ព្រះចៅអធិការវត្តស្វាយរមៀត សហការជាមួយអាជ្ញាធរពាក់ព័ន្ធ រៀបចំពិធីប្រណាំងទូកប្រពៃណី រយៈពេលពីរថ្ងៃ នៅបារាយណ៍ ទឹកថ្លា នៃរមណីយដ្ឋានអង្គរ
(សៀមរាប)៖ ព្រះចៅអធិការវត្តស្វាយរមៀត បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធរៀបចំពិធីប្រណាំងទូកប្រពៃណី រយៈពេលពីរថ្ងៃ នៅបារាយណ៍ទឹកថ្លានៃរមណីយដ្ឋានអង្គរ ដើម្បីអបអរសាទរបុណ្យកឋិនទានសាមគ្គី និងដើម្បីរំឭកមនុស្សឱ្យចេះ ថែរក្សាការពារទឹកដី ឱ្យចេះស្រឡាញ់គោរពព្រះធរណី គង្គា គឺទឹកដី និងឲ្យចូលរួមសម្អាតបរិស្ថានឱ្យបានស្អាតល្អ ឈ្មោះថា ព្រះធរណីគង្គា ។
ព្រះសច្ចានុបាល នឿម វុទ្ធី ព្រះគ្រូចៅអធិការវត្តបារាយមហានទីរតនារាម ហៅវត្តស្វាយរមៀត ក្រុងសៀមរាប មានសង្ឃដីកាថា ពិធីប្រណាំងទូកប្រពៃណីនេះ ធ្វើឡើងចំនួន ២ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ២០២៣ ដែលមានទូកចូលរួមប្រណាំងចំនួន ១៧ គូ (ទូកនារី ៣ទូក) ហើយមានកីឡាករចំណុះក្នុងមួយទូក ៦ នាក់ ក្នុងនោះ ក៏មានកីឡាករប្រណាំងចានដែក ចំនួន ១០គូ ស្មើនឹង ២០នាក់ទៀត។ សរុបកីឡាករ ការិនីទាំងអស់ មានចំនួន ២៣៦ រូប។
ពិធីនេះបានប្រព្រឹតទៅប្រកបដោយភាពមហោឡារិក និងអធិកអធម និងមានអមដោយពិធីបណ្តែតប្រទីបសំពះព្រះខែ និងអកអំបុក ដែលមានជាប់ទាក់ទងនឹងព្រះពុទ្ធសាសនា គឺដើម្បីគោរពបូជាចំពោះព្រះចង្កូមកែវរបស់ព្រះសម្មាសម្ពុទ្ធនៅភុជង្គនាគផង និង ដើម្បីរំឭកដល់ទន្សាយព្រះពោធិសត្វ សសបណ្ឌិត ផង ។ ការប្រារព្ធពិធីនេះ និង ពិធីនានារបស់ខ្មែរ សុទ្ធតែបញ្ជាក់ពីការដឹងគុណបុព្វបុរស ដែលជាពូជខ្មែរអ្នកសាងអង្គរ ជា វប្បធម៌ដ៏ថ្លៃថ្លារបស់ខ្មែរ ។
លោក សួន ចំណាន ស្នងការរងនៃស្នងការដ្ឋានខេត្ដសៀមរាប មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី នៃ កម្ពុជា បាននិងកំពុងយកចិត្តទុកដាក់គិតគូរយ៉ាងខ្លាំងក្នុងការថែរក្សានូវវប្បធម៌ប្រពៃណីជាតិ។ ជាក់ស្ដែង ការអភិរក្សថែរក្សាព្រះរាជពិធីបុណ្យអុំទូកនេះ ព្រមទាំងថែរក្សា ការពារ អភិរក្ស និង អភិវឌ្ឍ បេតិកភណ្ឌវប្បធម៌ជាតិប្រកបដោយចិរភាព ធ្វើយ៉ាងណារក្សានូវតុល្យភាពរវាងការអភិវឌ្ឍ និងការអភិរក្ស ស្របតាមទស្សនទាន «អភិរក្សដើម្បីអភិវឌ្ឍ និងអភិវឌ្ឍដើម្បីអភិរក្ស» សំដៅទាញយកប្រយោជន៍សមស្រប សម្រាប់ការអភិវឌ្ឍប្រទេស និងផ្ទេរមត៌កដ៏មានតម្លៃនេះទៅដល់កូនចៅជំនាន់ក្រោយៗទៀត។
លោក ក៍បាន ថ្លែងអំណរគុណចំពោះព្រះចៅអធិការ និងគណៈកម្មការគ្រប់ផ្នែកទាំងអស់ដែលបានខិតខំរៀបចំពិធីនេះឱ្យកើតឡើងដែលជាការរួមគ្នាបន្តថែរក្សានូវវប្បធម៌ទំនៀមទម្លាប់ដ៏ល្អរបស់យើងឱ្យបានស្ថិតស្ថេរគង់វង្ស ព្រមទាំងបានផ្តល់ភាពសប្បាយរីករាយយ៉ាងក្រៃលែងដល់បងប្អូនប្រជាពលរដ្ឋយើងអ្នកនៅក្នុងមូលដ្ឋាននេះ ក៏ដូចជាអ្នកបងប្អូនដែលអញ្ជើញមកពីទីឆ្ងាយ បានមកបំពេញបុណ្យកុសលផង បានទស្សនាពិធីដ៏រីករាយផង៕
ដោយ ស៊ាន សុផាត








