Everton កំពុងចង់ទិញផ្តាច់ Zouma ពី Chelsea
ខ្សែការពារកណ្តាល Kurt Zouma របស់ក្លិបតោខៀវ Chelsea កំពុងក្លាយជាគោលដៅរបស់ក្លិប Everton ក្នុងការទិញផ្តាច់ បន្ទាប់ពីបានខ្ចីជើង១រដូវកាលមុនមក។ មិនត្រឹមតែខាងក្លិប Everton ចង់ទិញយកនោះទេ សូម្បីសាមីកីឡាករផ្ទាល់ ក៏ប្រហែលជាមានចេតនាចង់ចាកចេញពី Stamford Bridge ទៅទីនោះផងដែរ ដើម្បីធានាកៅអីជម្រើសដំបូងរបស់រូបគេ ខណៈរដូវកាលមុនត្រូវបានខ្ចីជើង១រដូវកាល បានបង្ហាញខ្លួនសរុបរហូតដល់៣៦លើកឯណោះ។
តែពេលនេះអ្នកចាត់ការទូទៅថ្មីរបស់ក្លិប Chelsea លោក Frank Lampard បានលើកឡើងថា៖ ខ្ញុំចង់ឲ្យរូបគេ (Zouma) ស្នាក់នៅទីនេះ។ ពួកយើងគឺត្រូវការប្រកួតប្រជែងក្នុងតំបន់ខ្សែការពារនេះ ដែលសមាជិកក្នុងតំណែងនេះត្រូវតែប្រជែងគ្នាក្នុងនាមជាក្រុមមួយ។ ខ្ញុំដឹងថា Zouma បានមានរដូវកាលមួយដ៏ល្អជាមួយ Everton ដូច្នេះបានជាគេចង់ទៅទីនោះ។
តែគេគឺជាកីឡាករ Chelsea ដូច្នេះគឺខ្ញុំចង់ឲ្យគេនៅជួយពួកយើង។ គួរឲ្យដឹងថា បច្ចុប្បន្ននៅតំបន់ខ្សែការពារកណ្តាលរបស់ក្លិបជើងឯក Europa League នេះរួមមានខ្សែការពារល្អៗជាច្រើនរូបដូចជា David Luiz, Andreas Christensen និង Antonio Rudiger ជាដើម៕ធ.ដ


