លោក រ៉ុង ឈុន ប្រកាសជាផ្លូវការចាកចេញពីគណបក្សភ្លើងទៀន
ភ្នំពេញ៖ លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន បានប្រកាសជាផ្លូវការចាកចេញពីគណបក្សភ្លើងទៀន ទៅចូលរួមជីវភាពនយោបាយជាមួយគណបក្សកម្លាំងជាតិ។ ការចាកចេញនេះ បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ស្ថិតនៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោក រ៉ុង ឈុន បានបញ្ជាក់ថា តួនាទី និងតំណែង ដែលលោកចាកចេញពីអនុប្រធានគណបក្សភ្លើងទៀន គឺវាមិនសំខាន់មនោះទេ។ លោកនៅមិនទាន់អាចបញ្ជាក់អំពីតួនាទីតំណែងដែលលោកទៅចូលរួមជាមួយគណបក្សកម្លាំងជាតិនៅឡើយទេ ដោយរង់ចាំការធ្វើសមាជនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។
គួរបញ្ជាក់ថា លោក រ៉ុង ឈុន លោក ជា មុនី រួមទាំងមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនមួយចំនួនបានចាកចេញពីគណបក្សភ្លើងទៀន ទៅចូលរួមជាមួយគណបក្សកម្លាំងជាតិ។

សូមរម្លឹកឱ្យដឹងដែរថា លោក ស៊ុន ចន្ធី អតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការរងគណបក្សភ្លើងទៀន និងជាអតីតជំនួយការជនក្បត់ជាតិ៣ជំនាន់ បានដាក់ពាក្យស្នើសុំបង្កើតគណបក្សកម្លាំងជាតិ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។ លោក ស៊ុន ចន្ធី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សភ្លើងទៀន និងជាអតីតជំនួយការជនក្បត់ជាតិ ៣ជំនាន់ បានលាលែងសមាជិកភាពគណបក្សភ្លើងទៀន។ ការលាលែងនេះ បានធ្វើឡើងកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣។ លោក ស៊ុន ចន្ធី បានទទួលនីតិសម្បទាឡើងវិញ តាមព្រះរាជក្រឹត្យចុះ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។ គួរបញ្ជាក់ថា លោក ស៊ុន ចន្ធី ត្រូវបានហាមឃាត់មិនឱ្យធ្វើសកម្មភាពនយោបាយ សម្រាប់រយៈពេល៥ឆ្នាំ តាមអំណាចសាលដីកាលេខ ៣៤០ ( ឆ ) ចុះ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់តុលាការកំពូល។ លោក ស៊ុន ចន្ធី ដាក់ពាក្យស្នើសុំផ្តល់នីតិសម្បទា នូវសិទ្ធិធ្វើនយោបាយឡើងវិញ ទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃកាលពី ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១៕
ដោយ៖ពលជ័យ