សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

សូមរំលឹកថា យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណ:រដ្ឋមន្ត្រី នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ រាជរដ្ឋាភិបាល សម្រេចឯកភាពកែសម្រួលសមាសភាព គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ (គ.ក.ស.) ដើម្បីឱ្យសមស្របជាមួយបរិបទថ្មី នៃការងារកែទម្រង់រដ្ឋបាលសាធារណៈ ។

សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា ដើម្បីជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ សេចក្តីព្រាង ព្រះរាជក្រឹត្យថ្មីស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ (គ.ក.ស.) ត្រូវបានរៀបចំឡើងដោយមានការកែសម្រួលខ្លឹមសារមួយចំនួន ពីព្រះរាជក្រឹត្យចាស់ ដើម្បីឱ្យសមស្របជាមួយបរិបទថ្មី នៃការងារកែទម្រង់រដ្ឋបាលសាធារណៈ ។

ចំណុចសំខាន់ៗ ដែលបានកែសម្រួលគឺសមាសភាពរបស់ គ.ក.ស. ដោយមានបន្ថែមប្រធាន អនុគណៈកម្មាធិការទាំង៤ នៃ គ.ក.ស. និងតំណាងនៃគណៈអភិបាលរាជធានី ខេត្តទាំង២៥ ជាសមាជិក ព្រមទាំងកែសម្រួលអនុគណៈកម្មាធិការទាំង៤ នៃ គ.ក.ស. ដែលមានក្នុងព្រះរាជក្រឹត្យចាស់ ឱ្យសមស្របតាមប្រភេទនិងទំហំការងារ ដែលគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ត្រូវទទួលបន្ទុក ។

អនុគណៈកម្មាធិការទាំង ៤ នៃ គ.ក.ស. រួមមាន ៖ ១) អនុគណៈកម្មាធិការ បដិវត្តកម្មសេវាសាធារណៈ និងនវានុវត្តន៍, ២) អនុគណៈកម្មាធិការឧត្តមភាពសេវាសាធារណៈ, ៣) អនុគណៈកម្មាធិការគ្រប់គ្រងធនធានមនុស្ស ស្ថាប័ន និងបៀវត្ស និង ៤) អនុគណៈកម្មាធិការ កសាងសមត្ថភាពមន្ត្រី ។

ផ្អែកលើការរៀបចំថ្មីនេះ យន្តការស្ថាប័នទទួលបន្ទុកការងារកែទម្រង់ដែលនៅដោយឡែកៗពីគ្នា ដូចជាក្រុមការងារកែទម្រង់ប្រព័ន្ធបៀវត្ស និងក្រុមការងារវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ នឹងត្រូវរៀបចំបញ្ចូលក្នុងយន្តការស្ថាប័នដឹកនាំ និងសម្របសម្រួលការងារកែទម្រង់រដ្ឋបាលសាធារណៈ ដែលកំណត់ដោយសេចក្តីព្រាងព្រះរាជក្រឹត្យថ្មីនេះ។ សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ត្រូវបានរៀបចំឡើងចំនួន ២១មាត្រា ហើយត្រូវបានសម្រេចឯកភាពដោយអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner