​ជន​ចំណាកស្រុក ​១២៣ ​នាក់ត្រូវ​បាន​គេ​រក​ឃើញ​ជាប់​ក្នុងកុងតឺន័រ កណ្តាលប្រទេសម៉ិកស៊ិក

ម៉ិកស៊ិក៖ទីភ្នាក់ងារអន្តោប្រវេសន៍របស់ប្រទេសម៉ិកស៊ិកកាលពីថ្ងៃព្រហស្បតិ៍ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បាន​និយាយ​ថា អាជ្ញាធរបានរកឃើញជនចំណាកស្រុកអាមេរិកឡាទីនកណ្តាល និងអាមេរិកឡាទីន ខាងត្បូង ចំនួន ១២៣នាក់ ជាប់នៅក្នុងកុងតឺន័រមួយនៅកណ្តាលរដ្ឋ San Luis Potosi។

ជនចំណាកស្រុកទាំងអស់ ត្រូវបានរកឃើញដោយមន្ត្រី​ពីការិយាល័យមេធាវីរបស់រដ្ឋ​ San Luis Potosi នៅក្នុងទីក្រុង Matehuala ​បន្ទាប់ពី​បានឮសំឡេង​ស្រែកឱ្យជួយចេញពីក្នុង​កុងតឺន័រមួយដែលបាន​ចាក់​សោ​ចោល​។

បើយោងតាមវិទ្យាស្ថានអន្តោប្រវេសន៍ជាតិរបស់ប្រទេសម៉ិកស៊ិកបានឱ្យដឹងថា ភាគច្រើន​នៃ​ជន​ចំណាក​ស្រុក​ដែលត្រូវបានជួយសង្គ្រោះគឺមកពីប្រទេសអាមេរិកឡាទីនកណ្តាលរួមមានប្រទេស ហ្គាតេម៉ាឡា នីការ៉ាហ្គា ហុងឌូរ៉ាស អែលសាល់វ៉ាឌ័រ ព្រមទាំងបួននាក់មកពីប្រទេសអេក្វាឌ័រ និងម្នាក់មកពី​ប្រទេស​គុយបា​។ ហើយក្នុងចំណោមជនចំណាកស្រុករងគ្រោះទាំងនេះ មាន​កុមារ​ចំនួន ៣៤​នាក់​។

ទីភ្នាក់ងារអន្តោប្រវេសន៍មិនបានពន្យល់ពីរបៀបដែលជនចំណាកស្រុកមកជាប់គាំងនៅកណ្តាលទីក្រុង ឬ​បង្ហាញ​ពីកន្លែងដែលពួកគេ​ធ្វើដំណើរនោះទេ។ ចំណែកក្រុមជនចំណាកស្រុកវិញ ដឹងត្រឹម​ថាខ្លួន​អាចនឹងទៅដល់ទឹកដីសហរដ្ឋអាមេរិកប៉ុណ្ណោះ។

នៅថ្ងៃដដែលនេះ ប៉ូលិសនៅទីក្រុង Ciudad Juarez ក្បែរបន្ទាត់ព្រំដែន El Paso រដ្ឋតិចសាស់ បានចាប់ខ្លួនអ្នករត់ពន្ធមនុស្ស ៣នាក់ បន្ទាប់ពីបានរកឃើញជនចំណាកស្រុកមកពីប្រទេស Guatemalan ចំនួន ១១នាក់ជាប់នៅក្នុងផ្ទះមួយ ស្រដៀងនឹងករណីជាប់ក្នុងកុងទីណឺខាងលើដែរ។

គួរជម្រាបថា គ្រោះថ្នាក់សម្រាប់ជនចំណាកស្រុកដែលរួមមាន ការចាប់ជំរិត ការឆបោក និងការ​ទារប្រាក់​ពី​ក្រុមក្មេងទំនើងក្នុងតំបន់សម្រាប់ការធ្វើ​ដំណើរ​ឆ្លងកាត់ព្រំដែនបាន​ក្លាយជាបញ្ហាធំ​មួយសម្រាប់អាជ្ញាធរ​នៅតំបន់អាមេរិកឡាទីន។

លើសពីនេះ ទាំងព្រំដែនភាគខាងត្បូងរបស់សហរដ្ឋអាមេរិក និងម៉ិកស៊ិក បាន​​​ប្រឈមមុខ​នឹង​កំណើន​ជន​ចំណាក​ស្រុកធ្វើដំណើរទៅ កាន់តែច្រើនឡើងៗក្នុងឆ្នាំនេះ រួមទាំងប្រទេសប៉ាណាម៉ានៅ​អាមេរិក

ឡា​ទីន​​កណ្តាល​​ក៏ដូចគ្នា។​ បើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលប៉ាណាម៉ាបានឱ្យ​ដឹង​ថា មនុស្សជាង ៤០ម៉ឺននាក់បានឆ្លងកាត់តំបន់ Darien Gap ពីប្រទេសកូឡុំប៊ី ចូលទៅ​ក្នុងប្រទេស​របស់ខ្លួនក្នុងឆ្នាំ ២០២៣៕

ប្រែសម្រួល៖ ស្រ៊ុន សិរីវឌ្ឍនៈ

ប្រភព៖ https://apnews.com/article/migrants-mexico-trapped-smuggling-f214d027f2a33f3992d4eb20a0a8d6a8

ads banner