រយៈពេល ១៧ឆ្នាំ កម្ពុជាបានបញ្ជូនកម្លាំងនៃកងយោធពលខេមរភូមិន្ទ​ជិតមួយម៉ឺននាក់ បំពេញ​​បេសកកម្ម​នៅ​ប្រទេសចំនួន១០​

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ រយៈពេល ១៧ឆ្នាំនេះ កម្ពុជាបានបញ្ជូនកម្លាំងនៃកងយោធពលខេមរភូមិន្ទសរុបជិតមួយម៉ឺននាក់ ​ក្នុងនោះមានកម្លាំងជា​នារីជាង៧០០ នាក់ ទៅកាន់បេសកកម្មចំនួន១២ ក្នុងបណ្តាប្រទេសចំនួន១០ ​លើជំនាញសំខាន់ៗ រួម​មាន ការ​បោសសំអាតមីន និង​កម្ទេចគ្រាប់មិនទាន់ផ្ទុះផងដែរ​។

​នាឱកាស​នៃការ​អបអរសាទរទិវាបុណ្យឯករាជ្យជាតិខួបលើកទី៧០មជ្ឈមណ្ឌល​ជាតិរក្សាសន្តិភាពបាន​​​​បង្ហាញនូវ​វីដេអូឯកសារដ៏មាន​ខ្លឹមសារ​​មួយផងដែរ​កាល​ពី​ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣​ ដោយ​បាន​លើកឡើងពី​សកម្មភាព​នៃ​​ការចូលរួម​​ប្រតិបត្តិការរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ ចាប់តាំងពី​ឆ្នាំ២០០៦​មក។

មជ្ឈមណ្ឌល​ជាតិរក្សាសន្តិភាពបាន​លើកឡើងតាមរយៈហ្វេសប៊ុកថា​ចាប់ពីឆ្នាំ២០០៦ មកដល់ឆ្នាំ២០២៣ មានរយៈពេល១៧ឆ្នាំមកហើយ ដែលកម្ពុជា បានបញ្ជូនកងទ័ពមួកខៀវ ចូលរួមប្រតិបត្តិការរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ។

កម្ពុជា ជាប្រទេសដែលជាប្រទេសធ្លាប់ទទួលអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិ ហៅ​ថា អ៊ុនតាក់(UNTAC)នាឆ្នាំ​១៩៩២-១៩៩៣ ក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។​
នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០០៦ ជាការបញ្ជូនកម្លាំងលើកដំបូងរបស់កម្ពុជា ចូលរួមចំណែកស្វែងរកសុខស ន្តិភាព​។

ប្រភពដដែលបានបញ្ជាក់ថា ៖ «១៧ឆ្នាំនេះ កម្ពុជាបានបញ្ជូនកម្លាំងនៃកងយោធពលខេមរភូមិន្ទសរុបចំនួន ៩ ២០៧នាក់ ក្នុងនោះនារីចំនួន ៧២៩នាក់ ទៅកាន់បេសកកម្មចំនួន១២ ក្នុងបណ្តាប្រទេសចំនួន១០ មានជាអាទិ៍៖ ស៊ូដង់ ឆាត លីបង់ ស៊ូដង់ខាងត្បូង សាយប្រឺស ស៊ីរី អាហ្វ្រិកកណ្តាល ម៉ាលី យេម៉ែន និងកុងហ្គោ»។

​​ជំនាញសំខាន់ៗដែលកងកម្លាំងកម្ពុជាបានចូលរួមបេសកកម្ម មាន​​ដូចជា៖ វិស្វកម្មពហុជំនាញ វិស្វកម្មព្រ​លានយន្តហោះ បោសសំអាតមីន កម្ទេចគ្រាប់មិនទាន់ផ្ទុះ នាយទាហានសេនាធិការ និងសង្កេតការណ៍យោធា។​

សូមបញ្ជាក់ថា បច្ចុប្បន្ន កម្លាំងសរុប ៨៤៨នាក់ នាក់ (នារី ១៤៤ នាក់) កំពុងបំពេញបេសកកម្ម នៅប្រទេសចំនួន ៥ រួមមាន សាធារណរដ្ឋស៊ូដង់ខាងត្បូង លីបង់ អាហ្រ្វិកកណ្តាល ម៉ាលី និងកុងហ្គោ។

ទាក់ទងនឹង​ការបញ្ជូល​កងកម្លាំងរក្សាសន្តិភាពនេះដែរ អតីតនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់​ថ្លែងបញ្ជាក់យ៉ាងច្បាស់ថា ​នាយទាហាន នាយទាហានរង និងពលទាហានដែលចេញទៅប្រតិបត្តិការនេះ មិនមែនជាទាហានឈ្លានពាន ហើយក៏មិនមែនជាទាហានត្រួតត្រា ហើយក៏មិនមែនជាទាហាស៊ីឈ្នួល​ផងដែរ​។

លោកបាន​សង្កត់ធ្ងន់ថា ៖ «ជាការរក្សាសន្តិភាពដែលត្រូវគោរពនូវឯករាជ្យ អធិបតេយ្យភាពនៃប្រទេសនោះឱ្យបាន​ជាដាច់ខាត ហើយវាមានតម្លៃស្មើនឹងការគោរព​ឯករាជ្យ អធិបតេយ្យភាពរបស់​ជាតិកម្ពុជាខ្លួនឯងផងដែរ»។

ឧបនាយករដ្ឋមន្រ្ត រដ្ឋមន្រ្តីក្រសួង​ការពារជាតិនាយឧត្តមសេនីយ៍ ទៀ សីហា បាន​លើកឡើងតាមរយៈសារ​​អបអរខួបអនុស្សាវរីយ៍លើកទី ៧០ ទិវាកំណើតកងយោធពលខេមរភូមិន្ទ ​នាថ្ងៃទី៩ ខែ​វិច្ឆិកា ឆ្នាំ២០២៣ថា ​កងយោធពលខេមរភូមិន្ទបាន​រួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាសន្តិសុខជាតិ ​ការបោសសំ​អាតមីន និងយុទ្ធ​ភ័ណ្ឌមិនទាន់ផ្ទុះ និងការជួយសង្គ្រោះប្រជាជនពេលកើតមានគ្រោះមហន្តរាយផ្សេងៗផងដែរ​។

នាយឧត្តមសេនីយ៍បន្តថា​​ ​កងយោធពលខេមរភូមិន្ទ បាន​​ចូលរួម​ក្នុងបុព្វហេតុសន្តិភាព ស្ថិរភាព វិបុលភាពតំបន់ និងពិ​ភពលោក និងបាន​ចូលរួមក្នុងបេសកកម្មថែរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិនៅបណ្តាប្រ​ទេ​សដែលកំពុងមានវិបត្តិនៅទ្វីបអាហ្វ្រិក និងតំបន់មជ្ឈិមបូព៌ា, ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ​១៩ និងបេសកកម្ម​ជាច្រើនទៀត។ ​

​នាសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវ​យ៉ក កាលពី​ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនេះសម្ដេចធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែង​ក្នុងនាមជាប្រទេសបញ្ជូនកងទ័ពមួកខៀវ កម្ពុជាគាំទ្រយ៉ាងពេញទំហឹងការបង្កើនជំនួយ​អភិវឌ្ឍន៍​ផ្លូវការ (ODA) សម្រាប់ទ្រទ្រង់សកម្មភាពកសាងសន្ដិភាព។

សម្ដេចធិបតីមានប្រសាសន៍ថា ៖ «កម្ពុជាមានការប្ដេជ្ញាចិត្តខ្ពស់ ចំពោះ​ប្រតិបត្តិការរក្សាសន្ដិភាពដើម្បីរួមចំ​ណែកដល់ សន្ដិភាព សន្ដិសុខ និងស្ថិរភាពអន្ដរជាតិ ដែលជា​កត្តា​ចាំបាច់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ៖ «ដើម្បីរួមចំណែកបន្ថែមទៀត ដល់ដំណើរ​ការ​នេះ កម្ពុជាបានសម្រេ​ចចិត្តឈរឈ្មោះជាសមាជិក នៃគណៈកម្មាធិការរៀបចំ នៃគណៈកម្មការ​កសាង​សន្ដិភាព (OCPBC​) សម្រាប់អាណត្តិ២០២៥-២០២៦ ហើយយើងខ្ញុំសង្ឃឹមថា​នឹង​ទទួល​បានការគាំទ្រដ៏មានតម្លៃរបស់ ឯកឧត្តម លោកជំទាវ សម្រាប់បេក្ខភាពរបស់យើងខ្ញុំ នៅក្នុងស្ថាប័ន​នេះ»​។

សូមបញ្ជាក់ផងដែរថា ក្នុង​រយៈពេល ១៧ឆ្នាំ​កន្លងមកនេះ កងកម្លាំង​រក្សា​សន្តិភាពកម្ពុជាក៏បានបំពេញ​ការងារ​ក្នុងប្រទេសរបស់ខ្លួនជាច្រើន​ផងដែរ ក្នុង​នោះរួមមាន​ការដោះមីនជូនប្រជាពលរដ្ឋ សាងសង់ស្ពានសាលារៀន ការចាក់ថ្នាំវ៉ាក់សាំងកូវីដ១៩ជូនប្រជាពលរដ្ឋ រួមនឹងការងារជាច្រើនទៀតផងដែរ៕

ដោយ៖ នាង សុគន្ធា

ads banner