បាតុភូតអេលនីញ៉ូ នឹងអូសបន្លាយរហូតដល់ខែមេសា ឆ្នាំ២០២៤ជំរុញឱ្យសីតុណ្ហភាពពិភពលោកកាន់តែក្ដៅ

អ.ស.ប៖​កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ អង្គការសហប្រជាជាតិ(អ.ស.ប)បានប្រកាសថា បាតុភូតអាកាសធាតុ អេលនីញ៉ូ (El Nino) ដែលត្រូវបានគេស្គាល់ថាជាបាតុភូតដែលបង្កឱ្យមានសីតុណ្ហភាពពិភពលោកកើនឡើងខ្ពស់ ត្រូវបានគេព្យាករណ៍ថានឹងបន្តកើតមានរហូតដល់យ៉ាងហោចណាស់ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ។  បាតុភូតអេលនីញ៉ូ ជាបាតុភូតដែលនាំមកនូវកម្ដៅកើនឡើងខ្ពស់នៅទូទាំងពិភពលោក ហើយបង្កឱ្យមានគ្រោះរាំងស្ងួតនៅតំបន់មួយចំនួន និងភ្លៀងធ្លាក់ខ្លាំងនៅតំបន់ខ្លះ។

បាតុភូតអេលនីញ៉ូ បច្ចុប្បន្នបានវិវត្តយ៉ាងឆាប់រហ័សក្នុងខែកក្កដា ដល់ខែសីហា ហើយត្រូវបានគេរំពឹងថានឹងឈានដល់កម្រិតកំពូលបំផុតនៅចន្លោះពេលនេះដល់ខែមករា ឆ្នាំ២០២៤ នេះបើយោងតាមស្ថាប័នឧតុនិយមពិភពលោករបស់អង្គការសហប្រជាជាតិ។ ស្ថាប័នឧតុនិយមពិភពលោកបានបង្ហាញថា «ភាពអាចទៅរួចគឺមានរហូតដល់ទៅ ៩០ភាគរយ ដែលថាបាតុភូតនេះនឹងបន្តរហូតដល់ហួសរដូវរងានៅអឌ្ឍគោលខាងជើង និងរដូវក្តៅនៅអឌ្ឍគោលខាងត្បូង ហើយនឹងបន្តរហូតដល់ខែមេសា»។

ជាទូទៅ បាតុភូតអេលនីញ៉ូកើតឡើងរៀងរាល់ ២ ទៅ ៧ ឆ្នាំម្តង ហើយវានឹងនាំមកនូវទំនោរកើនឡើងសីតុណ្ហភាពសកលក្នុងឆ្នាំបន្ទាប់ពីការវិវត្តរបស់វា។ បើទោះបីជាផលប៉ះពាល់ភាគច្រើនរបស់វានឹងមិនត្រូវបានកត់សម្គាល់រហូតដល់ឆ្នាំ២០២៤ ក៏ដោយ ប៉ុន្តែស្ថាប័នឧតុនិយមពិភពលោកបានចង្អុលបង្ហាញថា ព្រឹត្តិការណ៍នេះកំពុងកើតឡើងចំពេលដែលមានការប្រែប្រួលអាកាសធាតុយ៉ាងឆាប់រហ័ស។

គិតរហូតមកទល់ពេលនេះ ឆ្នាំដែលមានសីតុណ្ហភាពក្តៅបំផុតក្នុងកំណត់ត្រាប្រវត្តិសាស្ត្រគឺឆ្នាំ២០១៦ ពោលគឺបន្ទាប់ពីបាតុភូតអេលនីញ៉ូបានកើតឡើងចាប់ពីឆ្នាំ២០១៤ ដល់ដើមឆ្នាំ២០១៦។ យ៉ាង​ណា​មិញ ស្ថានភាពអាកាសធាតុពិភពលោកបច្ចុប្បន្ន​ហាក់កំពុង​ឈានទៅរកកម្រិតខ្ពស់ជាង​​កំណត់​ត្រាឆ្នាំ២០១៦ ទៅទៀត។

ប្រធានស្ថាប័នឧតុនិយមពិភពលោក លោក ផេថឺរី តាឡាស (Petteri Taalas) បាននិយាយថា «ដោយសារតែសីតុណ្ហភាពខ្ពស់ខ្លាំងនៅលើដីគោក និងទឹកសមុទ្រ ចាប់តាំងពីខែមិថុនាមក ឆ្នាំ២០២៣នេះអាចកំណត់ថាជាឆ្នាំដែលក្តៅខ្លាំងមិនធ្លាប់មាន ហើយឆ្នាំក្រោយអាចនឹងកាន់តែក្តៅថែមខ្លាំងជាងនេះទៀត»។

លោក​បាន​បញ្ជាក់​ថា «នេះ​គឺ​ដោយ​សារ​តែ​ការ​កើន​ឡើង​នៃ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដែលបង្កឡើងពី​សកម្មភាព​មនុស្ស»។ លោកក៏បានព្រមានផងដែរថា ព្រឹត្តិការណ៍ធ្ងន់ធ្ងរដូចជា រលកកំដៅ គ្រោះរាំងស្ងួត ភ្លើងឆេះព្រៃ ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ នឹងកើតឡើងកាន់តែអាក្រក់ទៅៗនៅតំបន់មួយចំនួន។ លោកក៏បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ប្រព័ន្ធប្រកាសអាសន្នដែលមានប្រសិទ្ធភាពផងដែរ។

គួររំឭកថា បាតុភូតអេលនីញ៉ូចុងក្រោយបង្អស់បានកើតឡើងក្នុងឆ្នាំ២០១៨ ដល់ឆ្នាំ២០១៩ បន្ទាប់មកគឺបាតុភូតឡានីញ៉ា (La Nina) ដែលវែងខុសពីធម្មតា។ គួរបញ្ជាក់ថា បាតុភូតឡានីញ៉ាគឺជាបាតុភូតអាកាសធាតុដែលនាំមកនូវភាពត្រជាក់ ផ្ទុយទៅនឹងបាតុភូតអេលនីញ៉ូ។ បាតុភូតឡានីញ៉ានេះបានបញ្ចប់ទៅហើយនៅដើមឆ្នាំនេះ។ យោងតាមស្ថាប័នឧតុនិយមពិភពលោកដែលបានធ្វើការព្យាករណ៍ចុងក្រោយបំផុតបានបង្ហាញថា សម្រាប់បាតុភូតអេលនីញ៉ូបច្ចុប្បន្ន នឹងបណ្ដាលឱ្យមានការឡើងកំដៅផែនដីនៅក្នុងតំបន់អេក្វាទ័រភាគកណ្តាលប៉ាស៊ីហ្វិករហូតដល់ខែមេសាឆ្នាំក្រោយ។

គួរដឹងដែរថា សីតុណ្ហភាពនៅលើផ្ទៃសមុទ្រដែលក្តៅជាងធម្មតា នឹងកើតមានឡើងនៅក្នុងសមុទ្រភាគច្រើនរបស់ពិភពលោក រួមជាមួយនឹងសីតុណ្ហភាពលើសពីមធ្យមនៅលើផ្ទៃដីគោកស្ទើរតែទាំងអស់ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ការកើនឡើងទឹកភ្លៀងនៅតំបន់ភាគខាងកើតបំផុតនៃទ្វីបអាហ្វ្រិក (Horn of Africa) និងតំបន់ជុំវិញកោះផ្លាតា  (Plata) ប្រទេស​អេក្វាទ័រ នៅអាមេរិកខាងត្បូង ភាគអាគ្នេយ៍នៃអាមេរិកខាងជើង ផ្នែកខ្លះនៃអាស៊ីកណ្តាល និងអាស៊ីខាងកើត៕

ប្រែសម្រួល៖ ធា សុណា

ប្រភពព័ត៌មាន៖ Channel NewsAsia

El Nino set to last until April 2024, pushing record temperatures

https://www.channelnewsasia.com/sustainability/el-nino-set-last-until-april-2024-pushing-record-temperatures-3906231

ads banner