតាមកុំព្យូទ័រមួយកន្លែងនៅម្តុំវិទ្យាល័យសម្តេចជាស៊ីមសន្ធរម៉ុក ដោយខ្លួនជាអ្នកផ្តល់នូវខ្លឹមសារ និងឯកសារគំរូ រួចផ្ញើលិខិតនោះទៅកូនសិស្សលោកនៅវត្តចន្ទប្បជោត្តនារាម ដើម្បីនិមន្តព្រះធម្មវនវាសី ចន្ទមុនី ទៅសម្តែងធម៌ទេសនាក្នុងព្រះរាជពិធីបុណ្យកឋិនទាន នៅវត្តទេពវិមាន ហៅវត្តកាន់ទ្រង់ ស្ថិតនៅឃុំតានី ស្រុកអង្គជ័យ ខេត្តកំពត ដើម្បីទទួលបានផលប្រយោជន៍ពីការរៀបចំកម្មវិធីបុណ្យកឋិនទាន។

ទាក់ទងករណីនេះផងដែរ អគ្គស្នងការដ្ឋាននគរបាលជាតិ បានអំពាវនាវដល់សាធារណជនប្រុងប្រយ័ត្នចំពោះការចែករំលែកនូវព័ត៌មានគ្មានប្រភពច្បាស់លាស់ ដែលបណ្តាលឱ្យខ្លួនក្លាយជាឈ្នាន់បម្រើដល់ឧបាយកលរបស់ក្រុមជនឆបោក ព្រមទាំងត្រូវទទួលខុសត្រូវចំពោះច្បាប់ថែមទៀត។

សូមជម្រាបថា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីមានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព្រះបរមរាជវាំង បដិសេធចំពោះលិខិតក្លែងបន្លំជាព្រះរាជសារ ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ដែលត្រូវបានបង្ហោះចែកចាយក្នុងប្រព័ន្ធបណ្តាញសង្គម និងដោយមានបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាល អគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ បើកប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហាក់ ឧត្តម ភេទប្រុស នៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២៣៕
ដោយ៖ពលជ័យ

ads banner