អាជ្ញាធរអ៊ីរ៉ង់អះអាងថា ក្រុមនាវិកទាំង២៣នាក់ នៅលើកប៉ាល់អង់គ្លេសមានសុវត្ថិភាព និងសុខភាពល្អ

អ៊ីរ៉ង់៖ សមាជិកនាវិកទាំងអស់នៅលើកប៉ាល់អង់គ្លេស Stena Impero ដែលត្រូវបានរឹបអូសនោះ គឺមានសុខភាពល្អ និងមានសុវត្ថិភាព ដោយបច្ចុប្បន្នពួកគេកំពុងស្ថិតនៅកំពង់ផែ Bandar Abbas នេះបើតាមប្រធានអង្គការសមុទ្រ និងកំពង់ផែអ៊ីរ៉ង់ប្រចាំខេត្ត Hormozgan លោក Allahmorad Afifipour នៅក្នុងថ្ងៃអាទិត្យម្សិលមិញ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី ថេរ៉េសា ម៉េ នឹងរៀប ចំកិច្ចប្រជុំគណៈកម្មាការបន្ទាន់មួយនៅក្នុងថ្ងៃច័ន្ទដើមសប្តាហ៍នេះ ដើម្បីជជែកពិភាក្សាគ្នាជុំវិញការរឹបអូសកប៉ាល់ដឹកប្រេងរបស់អង់គ្លេសពីសំណាក់អ៊ីរ៉ង់ នេះបើតាមសារព័ត៌មានរុស្ស៊ី Spunik។

សូមរំលឹកថា ឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានរឹបអូស និងឃាត់ទុកកប៉ាល់ Stena Impero កាលពីថ្ងៃសុក្រសប្តាហ៍មុន រីឯក្រុមហ៊ុនម្ចាស់កប៉ាល់នេះ បានអះអាងថាខ្លួនកំពុងដាក់សំណើសុំចូលសួរសុខទុក្ខនាវិកទាំង២៣នាក់ ដែលមកពីឥណ្ឌា លីតតូនី ហ្វីលីពីន និងរុស្ស៊ីនេះហើយ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner