គណៈសង្ឃកម្ពុជា ណែនាំឱ្យព្រះសង្ឃបព្វជិតពុទ្ធសាសនា បញ្ឈប់ការផ្សព្វផ្សាយ និងចែកចាយព័ត៌មានអវិជ្ជមានដល់ពុទ្ធសាសនា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាបានចេញសេចក្តីណែនាំដល់ព្រះសង្ឃបព្វជិតពុទ្ធសាសនា ដែលកំពុងប្រើប្រាស់បណ្តាញសង្គមបញ្ឈប់ការផ្សព្វផ្សាយ និងចែកចាយព័ត៌មានអវិជ្ជមាន ដែលធ្វើឱ្យប៉ះពាល់ដល់ពុទ្ធសាសនានិងសង្គមជាតិ។

សេចក្តីណែនាំស្តីពីវិធានការទប់ស្កាត់ការផ្សព្វផ្សាយ និងការចែកចាយព័ត៌មាន អវិជ្ជមានរបស់ព្រះសង្ឃបព្វជិតពុទ្ធសាសនាចុះថ្ងៃទី ១ខែ វិច្ឆិកា បានលើកឡើងថា ក្នុងបរិការណ៍ដែលប្រជាពុទ្ធបរិស័ទខ្មែរ បាននិងកំពុងគោរពប្រតិបត្តិដោយយកចិត្តទុកដាក់ខ្ពស់ ក្នុងការចូលរួមថែរក្សា ការពារ និងអភិរក្ស ព្រមទាំងលើកកម្ពស់វិស័យពុទ្ធសាសនា ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា មាត្រា៤៣ ថា «ពុទ្ធសាសនាជាសាសនារបស់រដ្ឋ»។

ទន្ទឹមនឹងវឌ្ឍនភាព នៃប្រព័ន្ធបច្ចេកវិទ្យាទំនើបនាពេលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន គណៈសង្ឃនាយកកម្ពុជា បានសង្កេតឃើញថា ព្រះសង្ឃបព្វជិតពុទ្ធសាសនាមួយចំនួន កំពុងតែយកបណ្តាញទំនាក់ទំនងសង្គមដូចជា ហ្វេសប៊ុក កិតតុក យូធូប គេហទំព័រជាដើម ដើម្បីផ្សព្វផ្សាយ និងចែកចាយរូបភាព សារជាអក្សរ សំឡេង និងវីដេអូប្រាសចាកក្រមសីលធម៌ វិន័យសង្ឃនិងច្បាប់រដ្ឋ។ ព្រមទាំងបានធ្វើការវាយប្រហារ ដៀមដាមពីបុគ្គលម្ខាងទៅបុគ្គលម្ខាងទៀត ដែលកំពុងប្រណិប័តន៍ អនុវត្តជំនឿនិងរក្សាប្រពៃណីទំនៀម ទម្លាប់ខ្មែរពីបុរាណរៀងមក។

គណៈសង្ឃ សង្កត់ធ្ងន់ថា៖« ការណីនេះ ជាហេតុបច្ច័យបង្កឱ្យមានផលប៉ះពាល់ដល់តម្លៃពុទ្ធសាសនា តម្លៃ ព្រះសង្ឃទូទៅ ទំនៀមទម្លាប់ប្រពៃណី អត្តសញ្ញាណនិងកិត្យានុភាពជាតិខ្មែរ ពុំអាចទទួលយកបានឡើយ»។

ហេតុនេះ ដើម្បីចៀសវាងនូវផលប៉ះពាល់និងឥទ្ធិពលអាក្រក់ ដល់តម្លៃពុទ្ធសាសនា ប្រពៃណីទំនៀមទម្លាប់ សីលធម៌សង្គម គណៈសង្ឃ សូមធ្វើការណែនាំដល់ព្រះសង្ឃបព្វជិតពុទ្ធសាសនាមួយចំនួន តូច ដែលកំពុងស្ថិតក្នុងស្ថានភាពប្រាសចាកវិន័យសីលធម៌ ហើយប្រើប្រាស់បណ្តាញសង្គម បញ្ឈប់នូវរាល់ ការផ្សព្វផ្សាយ និងចែកចាយព័ត៌មានអវិជ្ជមាន និងអកុសល ក្នុងនោះរួមមាន សារជាអក្សរ សារជាសំឡេង និងវីដេអូ ព្រមទាំងសារមានចរិតលក្ខណៈញុះញង់ បំបែកបំបាក់សាមគ្គីភាព ឱ្យខានតែបាន»។

