ក្រុមពន្លត់អគ្គីភ័យប្រមាណ១ពាន់នាក់ ត្រូវបានបញ្ជូនទៅពន្លត់ភ្លើងឆេះព្រៃនៅតំបន់ ភាគកណ្ដាលប្រទេសព័រទុយហ្កាល់
អត្ថបទដោយ៖
Kien Sereyvuth
ព័រទុយហ្កាល់៖ ក្រុមអ្នកពន្លត់អគ្គីភ័យប្រមាណ១ពាន់នាក់ នៅថ្ងៃអាទិត្យសប្តាហ៍មុននេះ ត្រូវបានអាជ្ញាធរព័រទុយហ្កាល់បានបញ្ជូនឱ្យទៅចូលរួមក្នុងប្រតិបត្តិការពន្លត់ភ្លើងឆេះព្រៃ៣កន្លែង ដែលកំពុងឆាបឆេះតំបន់ភាគកណ្ដាលប្រទេស។

បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ខ្យល់បក់ខ្លាំង កំពុងបង្កការលំបាកជាខ្លាំងដល់ប្រតិបត្តិការពន្លត់ភ្លើងឆេះព្រៃ ដែលបានចាប់ផ្ដើមឆេះចាប់តាំងពីល្ងាចថ្ងៃសៅរ៍សប្តាហ៍មុននេះ (ម៉ោងក្នុងតំបន់) នៅក្នុងតំបន់ Castelo Branco ស្ថិតនៅចម្ងាយ២២៥គីឡូម៉ែត្រពីភាគឦសានរដ្ឋធានី Lisbon។

ប្រភពដដែលបានឱ្យដឹងទៀតថា រហូតមកទល់ពេលនេះ នៅពុំទាន់មានការបញ្ជាក់ពីទំហំបំផ្លិចបំផ្លាញឡើយ ស្របពេលដែលមនុស្សម្នាជាច្រើនត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព ខណៈមនុស្សម្នាក់ និងក្រុមពន្លត់អគ្គីភ័យ៧នាក់រងរបួស៕ធ.ដ
