អង្គការ NASA បង្ហើបពីដំណើរការផលិតយាន Orion ដែលនឹងត្រូវបាញ់ទៅព្រះចន្ទ នៅឆ្នាំ២០២៤ខាងមុខនេះ
សហរដ្ឋអាម៉េរិក៖ ទីភ្នាក់ងារអវកាសអាម៉េរិក NASA និងសេតវិមាន ក្នុងឱកាសខួបទី៥០ឆ្នាំនៃការចុះជាន់លើឋានព្រះចន្ទរបស់បេសកកម្ម Apollo 11 បានធ្វើការប្រកាសឲ្យដឹងពីស្ថានភាពនៃការអភិវឌ្ឍយានអវកាស អូរ៉ាយអន (Orion) ដែលនឹងប្រើសម្រាប់នាំយកមនុស្សឡើងទៅកាន់ព្រះចន្ទជាថ្មីម្តងនៅឆ្នាំ២០២៤។
កាលពីថ្ងៃទី២០ ខែកក្កដានេះ (ម៉ោងក្នុងតំបន់) ដែលជាពេលយាន អ៊ីហ្គល បានចុះចតលើផ្ទៃព្រះចន្ទដោយជោគជ័យកាលពី៥០ឆ្នាំមុននោះ អនុប្រធានធិបតីអាម៉េរិកលោក ម៉ៃ ភែន បានថ្លែងថា ដំណើរការរៀបចំដំឡើងយានអវកាស អូរ៉ាយអន នាពេលនេះ គឺត្រូវបានបញ្ចប់ជាស្ថាពរហើយ និងកំពុងត្រៀមសម្រាប់ការធ្វើតេស្តសាកល្បងចុងក្រោយ ដើម្បីឆ្ពោះទៅរកការហោះហើរជាលើកដំបូង។
សម្រាប់គម្រោងបញ្ជូនអវកាសយានិកជាថ្មីម្តងទៀត ឡើងឆ្ពោះទៅព្រះចន្ទនៅឆ្នាំ២០២៤ខាងមុខរបស់ NASA គឺមិនមែនគ្រាន់តែដើម្បីបន្សល់ទុកដានជើងដូចមុននោះឡើយ ដោយសហរដ្ឋអាម៉េរិក និងប្រទេសជាដៃគូ នឹងយកព្រះចន្ទជាស្ថានីយឈប់សំចត (Transit) ដើម្បីត្រៀមខ្លួនឆ្ពោះទៅកាន់ទីឋានផ្សេងៗទៀត ជាពិសេសគឺភពព្រះអង្គារ៕ធ.ដ