ពាក់ព័ន្ធនឹងសេចក្តីណែនាំនេះ ប្រធានសមាគមអតីតអ្នកបួសខ្មែរ លោក ហឿន សំនៀង នៅថ្ងៃទី២ ខែវិច្ឆិកា បានថ្លែងគាំទ្រចំពោះការណែនាំនេះ ខណៈលោកថា គណៈសង្ឃគឺគ្រប់គ្រងព្រះសង្ឃជាង៦ម៉ឺនអង្គ។ ការចេញសេចក្តីណែនាំនេះ គឺជាការជួយពង្រឹងវិន័យសង្ឃ ក្រើនរំឭក និងតម្រង់ទិសដល់ ព្រះសង្ឃបព្វជិតពុទ្ធសាសនាឱ្យចេះប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមប្រកបដោយភាពត្រឹមត្រូវ កុំឱ្យប៉ះពាល់ និងខាតប្រយោជន៍ជាតិ។

លោកបន្តថា៖« កន្លងមកយើងឃើញថា ព្រះសង្ឃបព្វជិតពុទ្ធសាសនា មានវ័យក្មេង និងមានមួយចំនួនតូច បានធ្វើឱ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនា ហើយមិនត្រឹមតែព្រះសង្ឃក្មេងៗមួយចំនួនប្រើប្រាស់បណ្តាញសង្គមដែលជះឥទ្ធិពលដល់សង្គមនោះទេ ក្នុងនោះក៏មានប្រជាពលរដ្ឋមួយចំនួន ក៏បានធ្វើការចែកចាយរូបភាពអវិជ្ជមានពីព្រះពុទ្ធសាសនាដែរ។ ហេតុនេះខ្ញុំសូមសំណូមពរឱ្យមានការប្រើប្រាស់បណ្តាញសង្គមឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងផលប៉ះពាល់អវិជ្ជមានណាមួយដល់សង្គមជាតិ»។

ជាមួយគ្នានេះ គណៈសង្ឃនាយកកម្ពុជា ក៏បានណែនាំដល់ព្រះមេគណគ្រប់រាជធានី-ខេត្ត ព្រះគ្រូអនុគណគ្រប់ក្រុង-ស្រុក-ខណ្ឌនិងព្រះចៅអធិការគ្រប់វត្តអារាមធ្វើការណែនាំ ព្រះសង្ឃបព្វជិត ពុទ្ធសាសនាខ្មែរទាំងអស់ទូទាំងប្រទេស ដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ឱ្យផ្សព្វផ្សាយនិងចែក ចាយព័ត៌មាន តាមរយៈប្រព័ន្ធបច្ចេកវិទ្យាដូចជា សារជាសំឡេងសារជាអក្សរនិងសារជាវីដេអូប្រកបដោយ ការអប់រំ ឱ្យប្រព្រឹត្តល្អនិងការអប់រំសីលធម៌ សុជីវធម៌ ក្នុងផ្លូវវិជ្ជមានព្រមទាំងកុសលតែម៉្យាង សំដៅនាំមកនូវ ឧត្តមប្រយោជន៍ដល់ពុទ្ធសាសនានិងសង្គមជាតិផងដែរ។

គណៈសង្ឃ សង្ឃឹមថា បន្ទាប់ពីបានទទួលសេចក្ដីណែនាំនេះ ព្រះមេគណគ្រប់រាជធានី-ខេត្ត ព្រះគ្រូអនុគណគ្រប់ក្រុង-ស្រុក- ខណ្ឌនិងព្រះចៅអធិការគ្រប់វត្តអារាមទូទាំងប្រទេស សហការជាមួយមន្ទីរធម្មការ និងសាសនារាជធានី-ខេត្ត និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ អនុវត្តនូវខ្លឹមសារនៃសេចក្តីណែនាំនេះ ប្រកបដោយប្រសិទ្ធិភាពខ្ពស់បំផុត ៕ ដោយ៖ បូរ ពេជ្រហ្សាលីន

ads banner