សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កិច្ចការសំខាន់ ៣ចំណុច ដើម្បីធ្វើទំនើបកម្មកងទ័ព ឱ្យទាន់សម័យកាល

(ភ្នំពេញ)៖ ក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស (៩ វិច្ឆិកា ១៩៩៥-៩ វិច្ឆិកា ២០២៣) នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅបញ្ជាការដ្ឋានទ័ពពិសេស ក្នុងរាជធានីភ្នំពេញ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងពីកិច្ចការសំខាន់ ៣ចំណុច ដែលកងកម្លាំងត្រូវតែធ្វើទំនើបកម្មឱ្យទាន់សម័យកាល ទើបឆ្លើយតបសភាពការណ៍មានប្រសិទ្ធភាព។

សម្ដេចធិបតី បានថ្លែងថា ការធ្វើទំនើរកម្មកងទ័ព គឺយើងត្រូវផ្ដោតលើទី១-ទំនើបកម្មរចនាសម្ព័ន្ធ, ទី២-ទំនើបកម្មការហ្វឹកហ្វឺន និងទី៣-ទំនើបកម្មគ្រឿងបំពាក់ ។ ចំពោះទំនើបកម្មរចនាសម្ព័ន្ធ គឺយើងត្រូវពិនិត្យវាយតម្លៃជាប់ជាប្រចាំ ទៅលើការកែសម្រួល និងរចនាសម្ព័ន្ធឱ្យស្របទៅនឹងសំណូមពរ ភារកិច្ចបច្ចុប្បន្នទៅអនាគត។

សម្ដេច ថា ជាការពិតណាស់ កងយោធលខេមរភូមិន្ទ មានប្រវត្តិយូរអង្វែង ប៉ុន្តែគ្រប់សម័យកាល បញ្ហានិងការប្រឈម គឺមានលក្ខណៈខុសគ្នា។ ជាក់ស្ដែង ការប្រឈម និងការគំរាមកំហែងបច្ចុប្បន្នពីសង្គ្រាមបែបប្រពៃណី សង្គ្រាមបែបប្រើប្រាស់កម្លាំងធំទល់នឹងកម្លាំងធំ កម្ពុជា មានហានិភ័យតិចណាស់ ។

សម្ដេចនាយករដ្ឋមន្ត្រី បានបន្ថែមថា ចំណែកឯការប្រឈមនឹងសន្តិសុខបែបមិនប្រពៃណី ក្នុងនោះការប្រយុទ្ធប្រឆាំងមួយនឹងអំពើភាវកម្មឧក្រិដ្ឋកម្មផ្សេងៗ ការប្រឈមជាមួយនឹងគ្រោះមហន្តរាយគ្រប់ប្រភេទ និងហានិភ័យពីសន្តិសុខផ្នែកប្រព័ន្ធបច្ចេកវិទ្យា កិច្ចការទាំងអស់នេះ គឺទាមទារឱ្យគ្រប់ស្ថាប័នជាតិ ជាពិសេសកម្លាំងសន្តិសុខ ក្នុងនោះមានកងទ័ពផងដែរ បន្តយកចិត្តទុកដាក់នៅក្នុងការវាយតម្លៃ និងកែសម្រួលរចនាសម្ព័ន្ធ ទាំងកងទ័ពជើងគោក ជើងទឹក និងជើងអាកាស ដើម្បីឱ្យឆ្លើយតបនឹងតម្រូវការជាក់ស្ដែង។ ដូច្នេះការពង្រឹងសមត្ថភាព គឺជាការសំខាន់ណាស់ ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner