ប្រមុខការទូតសហរដ្ឋអាម៉េរិក និងតួកគី ជជែកគ្នាតាមទូរសព្ទស្តីពីការទិញប្រព័ន្ធ S-400 របស់រុស្ស៊ី និងវិបត្តិនៅស៊ីរី

សហរដ្ឋអាម៉េរិក៖ រដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ និងសមភាគីតួកគី លោក ម៉េវលូត ខាវ៊ូសូគ្លូ បានធ្វើការពិភាក្សាគ្នាមួយដោយផ្តោតសំខាន់លើការបញ្ជាទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 របស់រុស្ស៊ីពីសំណាក់ទីក្រុងអង់ការ៉ា និងបញ្ហាសន្តិសុខនៅតាមព្រំដែនតួកគី-ស៊ីរី ក្នុងអំឡុងកិច្ចសន្ទនាគ្នាតាមប្រព័ន្ធទូរសព្ទកាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ (ម៉ោងក្នុងតំបន់)។

អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកលោកស្រី ម័រហ្គេន អ៊តតាហ្គាស់ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាឱកាសជជែកគ្នាតាមទូរសព្ទនេះ លោក ប៉ុមប៉េអូ បានធ្វើការអះអាងជាថ្មីទៅកាន់លោក ខាវ៊ូសូគ្លូ អំពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាម៉េរិក ទាក់ទិននឹងការព្រួយបារម្ភអំពីសន្តិសុខកងកម្លាំងតួកគី នៅតាមព្រំដែនរវាងតួកគី និងស៊ីរី។ លោក ប៉ុមប៉េអូ ក៏បានរំលឹកឡើងវិញផងដែរនូវកាតព្វកិច្ចរបស់អាម៉េរិក ក្នុងការធានាការពារដៃគូក្នុងតំបន់ ដែលធ្វើការជាមួយអាម៉េរិកនៅក្នុងយុទ្ធនាការប្រឆាំងនឹងក្រុមភេវរកររដ្ឋអ៊ីស្លាម ពោលគឺចង់សំដៅលើការការពារកងកម្លាំងឃឺដ។

កិច្ចពិភាក្សារបស់ប្រមុខការទូតទាំងពីរខាងលើនេះ ត្រូវបានធ្វើឡើងស្របពេលទីប្រឹក្សារបស់ប្រធានាធិបតីអាម៉េរិកមួយរូបបានលើកឡើងថា ការសម្រេចចិត្តទិញប្រព័ន្ធមីស៊ីលរុស្ស៊ី S-400 ពីសំណាក់តួកគី គឺជារឿងមិនអាចទទួលយកបាន ហើយវានឹងបំផ្លាញដល់ទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិក និងតួកគី ជាពិសេសគំរាមកហែងដល់ស្ថេរភាពអង្គការ NATO៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner