ក្រសួងការងារ នឹងចុះអនុស្សរណៈជាមួយ​សមាគមចំនួន១៨ ដើម្បីជជែកពីឱកាសការងារ សម្រាប់សិស្សដែលនឹងត្រូវទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖នៅថ្ងៃទី១១ ខែវិច្ឆិកា ខាងមុខនេះ ក្រសួ​ងការងារនិងបណ្តុះបណ្តាលវិជ្ជា នឹងចុះអនុស្សរណៈយោគយល់ (MoU) ជាមួយ​តំណាងវិស័យឯកជនចំនួន ១៨ សមាគម ដើម្បី​ផ្ដល់ឱកាសហាត់កា​រ និងកម្មសិក្សាដល់សិស្ស ដែលនឹងចូលរៀនវគ្គបណ្តុះបណ្តាលនៅពេលខាងមុខ។

តំណាងវិស័យឯកជនចំនួន ១៨សមាគម រួមមានដូចជា៖ សភាពាណិជ្ជកម្មកម្ពុជា, សហព័ន្ធនិយោជក និងសមាគមពា​ណិជ្ជកម្មកម្ពុជា (CAMFEBA), សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ, សមាគមអ្នកសាងសង់កម្ពុជា, សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា, សមាគមទេសចរណ៍, សមាគមសណ្ឋាគារកម្ពជា, សហព័ន្ធចុង ភៅកម្ពជា, សមាគមភោជនីយដ្ឋានកម្ពុជា និង​សមាគមសហគ្រិនស្ត្រីកម្ពុជា….​ ជាដើម​។

​ ​ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានមានប្រសាសន៍​កាលពីថ្ងៃទី៧ ខែវិច្ឆិកានៅខេត្តព្រះសីហនុថា ​​ក្រសួងបានរៀបចំ និងធ្វើបច្ចុប្បន្នភាពក​ញ្ច​ប់សិក្សាផ្អែកលើសមត្ថភាពសម្រាប់មុខជំនាញទាំង ៣៨ ដែលមានម៉ូឌុល និងមេរៀនដែលផ្តោតខ្ពស់លើការធ្វើការងារតែម្ដ​ង ក្នុងនោះមានម៉ូឌុល ជំនាញទន់ ដែលនឹងធ្វើឱ្យសិស្សសិក្ខាកាមចេះធ្វើការងារជាក្រុមស្រឡាញ់ការងារ និងអាជីពរបស់ខ្លួ​ន។

លោកបាន​បន្តថា ​ក្រសួង​បានរៀបចំយន្តការ និងលក្ខខណ្ឌនៃការចុះឈ្មោះចូលរៀន តាមរយៈថ្នាល និងកម្មវិធីឌីជីថល សម្រាប់ការចុះឈ្មោះចូលរៀន ដែលផ្ដល់ភាពងាយស្រួល ឆាប់រហ័ស ទំនើប និងមានប្រសិទ្ធភាពខ្ពស់ និងកំណត់មុខស​ញ្ញា​អាទិភាព ដែលត្រូវទទួលបានប្រាក់ឧបត្ថម្ភនៅក្នុង​អំឡុងពេលបណ្តុះបណ្តាលបានច្បាស់លាស់។

ឯកឧត្តម ហេង សួរ មានប្រសាសន៍ថា៖ ​«ក្រុមការងារក្រសួងបានបង្កើតកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈវេនយប់ និងវេនចុងសប្ដាហ៍ថ្ងៃសៅរ៍-អាទិត្យ ដែលអាចផ្តល់ជម្រើស និងភាពបត់បែនដល់បងប្អូនកម្មករនិយោជិត អាចចូលរៀនបាន»។​

លោកស្រី កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី៨ ខែវិច្ឆិកា ​ថា សមាគមលោកស្រី​រីករាយក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបណ្តុះបណ្តាលធនធាននៅកម្ពុជា ប្រកបដោយគុណភាព ដើម្បីបំពេញសេ​ចក្តីត្រូវការនាពេលបច្ចុប្បន្ននេះ។យើងចង់រួមចំណែកធ្វើការងារនេះជាមួយរាជរដ្ឋាភិបាល ក្នុងការផ្តល់ឱកាសការងារ ឬការ​ហា​ត់ការដល់យុវជនរបស់យើង ដើម្បីឱ្យគាត់ទទួលបានបំនិនជីវិតមួយ យកទៅប្រើប្រាស់ចិញ្ចឹមជីវិតបាន។ ដូចដឹងស្រាប់ហើយ យើងរាល់ថ្ងៃនេះ មានការខ្វះខាតច្រើន លើធនធានមនុស្សជំនាញនេះ ។ដូច្នេះគោលដៅ​របស់រាជរដ្ឋាភិបាលនេះ ពិតជា​ល្អខ្លាំងណាស់សម្រាប់ស្ថានភាពនាពេលបច្ចុប្បន្ន»។

សូមជម្រាបថា កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ និង​កម្មករនិយោជិតចំនួនប្រមាណ ១,៥លាននាក់នេះ នឹងដាក់ឱ្យ​ដំណើរការនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រួមគ្នាជា​មួ​យនឹង​ការ​ប្រកាស​ដាក់ឱ្យអនុវត្តរបបសន្តិសុខ សង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តដល់បុគ្គលស្វ័យនិ​យោជន៍ និងអ្នកនៅ​ក្នុងបន្ទុកសមាជិក ប.ស.ស.ផងដែរ៕

ដោយ៖វណ្ណ សុជាតា

ads banner