សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញបំពាក់គ្រឿងឥស្សរិយយស ជូនសមាជិកព្រឹទ្ធសភា ចុងនីតិកាលទី៤

(ភ្នំពេញ)៖ សមាជិក សមាជិកាព្រឹទ្ធសភានីតិកាលទី៤ ចំនួន ៥៧នាក់ ត្រូវបានបំពាក់គ្រឿងឥស្សរិយយស ចំពោះការខិតខំបម្រើជាតិ ប្រជាពលរដ្ឋ និងរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឆ្ពោះទៅកាន់នីតិរដ្ឋ ។

ពិធីដ៏មានអត្ថន័យនោះ ប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា កម្ពុជា នាព្រឹកថ្ងៃអង្គារ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានព្រឹទ្ធសភា ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាប្រធានគណៈកម្មការរៀបចំគ្រឿងឥស្សរិយយសជូនសមាជិកព្រឹទ្ធសភា បានជម្រាបជូនអង្គពិធីថា ពិធីបំពាក់គ្រឿងឥស្សរិយយសនាឱកាសនេះ ជាការលើកទឹកចិត្ត និងជាការសម្តែងកតញ្ញូតាធម៌ជូនចំពោះសមាជិក សមាជិកាព្រឹទ្ធសភា ដែលបានខិតខំបង្កើតស្នាដៃធំៗ មានអត្ថន័យវិសេសវិសាល ហើយឆ្លុះបញ្ចាំងឲ្យឃើញនូវគុណបំណាច់ និងស្នាដៃដ៏ខ្ពង់ខ្ពស់របស់សមាជិក សមាជិកាព្រឹទ្ធសភា ក្នុងការបម្រើជាតិ ប្រជាពលរដ្ឋ និងរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឆ្ពោះទៅកាន់នីតិរដ្ឋ។

នៅនីតិកាលទី៤នេះ សមាជិក សមាជិកាព្រឹទ្ធសភា បានជំនះនិងពុះពារបំពេញភារកិច្ចរបស់ខ្លួនតាមមុខងារទាំងបីរបស់ព្រឹទ្ធសភា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រួមចំណែកក្នុងការបម្រើផលប្រយោជន៍ដល់ការគ្រប់គ្រងរដ្ឋ គ្រប់គ្រងសេដ្ឋកិច្ច និងគ្រប់គ្រងសង្គម ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការចាំបាច់នៃបទដ្ឋានគតិយុត្តិជាច្រើន សម្រាប់បម្រើដល់ការកសាងកម្ពុជា ជានីតិរដ្ឋ ព្រមទាំងតម្រូវការនៃការធ្វើសមាហរណកម្មកម្ពុជានៅក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិដែលធ្វើឲ្យសង្គមជាតិឈានឆ្ពោះទៅរកវឌ្ឍនភាពជាលំដាប់ ទោះបីត្រូវប្រឈមនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ យ៉ាងណាក្តី ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ បានគូសបញ្ជាក់ថា ការបំពាក់គ្រឿងឥស្សរិយយសនាពេលនេះ គឺជាការបំពាក់លើកទី២ នៃនីតិកាលទី៤ ហើយគ្រឿងឥស្សរិយយសដែលត្រូវបំពាក់ជូនថ្នាក់ដឹកនាំ និងសមាជិក សមាជិកាព្រឹទ្ធសភានាពេលនេះ គឺជាគ្រឿងឥស្សរិយយស ដែលចាត់ក្នុងចំណាត់ថ្នាក់ខ្ពង់ខ្ពស់បំផុតនៃប្រភេទគ្រឿងឥស្សរិយយសរបស់ជាតិ។

គ្រឿងឥស្សរិយយសដែលបំពាក់ជូនសមាជិកព្រឹទ្ធសភា នាពេលនោះ រួមមាន៖ ទី១-គ្រឿងឥស្សរិយយស មុនីសារភ័ណ្ឌ ថ្នាក់មហាសេនា ចំនួន០២ ទី២-គ្រឿងឥស្សរិយយស សម្តេចព្រះមហាក្សត្រីយានីព្រះស៊ីសុវត្ថិ មុនីវង្សកុសុមៈនារីរ័ត្ន ថ្នាក់មហាសេនា ចំនួន០៣ ទី៣-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា ចំនួន០៥ ទី៤-គ្រឿងឥស្សរិយយស សុវត្ថារា ថ្នាក់មហាសេរីវឌ្ឍន៍ ចំនួន១៤ ទី៥-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ ចំនួន០៥ ទី៦-គ្រឿងឥស្សរិយយស សម្តេចព្រះមហាក្សត្រីយានីព្រះស៊ីសុវត្ថិ មុនីវង្សកុសុមៈនារីរ័ត្ន ថ្នាក់មហាសេរីវឌ្ឍន៍ ចំនួន០៨ ទី៧-គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ ចំនូន១៧ ទី៨-គ្រឿងឥស្សរិយយស សុវត្ថារា ថ្នាក់មហាសេនា ចំនួន០១ ទី០៩-គ្រឿងឥស្សរិយយស ជាតូបការ ចំនួន០២ និងទី១០-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ធិបឌិន្ទ ចំនួន០២៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner