សប្តាហ៍ថាមពលស្អាតឆ្នាំនេះ នឹងបង្ហាញពីការច្នៃប្រឌិត និងភាពជោគជ័យថាមពលស្អាតនាំមកឱ្យកម្ពុជា
ភ្នំពេញ៖ ព្រឹត្តិការណ៍សប្ដាហ៍ថាមពលស្អាតឆ្នាំ២០២៣នេះ គ្រោងរៀបចំឡើងចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៣ខែវិច្ឆិកាខាងមុខ ដើម្បីបង្ហាញពីការច្នៃប្រឌិត និងភាពជោគជ័យថាមពលស្អាត ដែលព្រឹត្តិការណ៍នេះក៏ជាឱកាសមួយដើម្បីចែករំលែកចំណេះដឹង និងការអនុវត្តល្អបំផុតក្នុងវិស័យថាមពលស្អាតពីដៃគូពាក់ព័ន្ធ ដែលកំពុងធ្វើការយ៉ាងជិតស្និទ្ធក្នុងដំណើរកាត់បន្ថយការបំភាយឧស្ម័ននៅកម្ពុជា។
នៅក្នុងព្រឹត្តិការណ៍នេះ នឹងមានការរៀបចំកម្មវិធីមួយចំនួនរួមមាន សិក្ខាសាលា កិច្ចពិភាក្សា ការតាំងពិព័រណ៍បង្ហាញពីការច្នៃប្រឌិត ភាពជោគជ័យ និងអត្ថប្រយោជន៍ប្រកបដោយបរិយាបន្ននៃថាមពលស្អាត។ ជាពិសេសព្រឹត្តិការណ៍នេះ ក៏នឹងជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធក្នុងវិស័យឯកជនវិស័យសាធារណៈនិងការយល់ដឹងក្នុងចំណោមសាធារណជនផងដែរ។
នេះបើសេចក្ដីប្រកាសព័ត៌មានរួមរបស់អង្គការ អេននឺជឺឡេប (EnergyLab Cambodia) ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា ស្ថានទូតនូវែលសេឡង់ប្រចាំកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (UNDP)កាលពីពេលថ្មីៗនេះ ។
លោក ចាស្ទីន វ៉ាយអេត ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានលើកឡើងនៅក្នុងសេចក្តីប្រកាសថា លោករីករាយណាស់ ដែលអូស្ត្រាលីជាអ្នកឧបត្ថម្ភដ៏ធំមួយ នៃសប្តាហ៍ថាមពលស្អាតនៅឆ្នាំនេះ ហើយអូស្ត្រាលីជួយគាំទ្រគោលដៅអន្តរកាលថាមពលរបស់កម្ពុជា។ លោកបន្តថា ថាមពលស្អាត បានផ្តល់នូវឱកាសអភិវឌ្ឍសេដ្ឋកិច្ច និងអាចគាំទ្រដល់សន្តិសុខថាមពល និងដំណើរឆ្ពោះទៅរកអព្យាក្រឹតភាពកាបូនរបស់កម្ពុជាផងដែរ។
លោកបានបញ្ជាក់ថា «តាមរយៈកម្មវិធីភាពជាដៃគូរវាងកម្ពុជានិងអូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ អូស្ត្រាលី នឹងគាំទ្រដល់ប្រទេសកម្ពុជាក្នុងការបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ និងជំរុញការកសាងសមត្ថភាពរបស់មន្ត្រីផ្នែកថាមពល ផ្សារភ្ជាប់ថាមពលពន្លឺព្រះអាទិត្យជាមួយប្រជាជននៅតំបន់ឆ្ងាយ និងគាំទ្រប្រសិទ្ធភាពថាមពល តាមរយៈទីផ្សារក្រុមហ៊ុនផ្តល់សេវាកម្មថាមពល»។
ជាមួយគ្នានេះ លោក ចូណាថាន់ ឃីងស៍ ឯកអគ្គរដ្ឋទូតនូវែលសេឡង់ប្រចាំកម្ពុជា ក៏បានថ្លែងដែរថា ប្រទេសនូវែលសេឡង់មានសេចក្តីរីករាយក្នុងការគាំទ្រសប្តាហ៍ថាមពលស្អាតនៅឆ្នាំនេះ។ ព្រឹត្តិការណ៍នេះជាឱកាសមួយដើម្បីចែករំលែកចំណេះដឹង នវានុវត្តន៍ និងការអនុវត្តល្អបំផុតក្នុងវិស័យថាមពលស្អាតពីដៃគូពាក់ព័ន្ធ ដែលកំពុងធ្វើការយ៉ាងជិតស្និទ្ធក្នុងដំណើរកាត់បន្ថយការបំភាយឧស្ម័នរបស់កម្ពុជានាពេលអនាគត។
ចំណែក លោកស្រី Alissar Chaker អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា បានឱ្យដឹងថា ការងាររបស់UNDP ក្នុងការជំរុញការផ្លាស់ប្តូរប្រព័ន្ធថាមពលរួមមាន ដំបូលពន្លឺព្រះអាទិត្យ ការងារគោលនយោបាយយានយន្តអគ្គិសនី ការដំឡើងបណ្តាញថាមពលពន្លឺព្រះអាទិត្យខ្នាតតូច ដើម្បីទទួលបានថាមពលកកើតឡើងវិញក្រៅបណ្តាញ នៅតាមតំបន់ដាច់ស្រយាលដោយមិនទុកនរណាម្នាក់ចោល។ លោកស្រីបន្តថា UNDP ក៏ធ្វើការលើម៉ាស៊ីនបូមទឹកប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ដើម្បីដោះស្រាយបញ្ហាទាក់ទងគ្នាទៅវិញទៅមករវាងថាមពល ទឹក និងអាហារ ក៏ដូចជាការលើកកម្ពស់ការចូលរួមរបស់វិស័យឯកជន តាមរយៈការវិនិយោគដែលមិនប្រថុយប្រថានលើប្រសិទ្ធភាពថាមពល និងការសាកល្បងគំរូអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត។
លោកស្រីបញ្ជាក់ថា៖ «UNDP ប្តេជ្ញាជំរុញការផ្លាស់ប្តូរប្រព័ន្ធថាមពលតាមរយៈរបៀបវារៈរួម ដែលផ្តោតលើការផ្លាស់ប្តូរគោលនយោបាយ បច្ចេកវិទ្យា និងហិរញ្ញវត្ថុ ដែលបង្កើតឱ្យមានការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ស្របតាមអាទិភាព និងមហិច្ឆតារបស់ប្រទេសកម្ពុជា»។
លោកស្រីបន្ថែមថា របៀបវារៈថាមពលរួមបញ្ចូលគ្នានេះក៏រួមចំណែកដល់ការប្តេជ្ញាចិត្តថ្នាក់ជាតិរបស់កម្ពុជា (NDCs) សម្រាប់ការកាត់បន្ថយការបំភាយឧស្ម័នក្នុងស្រុក និងការសម្របខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ ក៏ដូចជាគំនិតផ្តួចផ្តើមជម្រុញដំណោះស្រាយបញ្ហាបម្រែបម្រួល (Climate Promise) របស់ UNDP ដែលជាការផ្តល់ការគាំទ្រដ៏ធំបំផុតរបស់ពិភពលោកដល់ប្រទេសនានា ដើម្បីពង្រឹងការប្តេជ្ញាចិត្តថ្នាក់ជាតិពួកគេ ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស៕
ដោយ៖ ជា សុខនី