ម្ចាស់ទីតាំងសត្តឃាតឆ្កែនៅវៀតណាម សម្រេចចិត្តឈប់ជួញដូរ ហើយដោះលែងកូនឆ្កែ ឲ្យមានសេរីភាពវិញ
ហាណូយ៖ សត្វឆ្កែជាង ៤០ ក្បាល រួមទាំងកូនឆ្កែតូចៗ អាយុបាន១០ថ្ងៃ ត្រូវបានដោះលែង ពីកន្លែងសម្លាប់សត្វឆ្កែមួយកន្លែង ក្នុងប្រទេសវៀតណាម បន្ទាប់ពីម្ចាស់ទីតាំងនេះបានសម្រេចចិត្ត ឈប់ជួញដូរសាច់សត្វឆ្កែ។
បើតាមការប៉ាន់ស្មាន សត្វឆ្កែ ចំនួន៥លានក្បាលត្រូវបានសម្លាប់ ធ្វើជាសាច់ទទួលទាន ជារៀងរាល់ឆ្នាំ នៅក្នុងប្រទេសវៀតណាម ដោយអ្នកខ្លះជឿថា ការបរិភោគសាច់សត្វប្រភេទនេះ ជួយបណ្តេញសំណាងអាក្រក់ ខណៈដែលអ្នកផ្សេងទៀតចាត់ទុក សាច់សត្វឆ្កែ ជាអាហារឆ្ងាញ់។

ប៉ុន្តែអាកប្បកិរិយាចំពោះការបរិភោគសាច់ឆ្កែកំពុងផ្លាស់ប្តូរ បន្តិចម្តងៗ ជាពិសេស នៅក្នុងទីក្រុង ដោយសារសត្វនេះត្រូវបានរក្សាទុក ជាសត្វចិញ្ចឹម កាន់តែខ្លាំងឡើង នៅប្រទេសវៀតណាម។
លោក Kieu Viet Hung ដែលប្រកបរបរជួញដូរសាច់សត្វឆ្កែ អស់រយៈពេល ៧ឆ្នាំមកហើយ កាលពីថ្ងៃសុក្រ សប្តាហ៍មុន បានប្រគល់សត្វឆ្កែ ចំនួន៤៤ ក្បាល ទៅឲ្យទទួលបានការថែទាំ ធ្វើជាសត្វចិញ្ចឹម នៅទីជម្រកថ្មី។

លោក Hung អាយុ ៣៩ ឆ្នាំបានប្រាប់ AFP នៅឯទីតាំងសត្តឃាតឆ្កែ នៅទីក្រុង Thai Nguyen ភាគខាងជើង ទីក្រុងហាណូយថា «នៅពេលដែលខ្ញុំនឹកឃើញ កាលពីពេលខ្ញុំធ្លាប់សម្លាប់ពួកវា ខ្ញុំមានអារម្មណ៍ថា សោកស្តាយ ចំពោះរឿងនេះ»។
លោក Hung បានសម្លាប់សត្វឆ្កែរហូតដល់ ២០០០០ ក្បាល ក្នុងរយៈពេល ៧ ឆ្នាំចុងក្រោយនេះ។ ភាគច្រើន ដោយភាគច្រើន គាត់ទិញសត្វទាំងនេះ ពីគ្រួសារជនបទ ដែលចិញ្ចឹមកូនឆ្កែ នៅតាមផ្ទះ។ កូនឆ្កែប្រហែល ៥០ក្បាល ជារៀងរាល់ មួយ ឬពីរខែ ត្រូវបានលក់ឲ្យគាត់ យកទៅរក្សាទុក ក្នុងទ្រុងដ៏កខ្វក់ ក្នុងរយៈពេលជាច្រើនសប្តាហ៍ ឬច្រើនខែ មុនពេលសម្លាប់ នេះបើយោងតាមអង្គការ Humane Society International (HSI) ដែលជាអង្គការសប្បុរសធម៌មួយ ក្នុងចំណោមអង្គការសប្បុរសធម៌ជាច្រើនដែលកំពុងព្យាយាមបញ្ចប់ការជួញដូរសាច់ឆ្កែ នៅវៀតណាម។

លោក Kieu Viet Hung បានប្តូរមុខរបររបស់លោក មកលក់អេតចាយ និងលក់ជីវិញ ក្រោយពេលឈប់ជួញដូរសាច់សត្វឆ្កែ។ យ៉ាងណាមិញ ពុំមានការពន្យល់បកស្រាយលម្អិត ថាតើអ្វីជាមូលហេតុ ដែលនាំឲ្យបុរសរូបនេះ ឈប់ធ្វើរឿងនេះទេ គ្រាន់តែគេដឹងថា អាជ្ញាធរវៀតណាមបានជំរុញឲ្យឈប់ជួញដូរ ប៉ុន្តែ អាជីវកម្មនេះ នៅតែបន្តធ្វើ៕


ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត