លោក Biden និយាយថា «គ្មានលទ្ធភាព» នៃបទឈប់បាញ់នៅហ្គាហ្សា

វ៉ាស៊ីងតោន ឌីស៊ី៖ ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះថា បច្ចុប្បន្ន មិនមាន «លទ្ធភាព» នៃបទឈប់បាញ់គ្នា រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប នោះទេ។

ក្នុងពេលចាកចេញពីសេតវិមាន ដើម្បីធ្វើដំណើរទៅកាន់រដ្ឋ Illinois លោកប្រធានាធិបតីអាមេរិក Jo Biden ត្រូវបានក្រុមអ្នកសារព័ត៌មានសួរនាំថា តើឱកាសនៃបទឈប់បាញ់នៅហ្គាហ្សា អាចមាននៅពេលណា។ លោក Biden បានឆ្លើយតបថា «បច្ចុប្បន្ននេះ មិនមានទេ គ្មានលទ្ធភាពទេ» ។

ថ្មីៗនេះ អ៊ីស្រាអែល ដែលគេដឹងថាមានអាមេរិកចាំគាំទ្រ បានលើកឡើងម្តងហើយម្តងទៀតថា បទឈប់បាញ់ អាចមានបាន លុះត្រាតែពួកហាម៉ាសដោះលែងចំណាប់ខ្មាំង ជាមុនសិន។ រីឯពួកហាម៉ាសវិញ បានឆ្លើយតបថា ការដោះលែងចំណាប់ខ្មាំង ត្រូវជាថ្នូរនឹងការដោះលែងអ្នកទោសហាម៉ាស។

គួររម្លឹកថា កាលពីថ្ងៃទី ៧ ខែតុលា ក្រុមសកម្មប្រយុទ្ធហាម៉ាស បានសម្លាប់មនុស្សប្រហែល ១៤០០នាក់ នេះបើយោងតាមមន្ត្រីអ៊ីស្រាអែល។ រីឯការសងសឹករបស់អ៊ីស្រាអែលដែលវាយប្រហារតំបន់ហ្គាហ្សា គ្រប់គ្រងដោយពួកហាម៉ាស បានធ្វើឲ្យចំនួនមនុស្សស្លាប់កើនដល់១០៨០០នាក់ ហើយភាគច្រើន គឺជាជនស៊ីវិល នេះបើតាមក្រសួងសុខាភិបាលហ្គាហ្សា៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner