វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជានិងវិទ្យាស្ថានសិក្សាប្រទេសចិន និងអាស៊ីសហសម័យ​ ចុះអនុស្សរណៈសរសេរសៀវភៅរួមគ្នាស្តីពី «ទំនាក់ទំនងកម្ពុជា-រុស្ស៊ី​៖ អតីតកាល បច្ចុប្បន្នកាល និងអនាគតកាល»

អត្ថបទដោយ៖
CPA

​ភ្នំពេញ៖វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា(IRIC) នៃរាជបណ្ឌិត្យសភាកម្ពុជា (RAC) និងវិទ្យាស្ថានសិក្សាប្រទេសចិន និងអាស៊ីសហសម័យ (ICCA) នៃបណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ី (ICCA-RAS) បាន​ចុះហត្ថលេខាលើអនុស្សរណៈនៃការ​យោ​គយល់គ្នាមួយ (MoU) ដើម្បី​រៀបចំគម្រោងសរសេរសៀវភៅរួមគ្នាមួយស្តីពី «ទំនាក់ទំនងកម្ពុជា-រុស្ស៊ី៖ អតីតកាលបច្ចុប្បន្នកាល និងអនាគតកាល»។

បណ្ឌិត គិន ភា វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ឱ្យដឹងនៅ​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ២០២៣ថា​ ពិ​ធីចុះហត្ថលេខាលើអនុស្សរណៈនេះ ​បានធ្វើឡើងកាលពី​ថ្ងៃទី​៦ ខែវិច្ឆិកា រវាងលោក​ និងលោក វ្ល៉ាឌីមៀ ម៉ាហ្សីរិន (Vladimir Mazyrin)ប្រធានមជ្ឈមណ្ឌលសិក្សាវៀតណាម និងអាស៊ាន នៃវិទ្យាស្ថានសិក្សាប្រទេសចិន និងអាស៊ីសហសម័យ (ICCA) នៃបណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ី (ICCA-RAS) បន្ទាប់ពីមានជំនួបពិភាក្សានៃភាគីទាំងពីររួចមក​។ 

បណ្ឌិតបាន​ឱ្យដឹងថា ​បន្ទាប់ពីជំនួបពិភាក្សារួច​មក​ ភាគីទាំងពីរបានឈានដល់​ចុះហត្ថលេខាលើអនុស្សរណៈ​យោគយល់គ្នា នេះ ដែលជាកិច្ចចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការ ភាគីទាំងពីរបានឯកភាពថា​នឹងរៀបចំគម្រោងសរសេរសៀវភៅរួមគ្នា ស្តីពី «ទំនាក់ទំនងកម្ពុជារុស្ស៊ី៖ អតីតកាល បច្ចុប្បន្នកាល និងអនាគតកាល»។

​លោកបណ្ឌិតបានពន្យល់បន្ថែមថា ៖ «ក្នុងវិស័យសិក្សាស្រាវជ្រាវរវាងប្រទេសកម្ពុជា និងប្រទេសរុស្ស៊ី រាជបណ្ឌិត្យសភាកម្ពុជា មានទំនាក់ទំនង និងធ្លាប់បានចុះ​អនុស្សរណៈរវាងរាជបណ្ឌិត្យសភាកម្ពុជា ជាមួយនឹងបណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ី ដែល​តាមរយៈអនុស្សារណៈនោះ​ យើង​បានមានទំនាក់ទំនងមួយចំនួនដូចជា ផ្លាស់ប្តូរអ្នកស្រាវជ្រាវ ការអញ្ជើញវាគ្មិនរប​ស់កម្ពុជាទៅកាន់ប្រទេសរុស្ស៊ី  និងការអញ្ជើញវាគ្មិនរុស្ស៊ីមកកាន់កម្ពុជាជាដើម»។

លោកបានបន្តថា ៖ «នេះ​គឺជាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរាជបណ្ឌិត្យសភាកម្ពុជា ជាមួយនឹង​បណ្ឌិតវិទ្យាសា​ស្ត្ររុស្ស៊ី​។ និយាយដោយឡែកទំនាក់ទំនង រវាងវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា​របស់ខ្ញុំ ជាមួយវិទ្យាស្ថានសិក្សាប្រទេសចិន និងអាស៊ីសហសម័យ (ICCA)នេះ គឺយើងបានចាប់ផ្តើមចុះអនុស្សរណៈជាចំណុចចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការ លើ​វិស័យសិក្សាស្រាវជា្រវរវាងវិទ្យាស្ថានទាំងពីរ»។​

