សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញអនុសាសន៍ ៥ចំណុច ជូនបណ្តាអង្គភាព នៃកងយោធពលខេមរភូមិន្ទទាំងអស់ ដើម្បីបំពេញបេសកកម្មការពារជាតិ

(ភ្នំពេញ)៖ ក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស (៩ វិច្ឆិកា ១៩៩៥-៩ វិច្ឆិកា ២០២៣) នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅបញ្ជាការដ្ឋានទ័ពពិសេស ក្នុងរាជធានីភ្នំពេញ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវអនុសាសន៍ ៥ ចំណុច ជូនបណ្តាអង្គភាព នៃកងយោធពលខេមរភូមិន្ទទាំងអស់ ដើម្បីបំពេញបេសកកម្មការពារជាតិ ដែលកំណត់ដោយរាជរដ្ឋាភិបាល នីតិកាលទី៧ ។

អនុសាសន៍ ៥ ចំណុច ដែលសម្ដេចធិបតី ដាក់ជូនបណ្តាអង្គភាពនៃកងយោធពលខេមរភូមិន្ទទាំងអស់ មានដូចខាងក្រោម៖

ទី១- កងទ័ពត្រូវតែជាកងទ័ពមានវិជ្ជាជីវៈខ្ពស់ (Professional Military) ដែលស្មោះត្រង់ដាច់ខាតចំពោះជាតិ មាតុភូមិ និងប្រជាជន និងយកអស់ស្មារតី គោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវរាល់បទប្បញ្ញត្តិ, សារាចរណែនាំ, លក្ខន្តិកៈកងយោធពលខេមរភូមិន្ទ, បទដ្ឋានគតិយុត្តនានា, ប្រកាន់ខ្ជាប់នូវប្រពៃណី, សេចក្តីថ្លៃថ្នូរ របស់កងយោធពលខេមរភូមិន្ទ ក្លាយជាកម្លាំងពិត ដើម្បីការពារជាតិមាតុភូមិ និងប្រជាជន ។

ទី២- គ្រប់អង្គភាពទាំងអស់ត្រូវយកចិត្តទុកដាក់បំផុត ទៅលើការប្រើប្រាស់កងកម្លាំង, ធនធាន, និងទ្រព្យសម្បត្តិរដ្ឋ ដែលបានប្រគល់ជូន ឱ្យបានស្ថិតស្ថេរ និងមានប្រសិទ្ធភាព, ពោលគឺ សូមប្រើប្រាស់កម្លាំងឱ្យសមស្របទៅនឹងតម្រូវការ និងសូមគ្រប់គ្រងថែរក្សាគ្រឿងសព្វាវុធ, បរិក្ខារយោធាគ្រប់បែបយ៉ាង ព្រមទាំងស្បៀងអាហារជាដើម ឱ្យបានត្រឹមត្រូវ និងបានគង់វង្ស។

ទី៣- គ្រប់អង្គភាពទាំងអស់ត្រូវពង្រឹងការងារហ្វឹកហ្វឺនរៀនសូត្រ និងការកសាងប្រភពធនធានមនុស្ស ទាំងបរិមាណ និងគុណភាព ដើម្បីបម្រើការពារជាតិ ឱ្យមានប្រសិទ្ធភាព ។ ជាពិសេស អង្គភាពទាំងអស់ត្រូវពង្រឹងការបង្កើនជំនាញដល់កងទ័ព ទាំងជំនាញយោធា និងជំនាញដែលមានប្រយោជន៍ក្នុងវិស័យស៊ីវិល ដើម្បីធានាថា កងទ័ពយើងមានសមត្ថភាព ហើយក៏នឹងក្លាយជាធនធានដ៏មានតម្លៃជូនសង្គមជាតិផងដែរ ក្រោយពេលលាឈប់ពីជួរកងទ័ព ។

ទី៤- សូមអង្គភាពទាំងអស់យកចិត្តទុកដាក់ត្រៀមកម្លាំង មធ្យោបាយ និងសម្ភារគ្រប់បែបយ៉ាង ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ នៅពេលមានគ្រោះភ័យជាយថាហេតុណាមួយ ដោយត្រូវមានស្មារតីបុរេសកម្ម ព្រមទាំងសហការឱ្យបានស្អិតរមួតជាមួយអាជ្ញាធរដែនដី និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ។

ទី៥- សូមអង្គភាពទាំងអស់ជំរុញការកសាងសេដ្ឋកិច្ចនៅនឹងកន្លែង ដូចជា ការបង្កបង្កើនផល និងការចិញ្ចឹមសត្វជាដើម ដើម្បីកែប្រែជីវភាពរស់នៅរបស់កងទ័ព និងក្រុមគ្រួសារឱ្យមានជីវភាពរស់នៅសមស្រប, មានផាសុកភាព, សុខុមាលភាព និងផលិតភាព ក្នុងការបំពេញបេសកកម្មរបស់ខ្លួន ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner