ព្រះមហាក្សត្រកោតសរសើរសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំរាជរដ្ឋាភិបាលដ៏ឆ្លាតវៃ

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលថា សុន្ទរកថាដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺមានអត្ថន័យ និងខ្លឹមសារជ្រាលជ្រៅណាស់ ដែលព្រះអង្គសូមអបអរសាទរ កោតសរសើរ និងគាំទ្រ ហើយសូមចាត់ទុកថា នេះគឺជាសារនយោបាយមួយមានលក្ខណៈគ្រប់ជ្រុងជ្រោយ ក្នុងការវាយតម្លៃពីសភាពការណ៍សង្គមជាតិយើង សភាពការណ៍អន្តរជាតិ ជាពិសេសលើវិស័យសេដ្ឋកិច្ច សង្គមកិច្ចក្នុងការអភិវឌ្ឍ កែប្រែមាតុភូមិកម្ពុជា និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សំដៅឈានទៅកាត់បន្ថយភាពក្រីក្រជាបន្តបន្ទាប់។

ព្រះរាជបន្ទូលព្រះមហាក្សត្រក្នុងពិធីមីទ្ទិញរំលឹកខួបទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ និងកំណើតកងយោធពលខេមរភូមិន្ទ នៅមុខព្រះបរមរាជវាំង ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

ព្រះមហាក្សត្រមានព្រះរាជបន្ទូលបន្តថា រយៈពេលកន្លងមកនេះ មាតុភូមិកម្ពុជា និងប្រជាពលរដ្ឋយើង មានការប្រែប្រួលមុខមាត់ ថ្មីគួរឱ្យកោតសរសើរ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំរាជរដ្ឋាភិបាលដ៏ឆ្លាតវៃ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយដ៏ត្រឹមត្រូវ ក្នុងការប្រតិបត្តិតាមមាគ៌ាដ៏ល្អប្រពៃ និងមរតកនយោបាយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាននាំមកនូវសុខសន្តិភាព សាមគ្គីភាព ឯកភាពជាតិ មានកិត្យានុភាពជាតិល្បីរន្ទឺលើឆាកអន្តរជាតិ។ យើងកំពុងតែសប្បាយរីករាយ និងទទួលផលជាវិជ្ជមានដែលផ្តើមចេញពីកម្លាំងកសាង និងការពារជាតិ មាតុភូមិ ប្រកបដោយសុខដុមរមនា របស់ជនរួមជាតិយើង។

នៅក្នុងឱកាសនេះ ព្រះមហាក្សត្របានអំពាវនាវបងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋាន សូមរួបរួមសាមគ្គីជាធ្លុងមួយស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋ ដើម្បីចូលរួមចំណែកការពារ និងកសាងមាតុភូមិលើគ្រប់វិស័យ។

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានមានព្រះរាជបន្ទូលបញ្ជាក់ថា តាមរយៈមីទ្ទិង យើងអាចសន្និដ្ឋានបានថា មាតុភូមិ និងប្រជាជនកម្ពុជាយើងពិតជានឹង ទទួលបានអនាគតភ្លឺស្វាងក្នុងក្តីសង្ឃឹមខ្ពស់ រស់នៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយដែលធានា បានឯកភាពជាតិដ៏រឹងមាំ។ ក្រោមទង់ដ៏ជាញជ័យនៃមហាសាមគ្គីជាតិ ក្រោមទង់ដ៏សុខសាន្ត នៃព្រះពុទ្ធសាសនា និងក្រោមបារមី ព្រះមហាក្សត្រ ដែលជាបុព្វបុរសជាតិ ជាព្រះស្ថាបនិកដ៏ល្បាញល្បីនៃការកសាងប្រាង្គប្រាសាទដ៏ល្អប្រណីត ស្ថិតនៅស្កឹមស្កគ្រប់ទិសទីក្នុងទូទាំង ព្រះរាជាណាចក្រកម្ពុជា មាតុភូមិដែលជាកេរមរតកជាតិដ៏មានតម្លៃពុំអាចកាត់ថ្លៃបានរបស់យើង ពិតជាពុំអាចមានសត្រូវណាមួយរំលោភឈ្លានពានលើបូរណភាពទឹកដីបានឡើយ៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកសម្តេចធិបតី ហ៊ុន ម៉ាណែត

ads banner