បើតាមបណ្ឌិត គិន ភា  វិទ្យាស្ថានទាំងពីរនេះចង់ឱ្យមានការចុះកិច្ចព្រមព្រៀង និងចុះអនុស្សារណៈ​យោគយល់គ្នានៅ​ក្នុងដំណាក់កាលនៃការរីករាលនៃជំងឺកូវីដ១៩មកម្លេះ ប៉ុន្តែ​ក្នុងអំឡុងពេលនោះ មិនអាចធ្វើបាន ទើបតែកាលពីថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ​ ភាគីទាំងពីរបានចុះហត្ថលេខា​នេះ​ ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការផ្តោតលើការសិក្សាស្រាវជ្រាវរួមគ្នា ការរៀបចំវេទិកាវិទ្យាសាស្ត្ររួមគ្នា ការបោះពុម្ភផ្សាយរួមគ្នា និងការផ្លាស់ប្តូរឯកសារតាមរយៈការស្រា​វជ្រាវ រួមគ្នារវាងស្ថាប័នទាំងពីរ។

បណ្ឌិត គិន ភា ថ្លែងថា ៖ «ក្នុងកិច្ចពិភាក្សារបស់ខ្ញុំជាមួយសមភាគីរុស្ស៊ី​កាលពីថ្ងៃទី ៦​ ខែវិច្ឆិកា គឺយើងបានឯកភាពគ្នាដើម្បីរៀបចំសរ​សេរសៀវភៅទំនាក់ទំនងកម្ពុជារុស្ស៊ី ពីអតីតកាល បច្ចុប្បន្ន និងអនាគត។ ខ្ញុំគិតថា គម្រោងនេះសំខាន់ វាអាចផ្តល់នូវឯ​កសារដែលមានលក្ខណៈវិទ្យាសាស្ត្រមួយសម្រាប់រដ្ឋាភិបាលនៃប្រទេសទាំងពីរ និងអ្នកសិក្សាស្រាវជ្រាវ ទាំងនៅក្នុងប្រទេ​ស​កម្ពុជា ប្រទេសរុស្ស៊ី ក៏ដូចជាអ្នកសិក្សាស្រាវជ្រាវនៅក្នុងតំបន់ និងពិភពលោក ​ស្វែងយល់ឱ្យស៊ីជម្រៅនៃទំនាក់ទំនងនៃប្រ​ទេសទាំងពីរផងដែរ​»។

លោកបន្ថែមទៀតថា ៖ «យើងធ្វើការឆ្លុះបញ្ចាំងនូវ​អ្វីដែលបានកើតឡើងពីអតីតកាល … បច្ចុប្បន្ននេះ​បានមកដល់ទីតាំងណាហើយ ហើយទៅអនាគត ទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ី​​នៅតែរក្សាបាននូវភាពរឹងមាំងល្អ..ឬយ៉ាងណា? ហើយនៅមានអ្វីដែលជាឧបសគ្គ និងដំណោះស្រាយ ដើម្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ»។

ជាមួយគ្នានេះ បណ្ឌិត គិន ភា បានចាត់ទុកសៀវភៅដែលគ្រោងសរសេររួមគ្នាននេះ មានសារៈសំខាន់ ខណៈភាគីទាំងពីរមា​នការប្តេជ្ញាចិត្ត​ជំរុញឱ្យមានការបោះពុម្ភឱ្យបាននៅក្នុងរយៈពេលបីឆ្នាំខាងមុខ​ ដើម្បីឱ្យក្លាយទៅជាវិទ្យាសាស្ត្រមួយដែ​លកើតចេញពីស្នាដៃរួមគ្នា រវាង​ស្ថាប័នទាំងពីរ និង​ជានិមិត្តរូបនៃចំណង​ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ លើវិស័យសិ​ក្សា​ស្រាវជ្រាវ និងវិទ្យាសាស្ត្រ រវាប្រទេសទាំងពីរ និងស្ថាប័នទាំងពីរផងដែរ​។

ប្រធាន​វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា (IRIC) នៃរាជបណ្ឌិត្យសភាកម្ពុជា (RAC)រូបនេះ សង្ឃឹមផងដែរ​​ថា​ ក្រៅពី​​គម្រោងបោះពុម្ភផ្សាយសៀវភៅរួមគ្នានេះហើយ​ ភាគីទាំងពីរ ក៏នឹងមានការផ្លាស់ប្តូរអ្នកសិក្សាស្រាវជ្រាវរវាងស្ថាប័នទាំងពីរបន្ថែមទៀតនៅពេលអនាគត ស្របទៅតាមគោលនយោបាយរបស់រដ្ឋាភិបា​ល និងស្របតាមថវិកាដែលស្ថាប័នទាំងពីរមា​នផងដែរ។ ជាមួយគ្នានេះភាគីទាំងពីរអាចនឹងពិនិត្យលទ្ធភាពឈានទៅរៀបចំនូវវេទិកាវិទ្យាសាស្ត្ររវាងស្ថាបន័ទាំងពីរនៅ​ពេលអនាគតទៀត​ផងដែរ៕

ដោយ៖គឹម យុត្ថារ៉ូ

ads banner