យុទ្ធនាការភ្នំពេញស្អាតឆ្នាំ២០២៣នឹងបើកជាផ្លូវការនៅថ្ងៃទី៣វិច្ឆិកា
ភ្នំពេញ៖ យុទ្ធនាការភ្នំពេញស្អាតសម្រាប់ឆ្នាំ២០២៣ ជាផ្នែកមួយនៃគម្រោងស្អាត នឹងបើកជាផ្លូវការនៅថ្ងៃទី៣ ខែវិច្ឆិកានេះដើម្បីចូលរួមចំណែកក្នុងការគ្រប់គ្រងសំរាម ខណៈដែលអង្គការសង្រ្គោះកុមារ( Save the Children )កំពុងអនុវត្តគម្រោងមួយឱ្យកុមារមានការច្នៃប្រឌិតដើម្បីស្ទាក់សំរាមនៅក្នុងភូមិបណ្ដែតទឹករបស់ខ្លួន។
តាមរយៈយុទ្ធនាការភ្នំពេញស្អាតសម្រាប់ឆ្នាំ២០២៣ បានដាក់ចេញនូវគម្រោងផែនការសកម្មភាពចំនួនបួនធំៗ ក្រោមទិសស្លោក «សីលធម៌យើង ប្រពៃណីយើងថ្លាថ្លៃ» ដើម្បីចូលរួមចំណែកក្នុងការគ្រប់គ្រងសំរាមផ្ដើមពីរាជធានីភ្នំពេញ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គម្រោងស្អាត។
សេចក្ដីប្រកាសដដែលបានឱ្យដឹងទៀតថា ក្រោមទិសស្លោកថ្មីនេះ ផែនការសកម្មភាពទាំងនោះរួមមាន ទី១ ចិត្តខ្ញុំស្អាត ខ្មែរស្អាត ជាការធ្វើបទបង្ហាញដោយព្រះគ្រូ គូ សុភាព ជូនយុវជនប្រមាណ ១០០០នាក់ ក្នុងន័យបណ្ដុះការគិតល្អ ក្នុងនាមជាកូន ជាចៅ ជាបងប្អូន ជាញាត្តិមិត្ត ជាពលរដ្ឋល្អ យុវជនល្អ និងជាសិស្សល្អ។ ទី២ ការងារខ្ញុំស្អាត ខ្មែរស្អាត ជាកម្មវិធីជជែកពិភាក្សា បង្កើនភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ-កម្មការីនីរោងចក្រ ក្នុងគោលគំនិតបណ្ដុះការគិតល្អ ក្នុងនាមជាពលរដ្ឋល្អ បុគ្គលិកល្អ បង្កើនប្រសិទ្ធភាពការងារជាមួយបរិស្ថានស្អាត អនាម័យ។ ទី៣ ខ្ញុំទំពាំងស្អាត ខ្មែរស្អាត ជាកម្មវិធីបញ្រ្ជាបសារអប់រំតាមសាលារៀនដល់សិស្សានុសិស្សដើម្បីបន្ថែមការយល់ដឹងពីការទុកដាក់សំរាម។ ចំណែកសកម្មភាពទី៤ ធុរកិច្ចយើងស្អាត ខ្មែរស្អាត ជាកម្មវិធីបញ្ជ្រាបសារនៃយុទ្ធនាការភ្នំពេញស្អាតទៅកាន់ម្ចាស់អាជីវកម្ម ក្នុងគោលបំណងលើកកម្ពស់ថែរក្សាអនាម័យ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅក្នុងការិយាល័យធ្វើការផងដែរ។
ប្រភពដដែលបញ្ជាក់ថា៖ «គោលបំណងយុទ្ធនាការភ្នំពេញស្អាត គឺប្រមូលផ្ដុំតួអង្គពាក់ព័ន្ធ ហើយបង្កើតឱ្យមានសំឡេងតែមួយ ដើម្បីសម្រេចនូវចក្ខុវិស័យរួមគ្នា ពោលគឺភាពគំរូដែលផ្ដើមចេញពីយើងទាំងអស់គ្នា ក្នុងការចូលរួមចំណែកលើកកម្ពស់បរិស្ថានស្អាត ជាពិសេសបញ្រ្ជាបបញ្ហាប្រឈម និងខិតខំស្វែងរកដំណោះស្រាយរួមមួយស្ដីពីការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ទៅដល់សាធារណជនគ្រប់ស្រទាប់»។
បន្ថែមពីនេះ យុទ្ធនាការនេះ ក៏ជាការបំផុសឱ្យមានអ្នកចូលរួមពីមនុស្សគ្រប់គ្នា ក្នុងការថែទាំ និងការលើកកម្ពស់សោភ័ណភាពទីក្រុងឱ្យកាន់តែមានប្រសើរឡើង។
