នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ៖ គ្មានសាំង គ្មានបទឈប់បាញ់ បើចំណាប់ខ្មាំងមិនត្រូវបានដោះលែង

ហ្ស៊េរុយសាឡិម៖ នាយករដ្ឋមន្ត្រីប្រទេសអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា «គ្មានសាំង គ្មានបទឈប់បាញ់ ប្រសិនបើចំណាប់ខ្មាំងមិនត្រូវបានដោះលែងនោះ»។

នៅក្នុងសេចក្តីថ្លែងការណ៍ តាមទូរទស្សន៍ កាលពីថ្ងៃអង្គារ សប្តាហ៍នេះ នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអែល លោក បេនចាមីន ណេតានយ៉ាហូ (Benjamin Netanyahu) បាននិយាយថា «នឹងមិនមានការនាំចូលប្រេងសាំងទេ ហើយក៏គ្មានបទឈប់បាញ់ ដោយគ្មានការដោះលែងចំណាប់ខ្មាំងរបស់យើង» ។

ការលើកឡើងរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ទាមទារឲ្យដោះលែងចំណាប់ខ្មាំង ជាថ្នូរនឹងការបើកច្រកសម្រាប់ប្រេងសាំង និងបទឈប់បាញ់នេះ បានកើតឡើង ស្របពេលមានការអំពាវនាវជាអន្តរជាតិកាន់តែខ្លាំងឡើង សម្រាប់បទឈប់បាញ់ ឬ ផ្អាកការប្រយុទ្ធ ខណៈជម្លោះឈានចូលដល់ខែទីពីរហើយនោះ។ ប្រេងសាំងកំពុងប្រឈមនឹងការគ្មានប្រើប្រាស់ នៅហ្គាហ្សា ដោយសារតែបិទខ្ទប់របស់អ៊ីស្រាអែល ជាមួយនឹងស្បៀងអាហារ ទឹក ជាដើម ហើយគេដឹងថា ប្រេងសាំង គឺចាំបាច់ខ្លាំង សម្រាប់ជំរុំភៀសខ្លួន ដែលត្រូវការអគ្គិសនី តាមរយៈការបញ្ឆេះម៉ាស៊ីនភ្លើង។

គួរបញ្ជាក់ដែរថា គិតត្រឹមថ្ងៃទី៧ ខែវិច្ឆិកា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែល តាមរយៈការទម្លាក់គ្រាប់បែក ទៅលើតំបន់ហ្គាហ្សា ដែលគ្រប់គ្រងដោយពួកហាម៉ាសនោះ បានបណ្តាលស្លាប់មនុស្ស កើនដល់ ចំនួន១០៣០០នាក់ហើយ នេះបើតាមក្រសួងសុខាភិបាលហ្គាហ្សា៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner