រដ្ឋបាលខេត្តកំពង់ធំ ប្រារព្ធពិធីអបអរសាទរខួប អនុស្សាវរីយ៍ លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ
(កំពង់ធំ)៖ ដើម្បីចូលរួមអបអរសាទរ ចំពោះទិវាជាប្រវតិ្តសាស្រ្ត ដែលកម្លាំង មហាសាមគ្គីជាតិខ្មែរទាំងមូល ដណ្តើមបានទាំងស្រុង នូវឯករាជ្យជាតិដ៏ពេញបរិបូរណ៍ ពីអាណានិគមនិយមបារាំងនាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អភិបាលក្រុង/ស្រុក មន្ទីរជុំវិញខេត្ត មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សានុសិស្សជា ច្រើន នាក់ បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិ វាបុណ្យ ឯករាជ្យជាតិខួបលើកទី៧០ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៣) និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣ នៅបរិវេនវិមានឯករាជ្យខេត្តកំពង់ធំ។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម ងួន រតនៈ បានបញ្ជក់ថា ក្រោមព្រះរាជបូជនីកិច្ច និងព្រះរាជសកម្មភាពដ៍ឧត្តុង្គឧត្តម ក្នុងការទាមទារឯករាជ្យពីអាណានិគមនិយមបារាំង នាឆ្នាំ១៩៥៣ របស់ព្រះករុណាព្រះបាទ សម្តេច នរោត្តមសីហនុ ព្រះមហាវីរៈក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពដ៍ខ្ពង់ខ្ពស់ បានធ្វើឱ្យប្រជារាស្រ្តខ្មែរ គ្រប់ រូបតែងតែចងចាំ និងចារិកជាប់ជានិច្ចនៅក្នុងជីវិត នូវព្រះមហា ករុណាដឹងគុណ ប្រកបដោយព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅរបស់ ព្រះករុណាព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានបូជាព្រះកាយពល និងព្រះរាជបញ្ញាញាណ ដ៍ឈ្លាសវៃ ដើម្បីបុព្វហេតុឯករាជ្យជាតិបូរណភាពទឹកដី សេចក្តីសុខសាន្ត និងការអភិវឌ្ឍជូនជាតិមាតុភូមិ។

ឯកឧត្តមអភិបាលខេត្ត បន្តថា ទន្ទឹមនឹងបុណ្យខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ថ្ងៃនេះយើងទាំងអស់គ្នាក៍សូមចូលរួមអបអរសាទរទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣ ដ៍អង់អាចក្លាហាន របស់យើងដែលព្រះករុណាព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានបង្កើតឡើង ហើយដែលកន្លងមក ក៍ដូចជាបច្ចុប្បន្ន កំពុងតែបំពេញភារកិច្ចដ៏ឧត្តុងឧត្តម របស់ខ្លួន ក្នុងការថែរក្សា ការពារសេចក្តីសុខក្សេមក្សាន្តជូនប្រជាពលរដ្ឋ និងការពារបូរណភាពទឹកដីដែលជាមរតក ដ៍ពិសិដ្ឋពុំឱ្យអ្នកណា ឈ្លាន ពានបានឡើយ ។
បន្ទាប់មក គណអធិបតី និងអ្នកចូលរួមទាំងអស់ បានបង្ហោះប៉ោងៗ ជានិមិត្តរូប នៃសេចក្តីសុខសប្បាយ សេរីភាព និងការអភិវឌ្ឍលើ គ្រប់វិស័យ ៕



ដោយ ប៊ុន រដ្ឋា