ឯកឧត្តម ហេង សួរ៖ “សូមជូនពរឱ្យទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន បន្តរីកចំរើន និងកាន់តែរឹងមាំ”
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ បណ្តាល វិជ្ជាជីវៈ ចង់ឃើញទំនាក់ទំនងកម្ពុជានិងជប៉ុនកាន់តែ រីកចម្រើន និងរឹងមាំ។
តាមរយៈហ្វេសប៊ុកផ្លូវការឯកឧត្តមបានលើកឡើងថា៖ “សូមជូនពរ ឱ្យទំនាក់ទំនងរវាងកម្ពុជានិងជប៉ុនបន្តរីកចំរើននិងកាន់តែរឹងមាំ”។

ការលើកឡើងដូចនេះ បន្ទាប់ពី ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅល្ងាចថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ និងឯកឧត្តម Ueno Atsushi ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជា ព្រមទាំងតំណាងក្រសួងស្ថាប័នជាច្រើនរូប បានចូលរួម ពិធីបើក “មហោស្របភាពយន្តជប៉ុនលើកទី៩ នៅកម្ពុជា – The 9th Japanese Film Festival in Cambodia”ដែលធ្វើឡើង នៅផ្សារ ទំនើបអ៊ីអនភ្នំពេញ។

ដើម្បីអបអរសាទរខួបលើកទី៧០ឆ្នាំ នៃទំនាក់ទំនងការទូត កម្ពុជា និងជប៉ុននៅឆ្នាំ២០២៣នេះ ព្រឹត្តិការមហោស្របខ្សែភាពយន្ត ជប៉ុន លើកទី៩នេះ បាននិងកំពុងដាក់បញ្ចាំងនៅទីក្រុងចំនួន ៥ គឺក្រុង សៀមរាប រាជធានីភ្នំពេញ ក្រុងបាត់ដំបង ក្រុងកំពង់ចាម និងក្រុង ព្រះសីហនុ។
សូមបញ្ជាក់ថា មហោស្របភាពយន្តជប៉ុននេះ គឺជាព្រឹត្តិការមួយក្នុង ចំណោមព្រឹត្តិការជាច្រើនដែលរាជរដ្ឋាភិបាលកម្ពុជា និងស្ថានទូត ជប៉ុននៅកម្ពុជា រួមគ្នារៀបចំឡើងដើម្បីអបអរសាទរ ខួបលើកទី ៧០ឆ្នាំ នៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ៕
ប្រភព ៖ ក្រសួងការងារ


