ប្រធានាធិបតីវៀតណាមនឹងចូលរួមកម្មវិធី «សប្តាហ៍មេដឹកនាំសេដ្ឋកិច្ច APEC» នៅអាមេរិក

ហាណូយ៖ លោកប្រធានាធិបតី Vo Van Thuong នឹងចូលរួមកម្មវិធី «សប្តាហ៍មេដឹកនាំសេដ្ឋកិច្ចនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ APEC» នៅទីក្រុង San Francisco សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ១៤ ដល់ ១៧ ខែវិច្ឆិកា។

ក្រសួងការបរទេសអាមេរិកបានប្រកាស ថ្មីៗនេះថា ការចូលរួមរបស់ លោក Vo Van Thuong នាពេលខាងមុខនេះ គឺធ្វើឡើង តបតាមការអញ្ជើញរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ហើយវត្តមានរបស់ប្រធានធិបតីវៀតណាម នៅអាមេរិក នាពេលនោះ ក៏នឹងមានកម្មវិធីជួបពិភាក្សាផ្តោតលើទំនាក់ទំនងទ្វេភាគី រវាងអាមេរិក និងវៀតណាមផងដែរ។

ដំណើរបេសកកម្មរបស់ប្រធានាធិបតីវៀតណាមនៅអាមេរិក ត្រូវបានគ្រោងរៀបចំឡើង បន្ទាប់ពីរយៈពេលពីរខែ ដែលវៀតណាម និងសហរដ្ឋអាមេរិកបានធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងការទូតទ្វេភាគី ទៅជាភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Joe Biden ទៅកាន់ទីក្រុងហាណូយ។

សហរដ្ឋអាមេរិកគ្រោងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំ APEC ឆ្នាំ២០២៣នេះ ក្រោមប្រធានបទ «បង្កើតអនាគតដែលធន់ និងនិរន្តរភាពសម្រាប់ទាំងអស់គ្នា»៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner