ជិត ៥០ភាគរយ នៃក្រុមហ៊ុនជប៉ុន ថាជម្លោះអ៊ីស្រាអែល-ហាម៉ាស់ បានប៉ះពាល់ដល់ប្រាក់ចំណូល

តូក្យូ៖ យោងតាមការស្ទង់មតិរបស់សារព័ត៌មានរ៉យទ័រ (Reuters) នាពេលថ្មីៗនេះ បានបង្ហាញថា ស្ទើរតែ ៥០ភាគរយ នៃក្រុមហ៊ុនជប៉ុនបានយល់ឃើញថា ជម្លោះរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់ (Hamas) បានប៉ះពាល់ដល់ប្រាក់ចំណូលរបស់ពួកគេ។ ពួក​គេ​មាន​ការ​ព្រួយ​បារម្ភ​ ជា​ពិសេស​អំពី​ការ​កើន​ឡើង​តម្លៃ​ប្រេង និង​ទំនិញ​ ។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រនៅថ្ងៃទី៩​ ខែវិច្ឆិកា ឆ្នាំ២០២៣។

ស្ទើរតែពាក់កណ្តាលនៃក្រុមហ៊ុនជប៉ុនទាំងអស់បានរំពឹងថា អត្រាការប្រាក់អវិជ្ជមានដែលជាទិដ្ឋភាពសំខាន់នៃគោលនយោ​បាយរូបិយវត្ថុរបស់ប្រទេសជប៉ុន នឹងអាចបញ្ចប់ទៅនៅពាក់កណ្តាលឆ្នាំក្រោយនេះ។

យោងតាមការស្ទង់មតិរបស់រ៉យទ័រដដែលបានរកឃើញថា ក្រុមហ៊ុនចំនួន ៤៨ភាគរយបានអះអាងថាជម្លោះរវាងអ៊ីស្រាអែល​ និងក្រុមហាម៉ាស់ បានជះឥទ្ធិពលអវិជ្ជមានដល់ប្រាក់ចំណូលរបស់ពួកគេ ដែលតួលេខនេះគឺទាបជាងបន្តិចនៃតួលេខ ៤៩ភាគរយ នៃក្រុមហ៊ុនជប៉ុនទាំងអស់ដែលបានគិតថា ជម្លោះនេះមិនមានផលប៉ះពាល់ធំធេងនោះទេ។ គួរកត់សម្គាល់ថា ក្រុមហ៊ុនចំនួន ៣ភាគរយ បានយល់ឃើញថា ជម្លោះរវាងភាគីទាំងពីរបានជះផលវិជ្ជមាន។

អ្នកគ្រប់គ្រងក្រុមហ៊ុនគីមីមួយរូប បាននិយាយនៅក្នុងការស្ទង់មតិថា «ប្រសិនបើស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ាកាន់តែអាក្រក់ទៅៗ វានឹងបណ្តាលឱ្យតម្លៃវត្ថុធាតុដើម និងប្រេងឥន្ធនៈ មានការកើនឡើងគួរឱ្យកត់សម្គាល់»។ ទាក់ទងនឹងតម្លៃប្រេងនេះផងដែរ ៤៦ភាគរយ នៃក្រុមហ៊ុនជប៉ុនដែលបានស្ទង់មតិ បានធ្វើការព្យាករណ៍ថា តម្លៃប្រេងនេះនឹងកើនឡើងដល់ ១២០ ដុល្លារក្នុងមួយបារ៉ែល ឬ ខ្ពស់ជាងនេះនាពេលអនាគតដ៏ខ្លីខាងមុខនេះ។ បច្ចុប្បន្ន ប្រេងឆៅប្រភេទ North Sea Brent មានតម្លៃប្រហែល ៨១ ដុល្លារក្នុងមួយបារ៉ែល។

ជារួម ការស្ទង់មតិនេះបានបង្ហាញពីការព្រួយបារម្ភកាន់តែទូលំទូលាយអំពីស្ថានភាពនៅមជ្ឈិមបូព៌ា។ ក្នុង​ចំណោម​អ្នក​ដែល​ព្រួយ​បារម្ភ​អំពី​អស្ថិរភាព​ក្នុង​តំបន់ ២/៣ បាន​លើក​ឡើង​អំពី​ការ​កើន​ឡើង​នៃ​តម្លៃ​វត្ថុធាតុដើម ​ក្រៅ​ពី​ប្រេងឥន្ធនៈ។ ប្រហែលជា ៥០% បង្ហាញពីការព្រួយបារម្ភអំពីការកើនឡើងនៃអត្រាអតិផរណាពិភពលោក ខណៈដែល ២ភាគ៥ មានការបារម្ភអំពីកង្វះខាតសក្តានុពលនៃផលិតផលប្រេង និងផលិតផលដែលត្រូវការប្រេងដើម្បីផលិត។

គួរបញ្ជាក់ថា នៅក្នុងការស្ទង់មតិប្រចាំខែដែលធ្វើឡើងដោយរ៉យទ័រនេះ ៤៦ភាគរយ នៃក្រុមហ៊ុនជប៉ុនធំៗ និងមធ្យម ចំនួន ៥០២ ដែលស្មើនឹង ២៥១ ក្រុមហ៊ុនបានឆ្លើយតបថា ពួកគេរំពឹងថា ធនាគារកណ្តាលជប៉ុន (BOJ) នឹងដោះស្រាយបញ្ហាអត្រាការប្រាក់អវិជ្ជមាននៅខែមិថុនា ឆ្នាំ២០២៤ ខាងមុខ ឬឆាប់ជាងនេះ។

កាលពីសប្តាហ៍មុន ធនាគារកណ្តាលជប៉ុន បានដាក់ចេញវិធានការបន្ធូរបន្ថយការគ្រប់គ្រងរបស់ខ្លួនលើអត្រាការប្រាក់រយៈពេលវែង ឱ្យនៅក្រោម ១ភាគរយ។ ជប៉ុនបានចាត់ទុកអត្រាការប្រាក់នេះថាជាអត្រាដែលអាចបត់បែនបាន ជាជាងអត្រាការប្រាក់ដាច់ខាត។ បច្ចុប្បន្ននេះ ធនាគារកណ្តាលជប៉ុនមានបំណងបញ្ឈប់គោលនយោបាយអត្រាការប្រាក់អវិជ្ជមានរបស់ខ្លួន និងនាំយកអត្រាការប្រាក់រយៈពេលខ្លីរហូតដល់សូន្យ ជំនួសឱ្យ -០,១ភាគរយ ដែលជាអត្រាការប្រាក់នាពេលបច្ចុប្បន្ន។

យោងតាមការស្ទង់មតិ ៤០ភាគរយ នៃក្រុមហ៊ុនជប៉ុនបានបញ្ជាក់ថា គោលនយោបាយអត្រាការប្រាក់អវិជ្ជមានកំពុងផ្តល់អត្ថប្រយោជន៍ដល់ការគ្រប់គ្រងក្រុមហ៊ុនរបស់ពួកគេ នេះបើយោងតាមការស្ទង់មតិដែលធ្វើឡើងដោយក្រុមហ៊ុន Nikkei Research សម្រាប់សារព័ត៌មានរ៉យទ័រ ចាប់ពីថ្ងៃទី២៤ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា ដោយមានការធានាភាពអនាមិករបស់ក្រុមហ៊ុន ដើម្បីលើកទឹកចិត្តឱ្យមានការឆ្លើយតបដោយស្មោះត្រង់៕

ប្រែសម្រួល៖ ធា សុណា

ប្រភពព័ត៌មាន៖ Reuters

Half of Japanese firms see earnings risks from Israel-Hamas conflict

https://www.reuters.com/markets/asia/half-japanese-firms-see-earnings-risks-israel-hamas-conflict-2023-11-08/

ads banner