ពិព័រណ៍ការងារ និងផលិតភាពជាតិដ៏ធំប្រចាំឆ្នាំ ២០២៣ នឹងផ្តល់ឱកាសការងារជាងពឺរម៉ឺនកន្លែង
ភ្នំពេញ៖ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៣ លើកទី១៣ បានប្រព្រឹត្តិទៅរយៈពេលពីរថ្ងៃពីថ្ងៃទី១០និងទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៨ ព្រឹក ដល់ ម៉ោង ៨ យប់ នៅសាលពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ។
ពិព័រណ៍ការងារនេះ មានការសហការរៀបចំរវាង(NEA) ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) អង្គការអន្តរជាតិខាងការងារ (ILO) និងអង្គការភីផលអ៊ីននិត (People In Need Cambodia) ស្វីសខនថាក់ និងគាំទ្រដោយដៃគូពាក់ព័ន្ធជាច្រើនទៀត។តាមរយៈព្រឹត្តិការណ៍នេះ អ្នករៀបចំរំពឹងថា នឹងផ្តល់ឱកាសការងារជាងពីរម៉ឺនកន្លែង ដែលមកពីបណ្តារោងចក្រ សហគ្រាសធំៗចំនួន ១៥០ មកពីវិស័យសំខាន់ៗដូចជា ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធានារ៉ាប់រង សេវាកម្មលក់ដុំនិងរាយ ទេសចរណ៍ និងបដិសណ្ឋារកិច្ចម្ហូបអាហារនិងភេសជ្ជៈ អចលនទ្រព្យនិងសំណង់ ទូរគមនាគមន៍និងបច្ចេកវិទ្យាព័ត៌មានវិទ្យា ឧស្សាហកម្មនិងកម្មន្តសាល ព្រមទាំងវិស័យសេវាកម្មផ្សេងៗ ជាដើម។ យុវជន សិស្ស និស្សិត និងអ្នកស្វែងរកការងារធ្វើទាំងអស់ អាចដាក់ពាក្យដោយផ្ទាល់ និងត្រូវបានសម្ភាសន៍ជ្រើសរើសភ្លាមៗដោយក្រុមហ៊ុន-សហគ្រាស ដែលចូលរួមតាំងបង្ហាញក្នុងបញ្ជរចំនួនជាង ១៨៨។
ព្រឹត្តិការណ៍ការងារដ៏ធំ ជាងគេប្រចាំឆ្នាំ២០២៣ នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្តល់វេទិកាដ៏ធំជួបជុំគ្នានៅមួយកន្លែងដោយប្រមូលផ្តុំតម្រូវការជ្រើសរើសកម្លាំងពលកម្មដ៏ច្រើនសន្ធឹកសន្ធាប់ និង អាចចូលមើលតាមប្រព័ន្ធអនឡាញពីគ្រប់ទីកន្លែងទូទាំងប្រទេស សម្រាប់និយោជក អ្នកស្វែងរកការងារ និងអ្នកផ្តល់ការអប់រំបណ្ដុះបណ្ដាល។

និយោជកអាចតាំងបង្ហាញ និងផ្សព្វផ្សាយពីតម្រូវការជ្រើសរើសកម្លាំងពលកម្ម ដើម្បីទាក់ទាញអ្នកស្វែងរកការងារ ដែលមានសមត្ថភាពជំនាញ និងសក្តានុពលស្របតាមតម្រូវការ ខណៈអ្នកស្វែងរកការងារអាចដាក់ពាក្យស្នើសុំការងារភ្លាមៗ និងសម្ភាសការងារផ្ទាល់ និងតាមប្រព័ន្ធអនឡាញ។
តាមរយៈពិព័រណ៍នេះដែរ អ្នកផ្តល់ការអប់រំបណ្ដុះបណ្តាលអាចផ្សព្វផ្សាយកម្មវិធីសិក្សា វគ្គសិក្សា និងកម្មវិធីអភិវឌ្ឍជំនាញគ្រប់ប្រភេទ និងជាផ្នែកមួយជួយលើកកម្ពស់ការចូលរួមការបណ្ដុះគំនិតអំពីការបង្កើនផលិតភាពការងារតាមរយៈការចែករំលែកបទពិសោធន៍ ចំណេះដឹងនិងការអនុវត្តល្អៗពីវាគ្មិនជំនាញនៅក្នុងសិក្ខាសាលាផលិតភាពផងដែរ៕

ដោយ៖ សុខ រក្សា