មន្រ្តីជំនាញ ដកហូតទំនិញខូចគុណភាព និងផ្ទុកនូវសារធាតុគី មីហាម ឃាត់ ចំនួន ២៦១.៣៥គីឡូក្រាម ដែលប៉ះពាល់សុខភាពអ្នក ប្រើប្រាស់ធ្ងន់ធ្ងរ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប )បានឱ្យដឹង ថា ដើម្បីបន្តនូវការ ការពារសុខុមាលភាពប្រជាពលរដ្ឋ មន្រ្តីជំនាញបានត្រួតពិនិត្យលើ មុខ ទំនិញប្រមាណជិត១០០មុខដែលជាម្ហូបអាហារ បម្រើឱ្យ ជីវភាព ប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់។

ជាក់ស្ដែង ក្នុងប្រតិបត្តិការនោះ ទំនិញខូចគុណភាព និងផ្ទុកនូវសារធាតុគីមីហាមឃាត់ចំនួន ២៦១.៣៥គីឡូក្រាមត្រូវបានមន្រ្តីជំនាញ ក.ប.ប. ដកហូតក្រោយរកឃើញថាមានហានិភ័យ និងប៉ះពាល់សុខភាពអ្នកប្រើប្រាស់ធ្ងន់ធ្ងរ។ លទ្ធផលនៃការរកឃើញខាងលើគឺធ្វើឡើងក្នុងខេត្តកំពង់ចាម ខេត្តឧត្តរមានជ័យ ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង និងរាជធានីភ្នំពេញ នាថ្ងៃទី៩-១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

មន្រ្តីជំនាញ ក៏បានធ្វើការផ្សព្វផ្សាយអប់រំអំពីចំណេះដឹងផ្នែក ច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធម្ហូបអាហារជូនដល់បងប្អូនប្រជាពលរដ្ឋ ជាពិេសសអាជីវករដែលជាអ្នកលក់ដូរស្រាប់ឱ្យបានយល់អំពីផលប៉ះពាល់ នៃសារធាតុគីមីហាមឃាត់ និងទោសទណ្ឌដែលនឹងត្រូវពិន័យ ក្រោយរកឃើញថាខុសផ្ទុយនឹងច្បាប់ដែមានចែង។

សូមជម្រាបជូនថា ដោយអនុវត្តតាមការចង្អុលបង្ហាញ និងចក្ខុវិស័យរបស់ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១០ ខែវិច្ឆិកាម្សិលមិញនេះ ដែរ សាខា ក. ប. ប. ខេត្តកណ្តាលបានដឹកនាំកម្លាំងមន្ត្រីរបស់ខ្លួន ចុះធ្វើការអប់រំផ្សព្វផ្សាយបន្តទៀតអំពីសុវត្ថិភាពម្ហូបអាហារ កិច្ចការពារអ្នកប្រើប្រាស់ និងករណីពុលស្រា ជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ នៅសាលាវិទ្យាល័យ សិត្បូ ស្ថិតនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានការចូលរួមពីលោកគ្រូ/អ្នកគ្រូចំនួន ៣៤នាក់ សិស្សានុសិស្ស ចំនួន ៧៥៧នាក់ សរុបទាំងអស់ ៧៩១នាក់។

កម្មវិធីអប់រំផ្សព្វផ្សាយនេះ នឹងក្លាយជាវេទិកាមួយដែលបើក ឱកាសអ្នក ចូលរួមទាំងអស់ ទទួលបាននូវចំណេះដឹងអំពីច្បាប់ និងបទប្បញ្ញត្តិនានា ពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារ និងកិច្ចការពារ អ្នកប្រើប្រាស់ ពោលគឺការជ្រើសទំនិញនិងម្ហូបអាហារដែល មានសុវត្ថិភាព យកទៅបរិភោគ និងកាតព្វកិច្ចរបស់ពួកគេក្នុងការ វិវត្តខ្លួន ឱ្យក្លាយជាអ្នកប្រើប្រាស់ដែលឆ្លាតវ័យ ចៀសវាងអំពីអំពើមិន សុចរិតក្នុងធុរកិច្ចណាមួយពីសំណាក់អាជីវករខិលខូចមួយចំនួន។ វគ្គអប់រំផ្សព្វផ្សាយនេះបានប្រព្រឹត្តទៅប្រកបដោយបរិយាកាសសប្បាយរីករាយ និងមានការចូលរួមពីប្អូនៗសិស្សានុសិស្ស យ៉ាងផុល ផុសផងដែរ ៕
ដោយ ៖ ភារ៉ា និង ប៊ុនធី
