សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ឯករាជ្យ និងសន្តិភាពកើតចេញពីការខិតខំប្រឹងប្រែងនិងផ្ដួចផ្ដើមដោយខ្មែរខ្លួនឯង
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ឯករាជ្យ និងសន្តិភាពមិនមែនកើតឡើងដោយឯកឯងនោះទេ គឺសុទ្ធតែកើតចេញពីការខិតខំប្រឹងប្រែងនិងផ្ដួចផ្ដើមដោយខ្មែរខ្លួនឯង ទាំងការទទួលបានឯករាជ្យនិងសន្តិភាព។ ការបញ្ជាក់នេះ ក្នុងឱកាសប្រារព្ធមីទ្ទិងរម្លឹកកខួប ៧០ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៣) និងខួប៧០ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅ មុខព្រះបរមរាជវាំង។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា “ក្នុងនាមជាកុលបុត្រខ្មែរ អ្នកដឹកនាំជំនាន់ក្រោយ និងប្រជាជនកម្ពុជាទាំងមូល ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាសូមប្ដេជ្ញាយកអស់កម្លាំងកាយចិត្តដង្ហែតាមស្នាមព្រះហស្តប្រវត្តិសាស្ត្រ និងគំរូវីរភាពរបស់ព្រះមហាក្សត្រវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងរួមគ្នាជាធ្លុងមួយក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បន្តពូនជ្រុំថែរក្សា និងការពារឱ្យបានស្ថិតស្ថេរចីរកាលនូវឯករាជ្យភាព អធិបតេយ្យ សន្តិភាពនិងការអភិវឌ្ឍនិងអា ទិភាពជានិរន្តនៃជាតិខ្មែរ”៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកសម្តេចធិបតី ហ៊ុន ម៉ាណែត








