ពិព័រណ៍ការងារ និងផលិតភាពជាតិនឹងរៀបចំឡើង ២ថ្ងៃចាប់ពីថ្ងៃ ទី១០-១១ ខែវិច្ឆិកា នៅអគារពិព័រណ៍កោះពេជ្រ
(ភ្នំពេញ)៖ឱកាសការងារ ជាង ២០ ០០០កន្លែង ពីក្រុមហ៊ុន រោងចក្រ និងសហគ្រាសធំៗ ១៥០ នឹងផ្តល់ដល់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើ នៅក្នុងមហាព្រឹត្តិការណ៍ការងារ ធំជាងគេប្រចាំឆ្នាំ គឺ”ពិព័រណ៍ការងារ និងផលិតភាពជាតិ” រយៈពេល ពីរថ្ងៃជាប់គ្នាគឺថ្ងៃទី១០-១១ ខែវិច្ឆិកា នៅអគារពិព័រណ៍កោះពេជ្រ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៨យប់។
ឱកាសការងារជាង ២ម៉ឺន កន្លែងនេះគឺមកពីវិស័យសំខាន់ៗដូចជា៖ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធានារ៉ាប់រង សេវាកម្មលក់ដុំ និងរាយ ទេសចរណ៍ និងបដិសណ្ឋារកិច្ចម្ហូបអាហារនិងភេសជ្ជៈ អចលនទ្រព្យនិងសំណង់ ទូរគមនាគមន៍និងបច្ចេកវិទ្យាព័ត៌មានវិទ្យា ឧស្សាហកម្មនិងកម្មន្តសាល ព្រមទាំងវិស័យសេវាកម្មផ្សេងៗ ជាដើម។ យុវជន សិស្ស និស្សិត និងអ្នកស្វែងរកការងារធ្វើទាំងអស់ អាចដាក់ពាក្យដោយផ្ទាល់ និងត្រូវបានសម្ភាសន៍ជ្រើសរើសភ្លាមៗ ដោយក្រុមហ៊ុន-សហគ្រាស ដែលចូលរួមតាំងបង្ហាញក្នុងបញ្ជរ ចំនួនជាង ១៨៨ ។

គួរបញ្ជាក់ថា ពិព័រណ៍នេះ ត្រូវបានរៀបចំឡើងដោយទីភ្នាក់ងារ ជាតិ មុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធ យុវជន កម្ពុជារាជធានី ភ្នំពេញ, សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែ កជើង និង ផលិតផល ធ្វើដំណើរនៅកម្ពុជា (TAFTAC), អង្គការអន្តរជាតិខាងការងារ (ILO), អង្គការភីផលអីននិត (People in Need Cambodia), ស្វីសខនថាក់ និងគាំទ្រដោយដៃគូពាក់ព័ន្ធជាច្រើនទៀត។
គោលបំណងសំខាន់ៗនៃការការៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣ នាពេលនេះ គឺដើម្បីបន្តរក្សាតុល្យភាពក្នុងទីផ្សារការងារតាមរយៈការជួយជ្រោមជ្រែងនិយោជកដែលមានតម្រូវការជ្រើសរើសកម្លាំងពលកម្ម និងអ្នកស្វែងរកការងារធ្វើ, បង្កើតឱ្យមានកន្លែងជួបជុំគ្នាដ៏ធំ និងងាយស្រួលរវាងអ្នកស្វែងរកការងារ និយោជក អ្នកផ្តល់ការអប់រំបណ្ដុះបណ្ដាល និងដៃគូពាក់ព័ន្ធនានា ដើម្បីធ្វើការផ្លាស់ប្ដូរ និងចែករំលែកព័ត៌មានទីផ្សារការងារ ហើយក៏មានការរៀបចំផងដែលនូវសិក្ខាសាលាផលិតភាពដើម្បីលើកកម្ពស់ការយល់ដឹងស្តីពីការបង្កើនផលិតភាពការងារដោយមានការចែករំលែកចំណេះដឹង និងបទពិសោធន៍ពីវាគ្មិនជំនាញជាច្រើន។
ក្រសួងការងារបានឱ្យដឹងថា ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៣ ក៏នឹងត្រូវរៀបចំតាមប្រព័ន្ធអនឡាញផងដែរ ដែលអ្នកស្វែងរកការងារធ្វើនៅទូទាំងប្រទេស អាចដាក់ពាក្យស្វែងរកការងារធ្វើតាមប្រព័ន្ធអនឡាញបានតាមរយៈ គេហទំព័រពិព័រណ៌ការងារ www.careerfair.nea.gov.kh៕


ដោយ៖ម៉ាដេប៉ូ