ដោយឡែក តាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គការ Save the Children ប្រចាំកម្ពុជា បានឱ្យដឹងនៅថ្ងៃទី២ ខែវិច្ឆិកាថា កុមាររស់នៅក្នុងសហគមន៍បណ្តែតទឹកភាគខាងជើងបឹងទន្លេសាបនៃប្រទេសកម្ពុជា កំពុងធ្វើសកម្មភាពក្នុងការបញ្ឈប់ការបំពុល និងកាកសំណល់ប្លាស្ទិក តាមរយៈគម្រោងរបាស្ទាក់សំរាមដ៏ច្នៃប្រឌិតរបស់អង្គការ Save the Children។
ប្រភពដដែលបានឱ្យដឹងទៀតថា គម្រោងរបាស្ទាក់សំរាមនេះ ត្រូវបានធ្វើឡើងពីដបប្លាស្ទិកទទេដែលប្រើប្រាស់រួច និងសំណាញ់ត្រីចាស់ៗដែលមានរាងស៊ីឡាំង ហើយការរចនារបានេះឡើង គឺដើម្បីការពារសំណល់រឹងមិនឱ្យហូរចូលទឹក ខណៈដែលប្លាស្ទិកប្រមាណ ១០លានថង់ត្រូវបានប្រើប្រាស់ជារៀងរាល់ថ្ងៃនៅទីក្រុងភ្នំពេញ ហើយភាគច្រើនប្លាស្ទិកទាំងនេះត្រូវបានបោះចោលទៅក្នុងផ្លូវទឹក។
អង្គការ Save the Children បានដកស្រង់សម្ដីរបស់កុមារី រតនា មានអាយុ ១៣ឆ្នាំ ដែលរស់នៅលើបឹងទន្លេសាប ហើយបានចូលរួមក្នុងគម្រោងរបាស្ទាក់សំរាមកាលពីឆ្នាំមុន។ រតនាបានថ្លែងថា៖ «របាស្ទាក់សំរាម មានសារៈសំខាន់ខ្លាំងណាស់ចំពោះបរិស្ថាន។ មានសំរាមច្រើន ប៉ុន្តែឆ្នាំនេះ មិនសូវមានច្រើនទេ។ ខ្ញុំពិតជាមានមោទនភាពណាស់ដែលបានឃើញប្រជាពលរដ្ឋបានសម្អាត និងកាត់បន្ថយការបំពុលផងដែរ»។
ជាមួយគ្នានេះ លោក ចន្ធូ មានអាយុ ៣៩ឆ្នាំ ជាគ្រូបង្រៀននៅសាលាបណ្តែតទឹកនៅទន្លេសាប បានកត់សម្គាល់ពីផលប៉ះពាល់នៃការបំពុលសំរាមដល់សុខភាពកុមារ។ លោកបានថ្លែងថា៖ «ពួកគេមិនអាចមករៀនបានទៀងទាត់ទេ ព្រោះពួកគេ ឈឺ និងក្តៅខ្លួន។ ទឹកនេះមានផ្ទុកមេរោគដែលអាចបណ្តាលឱ្យរលាកស្បែក។ ដូច្នេះវាក៏បានរំខានដល់ការសិក្សារបស់កុមារផងដែរ»។
ចំណែក លោក ហុង រស្មី នាយកប្រចាំប្រទេសកម្ពុជានៃអង្គការ Save the Children បានថ្លែងថា៖ «កុមារដែលរស់នៅលើបឹងទន្លេសាប ងាយរងគ្រោះ រួចហើយទៅនឹងការប្រែប្រួលអាកាសធាតុដែលបានកើតឡើង ដូចជាគ្រោះទឹកជំនន់ជាដើម។ វាជារឿងអយុត្តិធម៌ណាស់ដែលពួកគេត្រូវរស់នៅជាមួយកាកសំណល់ដែលកំពុងកើនឡើង ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់ពួកគេយ៉ាងខ្លាំង។ វាពិតជាអស្ចារ្យណាស់ដែលបានឃើញកុមារៗក្រោកឈរឡើង ដើម្បីខ្លួនពួកគេ និងបរិស្ថានរបស់ពួកគេ តាមរយៈការជម្រុញលើកទឹកចិត្តប្រជាជននៅទីនោះឱ្យឈប់បំពុលបឹង»។
បើតាមអង្គការ Save the Children បានអះអាងថា គម្រោងរបាស្ទាក់សំរាម ផ្តល់នូវដំណោះស្រាយដ៏សន្សំសំចៃ និងបរិស្ថាន ដូច្នេះសិស្សានុសិស្សត្រូវបានបង្រៀនពីរបៀបបង្កើតរបាស្ទាក់សំរាម ដោយប្រើសំណាញ់នេសាទចាស់ៗ និងដបទឹក ហើយលោកគ្រូ-អ្នកគ្រូ និងប្រជាជនមកពីសហគមន៍មូលដ្ឋាននេះ បានដាក់របាស្ទាក់សំរាមនៅជុំវិញបឹង ដើម្បីការពារកាកសំណល់មិនឱ្យហូរចូលទៅក្នុងសហគមន៍៕ ដោយ៖ ជា សុខនី


