បង្ក្រាបទីតាំងល្បែងជល់មាន់ ឃាត់ខ្លួន១៣នាក់ និងម៉ូតូ១៣គ្រឿង
ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្ដិ៍កាកាបទី២ រួមសហការជាមួយកម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ ដឹកនាំផ្ទាល់ដោយលោក ភា ប្រុស នាយប៉ុស្ដិ៍កាកាបទី២ បើកប្រតិបត្តិការបង្ក្រាបទីតាំងបនល្បែងស៊ីសងលួចជល់មាន់ ចំនួន២កន្លែងផ្សេងគ្នា នៅក្នុងសង្កាត់ត្រពាំងក្រសាំង និងសង្កាត់កាកាប២ ឃាត់ខ្លួនមនុស្សអ្នកញៀនល្បែងបានចំនួន១៣នាក់ មាន់ជល់ចំនួន៧ក្បាល ម៉ូតូចំនួន១៣គ្រឿង កាលពីម៉ោង១០និង៣០នាទីព្រឹក ផ្តើមនៅក្នុងភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង និងបន្តទៅបង្ក្រាប ទីតាំងមួយកន្លែងទៀត នៅក្នុងភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។
តាមលោក ភា ប្រុស នាយប៉ុស្ដិ៍នគរបាលកាកាបទី២ បានឲ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងល្បែងស៊ីសងជល់មាន់ ក្នុងមូលដ្ឋាននេះ ក្រោមបញ្ជាពីលោកអធិការខណ្ឌ កម្លាំងអន្តរាគមន៍ រួមសហការជាមួយកម្លាំងបណ្តាប៉ុស្តិ៍រដ្ឋបាល បានតាមដានស្រាវជ្រាវ បើកការបង្ក្រាបនៅចំណុចភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ឃាត់ខ្លួនអ្នកញៀនល្បែងបាន៤នាក់ មាន់គកចំនួន៣ក្បាល ម៉ូតូចំនួន៨គ្រឿង ហើយកម្លាំងបន្តទៅបង្ក្រាបចាប់មួយកន្លែងទៀត ក្នុងភូមិព្រៃសាលា សង្កាត់កាកាប២ ឃាត់ខ្លួនអ្នកញៀនល្បែងបាន៩នាក់ មាន់គកចំនួន៤ក្បាល ម៉ូតូចំនួន៥គ្រឿង។
ជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការ បង្ក្រាបទាំង២លើកបន្តបន្ទាប់ ឃាត់ខ្លួនមនុស្សសរុប១៣នាក់ មាន់គោកចំនួន៧ក្បាល ម៉ូតូចំនួន១៣គ្រឿង។ ក្រោយពីឃាត់ខ្លួន អ្នកលេងល្បែងខាងលើ រួមជាមួយវត្ថុតាង សមត្ថកិច្ចនាំទៅសាកសួរនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌបន្តតាមនីតិវិធី៕ធ.ដ




