សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ផែនការទៅអនាគត គឺជាកិច្ចការ សំខាន់ ប៉ុន្តែយ៉ាងណាក៏ដោយ យើងក៏មិនអាចបំភ្លេចបាន នូវ កត្តាប្រវត្តិសាស្ត្រ
(ព្រះសីហនុ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ផែនការទៅអនាគត គឺជាកិច្ចការសំខាន់ ប៉ុន្តែយ៉ាងណាក៏ដោយ យើងក៏មិនអាចបំភ្លេចបាននូវកត្តាប្រវត្តិសាស្ត្រ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បែបនេះ ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតជាង ១ម៉ឺន៥ពាន់នាក់ នៅតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ខេត្ដព្រះសីហនុ នាព្រឹកថ្ងៃទី៧ ខែវិច្ជិកា ឆ្នាំ២០២៣ ។
សម្ដេចធិបតី បានលើកឡើងថា ផែនការទៅអនាគត គឺជាកិច្ចការសំខាន់ ប៉ុន្តែយ៉ាងណាក៏ដោយ យើងក៏មិនអាចបំភ្លេចបាននូវកត្តាប្រវត្តិសាស្ត្រ ដែលជាមេរៀនសម្រាប់ធ្វើការសិក្សាប្រៀបធៀប ពីព្រោះកន្លងទៅ កម្ពុជាយើង ធ្លាប់ជាប្រទេសដែលមានសង្គ្រាមពេញផ្ទៃប្រទេស មានការកាប់សម្លាប់ និងការបន្សល់ទុកគ្រាប់មីន គំនាបផ្នែកសេដ្ឋកិច្ច និងបញ្ហាប្រឈមជាច្រើនរាប់មិនអស់ ដែលជាការលំបាកបំផុតសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនផង និងដង្ហើមសេដ្ឋកិច្ចជាតិទាំងមូលផង ។

សម្ដេចបន្តថា នៅពេលនោះ យើងពឹងផ្អែកលើការនាំចូលស្ទើរទាំងស្រុង ប៉ុន្តែបច្ចុប្បន្នក្រោមម្លប់សន្តិភាព ស្ថិរភាព និងគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល បានធ្វើឱ្យយើងមានសមត្ថភាពម្ចាស់ការផលិតដោយខ្លួនឯង ហើយមានសមត្ថភាពផលិតទំនិញគុណភាពខ្ពស់ និងស្តង់ដារ ដើម្បីនាំចេញទៅក្រៅប្រទេស ផងដែរ បន្ទាប់ពីបានឆ្លងកាត់ការកែទម្រង់ជាច្រើនដំណាក់កាល ក្នុងនោះក៏មានការកែទម្រង់ទីផ្សារ ពីសេដ្ឋកិច្ចផែនការ មកជាសេដ្ឋកិច្ចទីផ្សារ ជាសក្ខីភាពស្រាប់ ។
សម្ដេចនាយករដ្ឋមន្ត្រី បានបន្ថែមថា ឈរលើមូលដ្ឋាន នៃការគិតគូរអំពីអត្ថប្រយោជន៍ និងការយកចិត្តទុកដាក់ដល់ប្រជាជនជាអាទិភាព រាជរដ្ឋាភិបាលបានចាត់ទុកការបង្កើតការងារ គឺជាការបង្កើតឆ្នាំងបាយ សម្រាប់ប្រជាជន ។ ជាក់ស្តែង ខេត្តព្រះសីហនុ ជាខេត្តដែលពោរពេញ ដោយសក្តានុពលក្នុងវិស័យការងារ ដើម្បីបង្កើតផលប្រយោជន៍ឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត ជូនប្រជាពលរដ្ឋ ដោយក្នុងនេះ ចាំបាច់ត្រូវធានាឱ្យបាននូវកត្តា ៣ យ៉ាង គឺ៖ ១. កត្តាសុខសន្តិភាព-ស្ថិរភាព, ២. កត្តាគោលនយោបាយត្រឹមត្រូវ ដូចជា គោលនយោបាយបញ្ចប់សង្គ្រាម គោលនយោបាយសេដ្ឋកិច្ចបើកចំហ និងគោលនយោបាយការទូតល្អ, និង ៣. កត្តាហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងធនធានមនុស្ស ។
សម្ដេចធិបតី ថា ដូចនេះ យើងទាំងអស់គ្នា ត្រូវបន្តរួមគ្នា ខិតខំថែរក្សាសមិទ្ធផលជំនាន់មុនឱ្យបានល្អប្រសើរ និងខិតខំបង្កើតថ្មីឱ្យកាន់តែប្រសើរ ហើយបន្តកេរដំណែល សម្រាប់កូនចៅជំនាន់ក្រោយៗទៀត ៕








អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