មន្ត្រីកម្ពុជា ពីររូប បានទស្សនកិច្ចសិក្សាពីការរចនាផ្លូវថ្នល់នៅប្រទេសអូស្ដ្រាលី
ភ្នំពេញ៖មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនចំនួនពីរបានបំពេញទស្សនកិច្ចសិក្សានៅទីក្រុងប្រ៊ីសបេនប្រទេសអូស្ដ្រាលីរយៈពេលប្រាំថ្ងៃ(ថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី៣ ខែវិច្ឆិកា)ក្រោមការគាំទ្រដោយកម្មវិធីភាពជាដៃគូសម្រាប់វិស័យហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសអូស្ត្រាលី។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្ដ្រាលីប្រចាំកម្ពុជា កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣។
សេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា ទស្សនកិច្ចសិក្សានេះ ជាផ្នែកមួយនៃកិច្ចសហការរវាងទីភ្នាក់ងារដឹកជញ្ជូនអូស្ត្រាលី និងនូវែលសេឡង់ ហៅថា Austroads និងក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីធ្វើបច្ចុប្បន្នភាពស្ដង់ដារបច្ចេកទេសផ្លូវ និងស្ពាននៅប្រទេសកម្ពុជា និងដើម្បីពង្រឹងសមត្ថភាពក្នុងការរចនា និងសាងសង់កម្រាលផ្លូវ។

ក្រោមការរៀបចំរបស់ Austroads ដែលជាទីភ្នាក់ងារដឹកជញ្ជូនរួមរបស់អូស្ដ្រាលី និងនូវែលសេឡង់ មន្ត្រីកម្ពុជាពីររូបនេះគឺឯកឧត្តម យិត ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម ហេង រត្នពិសិដ្ឋ អគ្គនាយករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានចូលរួមក្នុងកម្មវិធីមួយចំនួន រួមទាំងបានចូលរួមក្នុងសន្និសីទអន្តរជាតិរបស់សមាគមផ្លូវថ្នល់អូស្ដ្រាលី និងព្រមទាំងដំណើរទស្សនកិច្ចនានាផងដែរ។
ប្រភពដដែលបានបន្តថា មន្ត្រីកម្ពុជាបានចូលរួមសន្និសីទអន្តរជាតិ ក្រោមប្រធានបទ «ការត្រួសត្រាយផ្លូវទៅកាន់កាបូនសូន្យដោយសុវត្ថិភាព» ខណៈដែលសន្និសីទនេះ ផ្ដោតលើការធានាឱ្យបាននូវផ្លូវដែលត្រូវបានសាងសង់ប្រកបដោយនិរន្តរភាព និងភាពធន់ ដោយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន បម្រែបម្រួលអាកាសធាតុ និងផលប៉ះពាល់ពីព្រឹត្តិការណ៍អាកាសធាតុ។
ទន្ទឹមគ្នានោះដែរ ប្រតិភូកម្ពុជា ក៏បានភ្ជាប់ទំនាក់ទំនងជាមួយអ្នកជំនាញផ្លូវថ្នល់មកពីជុំវិញពិភពលោក ផងដែរ រួមទាំងខាងរាជរដ្ឋាភិបាល វិស័យឯកជន និងស្ថាប័នសិក្សាស្រាវជ្រាវជាដើម។
លោក ចាស្ទីន វ៉ាយអេត ឯកអគ្គរដ្ឋទូតអូស្ដ្រាលីប្រចាំកម្ពុជា បានលើកឡើងតាមរយៈសេចក្ដីប្រកាសព័ត៌មាននេះថា ភាពជាដៃគូរវាងអូស្ដ្រាលី និងកម្ពុជា ទទួលស្គាល់ថាផ្លូវដែលត្រូវបានរចនាយ៉ាងល្អប្រកបដោយបរិយាបន្ន និងភាពធន់ ជាឆ្អឹងខ្នងនៃកំណើនសេដ្ឋកិច្ច ដែលតភ្ជាប់សហគមន៍ ព្រមទាំងជំរុញពាណិជ្ជកម្ម និងការអភិវឌ្ឍន៍។
លោកបានបញ្ជាក់ថា ៖ «ការវិនិយោគលើការរចនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងសមត្ថភាពរបស់ប្រទេសកម្ពុជា ជាមាគ៌ាមួយដើម្បីឈានទៅរកភាពរីកចម្រើន»។
លោក ចាស្ទីន វ៉ាយអេត បានបន្ថែមថា ចំពោះការសាងសង់ផ្លូវដែលបានរចនាឡើងយ៉ាងល្អ ក៏អាចទប់ទល់នឹងផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុបានកាន់តែល្អផងដែរ។

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី៨ ខែវិច្ឆិកាថា ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូកម្ពុជា បានចូលរួមសន្និសីទអន្តរជាតិ បានជួបជាមួយសមភាគីមកពីអាជ្ញាធរសាងសង់ឡើងវិញនៅរដ្ឋឃ្វីនលេន ហើយគណៈប្រតិភូក៏បានពិភាក្សាការងារពីការរចនាគម្រោង និងសាងសង់ផ្លូវថ្នល់ ព្រមទាំងបានទស្សនាកន្លែងធ្វើពិសោធន៍ផ្លូវថ្នល់ និងការដ្ឋានសាងសង់កែលម្អផ្លូវផងដែរ។
លោកបានបញ្ជាក់ថា ៖ «ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ គឺជាកត្តាជំរុញដ៏សំខាន់ដល់កំណើនពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់កម្ពុជា ហើយអូស្ត្រាលីក៏កំពុងវិនិយោគលើសមត្ថភាពក្នុងការរចនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់របស់កម្ពុជា ដើម្បីគាំទ្រដល់កម្ពុជាយើងឱ្យសម្រេចបាននូវតម្រូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ផងដែរ»។
យោងតាមសេចក្ដីប្រកាសរបស់ស្ថានទូតអូស្ដ្រាលីដដែល ភាគីអូស្ដ្រាលី និងកម្ពុជា គ្រោងមានផែនការបញ្ជូនមន្ត្រីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ទៅបំពេញកម្មសិក្សានៅក្រសួងដឹកជញ្ជូន និងផ្លូវធំនៅរដ្ឋឃ្វីនលេន ប្រទេសអូស្ដ្រាលី ឬហៅថា TMR នាពេលអនាគត៕

ដោយ៖ជា សុខនី