បាតុកម្មប្រឆាំងទស្សនកិច្ចរដ្ឋមន្ត្រីការបរទេសអាមេរិកនៅកូរ៉េខាងត្បូង ជុំវិញសង្គ្រាមនៅហ្គាហ្សា

សេអ៊ូល៖ ក្រុមបាតុករជាច្រើននាក់បានចេញមកតាមដងផ្លូវ ក្នុងរដ្ឋធានីសេអ៊ូល របស់កូរ៉េខាងត្បូង ប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក នៅសេអ៊ូល ជុំវិញសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស។

ក្រុមបាតុកររាប់សិបនាក់បានប្រមូលផ្តុំគ្នា នៅខាងក្រៅក្រសួងការបរទេសរបស់កូរ៉េខាងត្បូង ដើម្បីតវ៉ាប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ទៅកាន់ទីក្រុងសេអ៊ូល និង ជុំវិញសង្គ្រាមអ៊ីស្រាអែល លើក្រុមហាម៉ាស។

ពួកបាតុករស្រែកប្រឆាំងនឹងដំណើរទស្សនកិច្ចនេះ ជាមួយនឹងបាតដៃរបស់ពួកគេ មានលាបពណ៌ក្រហម ដែលមើលទៅដូច «ឈាម» និងថែមទាំងឡើកបដា មានទាំងអក្សរអារ៉ាប់ អក្សរអង់គ្លេស និងកូរ៉េ ហើយមានសំណេរលើក្រដាស ដែលរៀបរាប់ថា សូមបញ្ឈប់ការប្រល័យពូជសាសន៍លើប្រជាជនប៉ាឡេស្ទីន, ដោះលែងប្រជាជនប៉ាឡេស្ទីន, សូមឲ្យមានបទឈប់បាញ់, សូមឲ្យមានការការពារបន្ថែម, និងពាក្យថា សម្ព័ន្ធមិត្តសាធារណរដ្ឋកូរ៉េ-អាមេរិក-ជប៉ុន។ បាតុករខ្លះថែមទាំងមានកាន់រូបថត របស់រដ្ឋមន្ត្រីការបរទេសអាមេរិក ត្រឹមក ថែមទៀតផង។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កំពុងបំពេញទស្សនកិច្ច នៅប្រទេសកូរ៉េខាងត្បូង ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់ក្នុងតំបន់របស់អាមេរិក នាថ្ងៃទី៩ ខែវិច្ឆិកានេះ ដើម្បីធ្វើកិច្ចពិភាក្សាដែលផ្តោតលើបញ្ហាសន្តិសុខ ខណៈដែលកូរ៉េខាងជើងបង្កើនកិច្ចសហប្រតិបត្តិការយោធា ជាមួយរុស្ស៊ី។

លោក Blinken បានទៅដល់ទីក្រុងសេអ៊ូល កាលពីល្ងាចថ្ងៃពុធ សប្តាហ៍នេះ បន្ទាប់ពីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G7 នៅទីក្រុងតូក្យូ និងបន្ទាប់ពី ទៅកាន់តំបន់មជ្ឈិមបូព៌ា។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកលោក Blinken ចាប់តាំងពីប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol ចូលកាន់តំណែង កាលពីឆ្នាំមុន៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner