ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនប្រកាសថា ខ្លួនត្រៀមខ្លួនរួចហើយ ក្នុងការដោះលែងចំណាប់ខ្មាំងពីរនាក់

ហ្គាហ្សា៖ ក្រុមសកម្មប្រយុទ្ធអ៊ីស្លាម ជីហាតប៉ាឡេស្ទីន បានប្រកាសថា ពួកគេត្រៀមខ្លួនរួចជាស្រេចក្នុងការដោះលែងចំណាប់ខ្មាំង ពីរនាក់ ដែលត្រូវបានឃុំខ្លួន នៅតំបន់ហ្គាហ្សា ស្ទ្រីប។ គេដឹងថា ក្រុមជីហាតនិងក្រុមហាម៉ាស សុទ្ធតែជាក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនដូចគ្នានិងមានទំនាក់ទំនងជិតស្និទជាមួយគ្នា ព្រមជាមួយនឹងក្រុមសកម្មប្រយុទ្ធផ្សេងៗទៀត ដូចជា ហេបូឡា ជាដើម។

កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ ក្រុមជីហាតប៉ាឡេស្ទីន បានចេញផ្សាយវីដេអូ ដែលខ្លួនអះអាងថា ចំណាប់ខ្មាំងពីរនាក់ រួមមាន ស្ត្រី អាយុ៧០ ឆ្នាំម្នាក់ និងក្មេងប្រុសអាយុ ១៣ ឆ្នាំម្នាក់ ដែលត្រូវបានឃុំខ្លួន នៅតំបន់ហ្គាហ្សា។

លោក Abu Hamza អ្នកនាំពាក្យក្រុម ជីហាតប៉ាឡេស្ទីន បាននិយាយក្នុងវីដេអូនោះថា «យើងត្រៀមខ្លួនរួចរាល់ ក្នុងការដោះលែងពួកគេ ដោយហេតុផលមនុស្សធម៌ នៅពេលលក្ខខណ្ឌសន្តិសុខ នៅត្រូវបានបំពេញ»។

យោងតាមមន្ត្រីអ៊ីស្រាអែលបានឱ្យដឹងថា មនុស្សប្រហែល ២៤០ នាក់ត្រូវបានចាប់ពង្រត់ កាលពីថ្ងៃទី ៧ ខែតុលា អំឡុងពេលនៃការវាយប្រហារនៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល បង្កឡើងដោយពួកសកម្មប្រយុទ្ធ ហាម៉ាសប៉ាឡេស្ទីន។

រហូតមកដល់ពេលនេះ ចំណាប់ខ្មាំងបួននាក់ត្រូវបានដោះលែង ហើយការពិភាក្សាកំពុងដំណើរការ ដើម្បីទទួលបានការដោះលែងអ្នកផ្សេងទៀត ជាថ្នូរនឹងការផ្អាកប្រយុទ្ធ និងជំនួយបន្ថែមទៀត បញ្ជូនចូលទៅកាន់តំបន់ហ្គាហ្សា។

គួររម្លឹកថា កាលពីថ្ងៃទី ៧ ខែតុលា ក្រុមសកម្មប្រយុទ្ធហាម៉ាស បានសម្លាប់មនុស្សប្រហែល ១៤០០នាក់ នេះបើយោងតាមមន្ត្រីអ៊ីស្រាអែល។ រីឯការសងសឹករបស់អ៊ីស្រាអែលដែលវាយប្រហារតំបន់ហ្គាហ្សា គ្រប់គ្រងដោយពួកហាម៉ាស បានធ្វើឲ្យចំនួនមនុស្សស្លាប់កើនដល់១០៨០០នាក់ ហើយភាគច្រើន គឺជាជនស៊ីវិល នេះបើតាមក្រសួងសុខាភិបាលហ្គាហ្សា៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner