ការបាញ់បង្ហោះផ្កាយរណបចារកម្មលើកទី៣របស់កូរ៉េខាងជើង មានឱកាសជោគជ័យខ្ពស់
ព្យុងយ៉ាង៖ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់បានរាយការណ៍កាលពីថ្ងៃពុធ ដោយស្រង់សម្ដីប្រភពពីភ្នាក់ងារចារកម្មកូរ៉េខាងត្បូងថា ប្រទេសកូរ៉េខាងជើងកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការរៀបចំបាញ់បង្ហោះផ្កាយរណបចារកម្មលើកទី៣ ហើយអាចនឹងមានលទ្ធភាពជោគជ័យខ្ពស់។
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិ (NIS) របស់កូរ៉េខាងត្បូង បានធ្វើរបាយការណ៍ពាក់ព័ន្ធនឹងបញ្ហានេះ ក្នុងសម័យប្រជុំគណៈកម្មាធិការស៊ើបការណ៍សម្ងាត់សភា ដែលធ្វើឡើងដោយបិទទ្វារ ប៉ុន្តែសារព័ត៌មានយ៉ុនហាប់បានរាយការណ៍ពីវា ដោយដកស្រង់សម្ដីសមាជិកគណៈកម្មាធិការម្នាក់ ដែលបានចូលរួមក្នុងកិច្ចប្រជុំនោះ ជាអនាមិក។
បើតាមប្រភព NIS បានឱ្យដឹងទៀតថា កូរ៉េខាងជើងបានបញ្ជូនអាវុធជាង ១០ ជើងទៅរុស្ស៊ី ដើម្បីយកប្រើប្រាស់ក្នុងសង្រ្គាមឈ្លានពានអ៊ុយក្រែន។ សមាជិកនៃគណៈកម្មាធិការសភាកូរ៉េខាងត្បូង លោក Yoo Sang-bum អះអាងថា ចំនួនអាវុធដ៏ច្រើន ដែលរួមមានទាំងគ្រាប់កាំភ្លើងធំ មួយលានគ្រាប់នោះ អាចឱ្យរុស្ស៊ីប្រើប្រាស់ដើម្បីវាយប្រហារនៅអ៊ុយក្រែនរហូតដល់ពីរខែ។
ប្រភពមិនបានបញ្ជាក់ទេ ថាភ្នាក់ងារចារកម្មកូរ៉េខាងត្បូងបានគូសបង្ហាញយ៉ាងដូចម្ដ៉េចខ្លះ ពីលទ្ធភាពជោគជ័យនៃការបាញ់បង្ហោះផ្កាយរណបចារកម្មលើកទី៣របស់កូរ៉េខាងជើង។ ប៉ុន្តែមានផ្សារភ្ជាប់ផ្សេងទៀតថា លទ្ធភាពនេះ អាចកើតឡើងចេញពីការជួយជ្រោមជ្រែងរបស់រុស្ស៊ី ជាថ្នូរទៅនឹងការផ្គត់ផ្គង់សព្វាវុធពីកូរ៉េខាងជើង។
គួររំឭកថា កូរ៉េខាងជើងបានធ្វើការប៉ុនប៉ងបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍របស់ខ្លួនចំនួនពីរដងរួចមកហើយក្នុងឆ្នាំនេះ ប៉ុន្តែត្រូវបរាជ័យទាំង២លើក ដោយសារយានដឹកផ្កាយរណបជួបបញ្ហាមិនប្រក្រតីនៅពេលបាញ់បង្ហោះ។
ការបាញ់បង្ហោះផ្កាយរណបនេះ គឺជាផ្នែកមួយនៃការជំរុញរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន សម្រាប់ការពង្រឹងសមត្ថភាពយោធារបស់កូរ៉េខាងត្បូង ដែលរួមមានទាំងមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ នាវាមុជទឹកបំពាក់មីស៊ីលផ្លោង និងមីស៊ីលលឿនជាងសំឡេងជាដើម។
ក្រោយបរាជ័យទាំង២លើក កូរ៉េខាងជើងធ្លាប់បានសន្យាថា នឹងប៉ុនប៉ងបង្ហោះផ្កាយរណបដដែលជាលើកទី៣នៅខែតុលា ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់បង្ហាញសញ្ញាណាមួយថា ថាខ្លួននឹងបន្តដំណើរការបាញ់បង្ហោះនោះទេ។
កាលពីខែកញ្ញា លោក គីម បានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នៅតំបន់ចុងបូព៌ារបស់រុស្ស៊ី ជាទីដែលលោកបានទៅទស្សនាស្ថានីយបាញ់បង្ហោះយានអវកាសទំនើបរបស់រុស្ស៊ី ដោយជំរុញឱ្យមានការរំពឹងទុកថា ទីក្រុងមូស្គូនឹងជួយដល់កម្មវិធីអវកាសរបស់កូរ៉េខាងជើង ជាថ្នូរនឹងការផ្គត់ផ្គង់អាវុធធម្មតា។
កន្លងមក កូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិកបានថ្កោលទោសកូរ៉េខាងជើងចំពោះការផ្គត់ផ្គង់សព្វាវុធ និងបរិក្ខារយោធាផ្សេងទៀត ដល់រុស្ស៊ី។ កូរ៉េខាងជើងបានបដិសេធថា ខ្លួនមិនបានផ្គត់ផ្គង់អាវុធដល់រុស្ស៊ីទេ ហើយថែមទាំងបានច្រានចោលរបាយការណ៍របស់អ្នកជំនាញយោធាមួយចំនួន ដែលថាអាវុធរបស់ខ្លួនត្រូវបានប្រើប្រាស់ដោយពួកសកម្មប្រយុទ្ធហាម៉ាសក្នុងការប្រយុទ្ធនឹងអ៊ីស្រាអែល៕ ប្រែសម្រួល៖ ហួន ឌីណា