រោងចក្រវាយនភណ្ឌបង់ក្លាដែសជាង ១៥០កន្លែងបិទដំណើរការ ខណៈកម្មករចំនួន ១១,០០០នាក់ត្រូវបានឃាត់ខ្លួន

ដាកា៖ នៅថ្ងៃសៅរ៍នេះ រោងចក្រកាត់ដេរប្រមាណ ១៥០កន្លែងដែលកំពុងមានដំណើរការនៅបង់ក្លាដែស ត្រូវបានបិទដោយគ្មានពេលកំណត់ ខណៈកម្មករប្រមាណ ១១,០០០នាក់ត្រូវបានឃាត់ខ្លួន ជុំវិញការធ្វើបាតុកម្មដោយហិង្សា ក្នុងការទាមទារការដំឡើងប្រាក់ឈ្នួលអប្បបរិមា។

មន្ដ្រីប៉ូលិសបង់ក្លាដែសបានបញ្ជាក់ថា រោងចក្រចំនួន ១៥០កន្លែងនៅក្នុងតំបន់ឧស្សាហកម្មនៃទីក្រុង Ashulia និង Gazipur ត្រូវបានបិទ ក្រោយមានបាតុកម្មដោយហិង្សានៅតំបន់ Tusuka ដែលមានកម្មករជាង ១៥,០០០នាក់ចូលរួមក្នុងបាតុកម្ម។ ម្ចាស់រោងចក្រភ័យខ្លាចថា បាតុកម្មទ្រង់ទ្រាយធំនេះ នឹងកាន់តែរីករាលដាលបន្ថែមទៀត។

ជាការឆ្លើយតបនឹងសំណើរបស់កម្មករ រដ្ឋាភិបាលបានសម្រេចដំឡើងប្រាក់ឈ្នួលចំនួន ៥៦,២៥% ដែលស្មើនឹងប្រហែល ១១០ដុល្លារ។ យ៉ាងណាមិញ ក្រុមកម្មករពុំយល់ព្រម និងទាមទារឱ្យមានការដំឡើងដល់ ២១០ដុល្លារ។ ប្រទេសបង់ក្លាដែស មានរោងចក្រកាត់ដេរសរុប ៣,៥០០កន្លែង ដែលគ្របដណ្ដប់ ៨៥%នៃការនាំចេញប្រចាំឆ្នាំរបស់ខ្លួន ដែលស្មើនឹងទឹកប្រាក់ចំនួន ៥៥ពាន់លានដុល្លារ និងផ្គត់ផ្គង់ដល់ម៉ាកយីហោល្បីៗជាច្រើនលើពិភពលោក ដូចជា Levi’s, Zara និង H&M។ យ៉ាងណាមិញ ប្រាក់ឈ្នួលអប្បបរមាដែលកម្មករជាស្រ្ដីចំនួនប្រមាណ ៤លាននាក់ទទួលបាន គឺ៧៥ដុល្លារក្នុងមួយខែតែប៉ុណ្ណោះ។

គួររំលឹកថា បាតុកម្មទាមទារដំឡើងប្រាក់ឈ្នួលអប្បបរិមានេះ ផ្ទុះឡើងកាលពីខែមុន។ ប៉ូលីសបានបញ្ជាក់ថា មានកម្មករយ៉ាងតិចណាស់ចំនួន ៣នាក់បានស្លាប់ និងរោងចក្រជាង ៧០កន្លែងត្រូវបានបំផ្លាញ ចាប់តាំងពីបាតុកម្មបានផ្ទុះឡើង៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ សាន ស្រីលក្ខណ៍

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner