នាយករដ្ឋមន្ត្រី ណែនាំឱ្យកងទ័ពទាំងអស់ ត្រៀមលក្ខណៈទប់ស្កាត់ ករណី ភេរវកម្ម ដែលអាចកើតមានលើទឹកដីកម្ពុជា
(ភ្នំពេញ)៖ ក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស (៩ វិច្ឆិកា ១៩៩៥-៩ វិច្ឆិកា ២០២៣) នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅបញ្ជាការដ្ឋានទ័ពពិសេស ក្នុងរាជធានីភ្នំពេញ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យកងទ័ពទាំងអស់ ត្រូវត្រៀមលក្ខណៈជានិច្ច ដើម្បីទប់ស្កាត់ករណីភេរវកម្ម ព្រោះអត់មានអ្នកណាទាយដឹងថា ភេរវកម្ម មិនអាចកើតមានលើទឹកដីកម្ពុជានោះទេ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នាពេលកន្លងទៅ កងទ័ពបានទប់ស្កាត់ករណីភេរវកម្ម ជាច្រើនករណី ដូច្នេះ កងទ័ពទាំងអស់ ត្រូវត្រៀមលក្ខណៈផងដែរ។ សម្ដេច ថា៖ ប្រយុទ្ធប្រឆាំងអំពើភេរវកម្មដែលអាចកើតមានឡើង ហើយកិច្ចការងារនេះ ជាការងារសំខាន់ យើងសង្ឃឹមថា វាមិនកើត តែយើងត្រៀមលក្ខណៈប្រសិនវាកើត អត់មានពីណាទាយបានថា ភេរវកម្ម មិនអាចកើតមានលើទឹកដីកម្ពុជានោះទេ ហើយយើងក៏ធ្លាប់មានករណីជាច្រើន ដែលយើងអាចទប់ស្កាត់ និងអាចបង្ការបាននៅពេលភេរវករ ក្នុងការវាយប្រហារនៅលើទឹកដីរបស់យើង ។

សម្ដេចធិបតី ក៏បានណែនាំកងទ័ពត្រូវត្រៀមលក្ខណៈ ការពារនៅតំបន់មួយចំនួន ដូចជា៖ នៅខេត្តព្រះសីហនុ ខេត្តសៀមរាប និងរាជធានីភ្នំពេញ ដែលមានវត្តមាននូវភ្ញៀវទេសចរជាច្រើន ព្រោះថា ការគំរាមកំហែង បែបមិនប្រព្រៃណីនេះ គឺជាការឆ្លងព្រំដែន ។
សម្ដេចនាយករដ្ឋមន្ត្រី បានបន្តថា ជនជាតិមួយ ជាមុខសញ្ញាអាចរងការវាយប្រហានៅលើប្រទេសផ្សេងៗ រួមទាំងកម្ពុជា។ ដូច្នេះត្រូវត្រៀមលក្ខណៈគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ ជាក់ស្ដែង បញ្ហាកើតឡើងទាក់ទងទៅនឹងការប្រឆាំងភេរកម្ម, ការប្រយុទ្ធនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការឆ្លើយតបទៅនឹងគ្រោះមហន្ដរាយ នឹងក្លាយទៅជាឧទាហរណ៍មួយចំនួន នៃសមរភូមិបែបថ្មីនៅក្នុងសតវត្សរ៍ទី២១នេះ ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា ការកើនឡើងនៃបញ្ហាទាំងនេះ គឺជាសក្ខីភាពនៃភាពចាំបាច់នៃអង្គភាពទ័ពពិសេសមួយ ដែលមានសមត្ថភាពខ្ពស់ អាចឆ្លើយតបបានឆាប់រហ័ស និងទាន់វេលា ៕











អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