មីយ៉ាន់ម៉ាប្រឈមនឹងការបែកបាក់ផ្ទៃក្នុង ដោយសារការប្រឆាំងរបស់ជនជាតិភាគតិច

ណៃពិដោ៖ ប្រធានាធិបតីរបបសឹកមីយ៉ាន់ម៉ា លោក Myint Swe បានលើកឡើងថា ប្រទេសមីយ៉ាន់ម៉ាប្រឈមនឹងការបែកបាក់គ្នាជាក្រុមតូចៗ ប្រសិនបើរដ្ឋាភិបាលបរាជ័យក្នុងការគ្រប់គ្រងការវាយប្រហាររបស់ក្រុមប្រដាប់អាវុធជនជាតិភាគតិច ដែលទើបតែផ្ទុះឡើងក្នុងពេលថ្មីៗនេះ នៅតំបន់ជិតព្រំដែនជាមួយប្រទេសចិន។

លោក Myint Swe បានបន្ថែមថា ប្រសិនបើរដ្ឋាភិបាលពុំមានចំណាត់ការដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រងស្ថានការណ៍នៅតាមតំបន់ព្រំដែនជាមួយប្រទេសចិននោះទេ ប្រទេសយើងផ្ទាល់នឹងអាចបែកខ្ញែកជាផ្នែកតូចៗ។ ការប្រយុទ្ធគ្នារវាងយោធាមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធជនជាតិភាគតិចនៅភាគខាងជើងនៃរដ្ឋ Shan នេះ បានផ្ទុះឡើងក្នុងរយៈពេល ២សប្ដាហ៍មកហើយ ហើយនេះជាការប្រឈមមួយយ៉ាងធំចំពោះរដ្ឋាភិបាលមីយ៉ាន់ម៉ា ចាប់តាំងពីដណ្ដើមអំណាចបានក្នុងឆ្នាំ ២០២១។

ក្រុមប្រដាប់អាវុធជនជាតិភាគតិច ដណ្ដើមបានទីតាំងឈរជើងរបស់យោធាមីយ៉ាន់ម៉ាជាច្រើនកន្លែង ចាប់តាំងពីមានការវាយប្រហារមក ហើយក៏បានបិទផ្លូវនាំចេញសំខាន់ៗទៅកាន់ចិនផងដែរ។

គួរបញ្ជាក់ថា យោធាមីយ៉ាន់ម៉ាបានបាត់បង់ការគ្រប់គ្រងទៅលើទីក្រុងមួយចំនួនដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច នៅក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមប្រដាប់អាវុធជនជាតិភាគតិចនេះ។ ខាងភាគីចិន ក៏បានទទួលស្គាល់ដែរថា មានប្រជាជនចិនបានបាត់បង់ជីវិត ដោយសារការប្រយុទ្ធគ្នានេះ និងអំពាវនាវឱ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាចូលរួមសហការក្នុងការស្វែងរកបទឈប់បាញ់៕

ប្រភព៖ AFP ប្រែសម្រួល៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner