ឯកឧត្តម សាយ សំអាល់ លើកទឹកចិត្តឱ្យសិស្សានុសិស្សខិតខំរៀនសូត្រ និងច្នៃប្រឌិតខ្ពស់ ក្នុងការជ្រើសរើសជំនាញសម្រាប់គោលដៅជីវិត

អត្ថបទដោយ៖
Kien Sereyvuth

ព្រះសីហនុ៖ ឯកឧត្ដម សាយ សំអាល់ ប្រធានក្រុមកាងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ ឯកឧត្ដម  ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្អូនៗ បេក្ខជន ប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ សម័យប្រឡង១៩ សីហា ២០១៩ មកពីវិទ្យាល័យហ៊ុន សែន វាលរេញ នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ ដោយមានចូលរួមពីសំណាក់ លោកគ្រួ អ្នកគ្រូចំនួន៨៣នាក់ និងសិស្សានុសិស្សសរុបចំនួន៦៤៥នាក់ ក្នុងនោះមានគណៈនាយកចំនួន១៦នាក់ មកពី៣ស្រុកក្នុងខេត្តព្រះសីហនុ គឺស្រុកព្រៃនប់ ស្រុកស្ទឹងហាវ និងស្រុកកំពង់សិលា។ ពិធីនេះសំណេះសំណាលនេះធ្វើឡើងនៅអាហារដ្ឋាន ឡេង ទ្រី ស្ថិតនៅឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩។

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលជាបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រដើម្បីបានប្រឡងជាប់និងទទួលបាននិន្ទេសល្អ តាមពាក្យស្លោក «អ្នកចេះទើបជាប់ និងអ្នកពូកែបានរង្វាន់»។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តបានប្រកាសផ្តល់ង្វាន់ចំពោះបេក្ខជន ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ហើយទទួលបាននិន្ទេស A នឹងទទួលបានម៉ូតូ១គ្រឿង និងថវិកា១ពាន់ដុល្លារ ដើម្បីជាការលើកទឹកចិត្ត។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ បានលើកឡើងថាសិស្សានុសិស្សនាពេលបច្ចុប្បន្នមានឱកាសច្រើនក្នុងការសិក្សារៀសូត្រ ហើយប្រើឱកាសនេះដើម្បីច្នៃប្រឌិតខ្ពស់ចំពោះការជ្រើសរើសជំនាញក្រោយបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានមានប្រសាសន៍ថា សិស្សានុសិស្សនាពេលបច្ចុប្បន្នមានឱកាសច្រើនក្នុងការសិក្សារៀសូត្រ ត្រូវខិតខំសិក្សាស្រាវជ្រាវដើម្បីប្រឡងឱ្យបានជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ក្នុងឱកានេះ ឯកឧត្តមរដ្ឋមន្រ្តីលើកទឹកចិត្តដល់សិស្សានុសិស្ស ប្រើប្រាស់ឱកាសច្នៃប្រឌិតខ្ពស់ចំពោះការជ្រើសរើសជំនាញដែលខ្លួនពេញចិត្ត មានការគិតគូរខ្ពស់ដើម្បីសម្រេចគោលដៅជីវិតដែលខ្លួនបានប្រាថ្នា។

សូមបញ្ជាក់ថាក្រសួងអប់រំ យុវជន និងកីឡា ប្រកាសយកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៨-២០១៩ ដែលក្នុងនោះ នៅខេត្តព្រះសីហនុមានមណ្ឌលប្រឡងចំនួន៥ ក្នុងក្រុងព្រះសីហនុចំនួន៣ និងនៅស្រុកព្រៃនប់មានចំនួន២មណ្ឌល។ (ថ្នាក់វិទ្យាសាស្ត្រ២ ថ្នាក់សង្គម៣) ស្មើ៦៧ បន្ទប់ និងមានបេក្ខជនសរុបចំនួន១៥៧០នាក់ ស្រី៧៤៤នាក់ ក្នុងនោះបេក្ខជនស្វ័យរិនមានចំនួន ២០៣នាក់ (ស្រី៨៩នាក់)៕ធ.ដ

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner