រាជរដ្ឋាភិបាលកម្ពុជា សម្រេចប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវកា យុទ្ធសាស្ត្រ ចក្រា នៅថ្ងៃទី១៥ ខែវិច្ឆិកា ខាងមុខនេះ

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចប្រកាស ឱ្យប្រើប្រាស់ យុទ្ធសាស្ត្រចក្រា នៃវិស័យបរិស្ថានថ្មី ឆ្នាំ២០២៣-២០២៨ ដោយ ឈរ លើអាទិភាពចម្បង៣គឺ៖ ស្អាត បៃតង និងចីរភាព ដែលឆ្ពោះ ទៅរកការសម្រេចបាននូវអព្យាក្រឹតភាពកាបូន នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ ក្រសួងបរិស្ថាន នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

ក្នុងសន្នីសីទស្តីពីការប្រែប្រួលអាកាសធាតុនៅកម្ពុជាឆ្នាំ២០២៣ ដែលបានរៀបចំឡើងនៅខេត្តសៀមរាប កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣  ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា យុទ្ធសាស្រ្តចក្រា ទទួលបានការវាយតម្លៃខ្ពស់ ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានផ្តោតលើការយកចិត្តទុកដាក់បញ្ហាបរិស្ថានកាន់តែមានប្រសិទ្ឋភាព ដើម្បីជួយឲ្យប្រជាជនមានជីវភាពប្រសើរ និងការអភិវឌ្ឍ ដោយចីរភាព ឆ្ពោះទៅសម្រេចគោលដៅជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅ ឆ្នាំ២០៥០។

អនុលោមតាម «យុទ្ធសាស្រ្តបញ្ចកោណ » ដំណាក់កាលទី១ និង ឈរលើមូលដ្ឋាននៃគោលនយោបាយ និងយុទ្ធសាស្រ្តជាតិដែលមាន ជាធរមាន ព្រម ទាំងក្របខណ្ឌអនុសញ្ញាអន្តរជាតិពាក់ព័ន្ធ ក្រសួង បរិស្ថាន បានរៀបចំ «យុទ្ធសាស្រ្ត ចក្រាវិស័យបរិស្ថាន» ឆ្នាំ២០២៣-២០២៨ ក្នុងគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញ ការងារជាអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និង សុក្រឹតកម្ម បរិស្ថានកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់ សេដ្ឋកិច្ចបៃតង សំដៅសម្រេចគោលដៅយុទ្ធ សាស្រ្ត បញ្ចកោណ គឺ «ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ ៦០ភាគរយ នៅឆ្នាំ២០៥០»។

យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន បានរចនាឡើងជារូបរង្វង់ ដោយមាន យុទ្ធសាស្រ្តស្នូល ផ្តោតលើមុំចំនួន៣ រួមមាន៖ ពង្រឹងគោល នយោ បាយ កសាងរដ្ឋបាល ឌីជីថល និងពង្រីកការផ្សព្វផ្សាយ ដែលមុំ ទាំងបី នេះ ជាកម្លាំងចលករដ៏សំខាន់ក្នុងការរុញបង្វិលយុទ្ធសាស្រ្ត បីផ្សេងទៀត ឱ្យដំណើរការដោយជោគជ័យ គឺយុទ្ធសាស្រ្តទី១ ភាពស្អាត ដែលផ្តោតលើមុំ គ្រប់គ្រងការបំពុល ធ្វើទំនើបកម្ម សមត្ថភាព វិនិច្ឆ័យការបំពុល និងលើកកម្ពស់ការវាយតម្លៃ ហេតុប៉ះ ពាល់បរិស្ថាន យុទ្ធសាស្រ្តទី២ ភាពបៃតង ផ្តោតលើមុំ ពង្រីក ចលនា ដាំដើមឈើ ជំរុញការគ្រប់គ្រងតំបន់ការពារ ធម្មជាតិ និងលើកកម្ពស់ ជីវភាពសហគមន៍មូលដ្ឋាន និង យុទ្ធសាស្រ្តទី៣ ចីរភាព ផ្តោតលើមុំ ធ្វើ អនុលោមភាព ពង្រីកសហប្រតិបត្តិការ និងពង្រឹងការសម្រប សម្រួល ។

គួរឱ្យដឹងថា ជាមួយនឹងយុទ្ធសាស្រ្តចក្រា ក្រសួងបរិស្ថាន បាន និង កំពុងរៀបចំយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធាន បទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នៅទូទាំងប្រទេស ដោយមាន ការ ចូលរួមពីសិស្សានុសិស្ស ចំនួនជាង ២,៦ លាននាក់។ យុទ្ធនាការ នេះ មិនត្រឹមតែមានការគាំទ្រ និងចូលរួមពីសាលារៀនប៉ុណ្ណោះទេ ប៉ុន្តែ ក៏មានការគាំទ្រយ៉ាងពេញទំហឹងពីដៃគូអភិវឌ្ឍន៍ ម្ចាស់រោងចក្រ និងកាកបាទក្រហមកម្ពុជាព្រមទាំងដៃអភិវឌ្ឍន៍ផងដែរ។

ក្រសួងបរិស្ថាន ក៏បានដាក់ចេញនូវវិធានការចំនួន៤ សម្រាប់ការគ្រប់ គ្រង ធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍប្រកប ដោយ ចីរភាពឱ្យមានប្រសិទ្ធភាព ដែលក្នុងនោះ
ទី១៖ គឺការអនុវត្ត ច្បាប់ ១០០% មិនអត់ឱនចំពោះឧក្រិដ្ឋកម្មធនធានធម្មជាតិ,
ទី២៖ ពង្រឹងសហការឱ្យកាន់ស្អិតរមួត ជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ទប់ស្កាត់បទល្មើសធនធានធម្មជាតិ,
ទី៣៖ សហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីពង្រឹងការអនុវត្តច្បាប់បន្ថែមទៀត និង
ទី៤៖ បង្កើតផែនការដាំដើមឈើឡើងវិញ និងការគ្រប់គ្រងព្រៃឈើដោយនិរន្តរភាព។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នៅថ្ងៃទី១០ ខែតុលា បានប្រកាសផ្តល់កូនឈើជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តយកទៅដាំថែរក្សាដោយខ្លួនឯង ប្រមាណចំនួន ១លាន៣០ម៉ឺនដើម ក្នុងមួយឆ្នាំ ដើម្បីបង្កើនគម្របព្រៃឈើរហូតដល់ ៦០% នៅឆ្នាំ២០៥០ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner