ជនបរទេសប្រមាណ ៧,០០០នាក់ត្រូវបានជួយសង្គ្រោះពីហ្គាហ្សាទៅកាន់អេហ្ស៊ីប
គែរ៖ មន្ដ្រីការទូតរបស់អេហ្ស៊ីប នៅថ្ងៃព្រហស្បតិ៍ទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ ថ្លែងថា ប្រទេសអេហ្ស៊ីបនឹងជួយជម្លៀសជនបរទេស និងអ្នកមានសញ្ជាតិពីរប្រមាណ ៧,០០០នាក់ឱ្យចាកចេញពីតំបន់ហ្គាហ្សាទៅកាន់អេហ្ស៊ីបតាមរយៈច្រកព្រំដែន Rafah។ គេរំពឹងថា មនុស្សប្រមាណ ៤០០នាក់នឹងឆ្លងកាត់មកអេហ្ស៊ីប នៅថ្ងៃព្រហស្បតិ៍នេះ។

អេហ្ស៊ីបចាប់ផ្ដើមបើកច្រកព្រំដែន Rafah ជាលើកដំបូងនៅថ្ងៃពុធក្នុងសប្ដាហ៍នេះ ដើម្បីអនុញ្ញាតឱ្យប្រជាជនភៀសខ្លួនចេញពីតំបន់ហ្គាហ្សា។ នៅក្នុងជំនួបជាមួយមន្ដ្រីការទូតរបស់អេហ្ស៊ីប លោក Ismail Khairat និយាយថា ប្រទេសអេហ្ស៊ីបកំពុងរៀបចំ “ដើម្បីជួយសម្រួលដល់ការទទួល និងការជម្លៀសពលរដ្ឋបរទេសពីហ្គាហ្សា តាមច្រកព្រំដែន Rafah”។

ចំណែកឯខាងប៉ាឡេស្ទីនវិញ លោក Hisham Adwan ដែលជាអ្នកមើលការខុសត្រូវនៅតំបន់ព្រំដែន Rafah ក៏បានបញ្ជាក់ពីទិន្នន័យអ្នករងរបួស និងជនបរទេស ដែលត្រូវបញ្ជូនទៅកាន់អេហ្ស៊ីប ដោយក្នុងនោះមាន ១០០នាក់ជាអ្នករងរបួស ហើយជនបរទេស និងអ្នកមានសញ្ជាតិពីរចំនួន ៤០០នាក់ រួមទាំងពលរដ្ឋអាមេរិកផងដែរ។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា ការទម្លាក់គ្រាប់បែកយ៉ាងដំណំរបស់អ៊ីស្រាអែល ដើម្បីប្រឆាំងក្រុមហាម៉ាស់ បានសម្លាប់មនុស្សចំនួន ៨,៨០០នាក់ហើយមកទល់ពេលនេះ ដែលភាគច្រើនជាស្ដ្រី និងកុមារ៕ ប្រភព៖ AFP ប្រែសម្រួលដោយ សាន ស្រីលក្ខណ៍


