ប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារថ្នាក់កណ្តាល ចុះជួយឃុំព្រះប្រសប់ អញ្ជើញសម្ពោធ ដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា ក្នុងវត្តសមាធិន្ទ្រិយារាម ក្នុងឃុំព្រះប្រសប់ ខេត្តកណ្តាល

អត្ថបទដោយ៖
Kien Sereyvuth

កណ្ដាល៖ ព្រះវិហារដែលជួសជុល និងលាបថ្មាំថ្មី សាលាធម្មសភា ក្លោងទ្វារ និងសមិទ្ធផលជាច្រើន ក្នុងវត្តសមាធិន្ទ្រិយារាម ហៅវត្តព្រះប្រសប់ថ្មី ស្ថិតក្នុងឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល  ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ម្សិលមិញ ក្រោមអធិបតីភាពលោក ហាវ រតនៈ ប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំព្រះប្រសប់ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរត្ន័ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកណ្តាល និងជាប្រធានគណៈអចិន្ត្រយ៍ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកកៀនស្វាយ។

សមិទ្ធផលដែលត្រូវបានសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ រួមមាន៖ ព្រះវិហារលាបថ្មាំថ្មី សាលាធម្មសភា របង ក្លោងទ្វារ ចាក់សាប បង្គោលភ្លើង និងសមិទ្ធផលនានា ក្នុងវត្តសមាធិន្ទ្រិយារាម និងផ្លូវក្រាលកៅស៊ូ ឌីប៊ីអេសធី ប្រវែង២,៨២៨ម៉ែត្រ ចាប់ពីរង្វង់មូលព្រះប្រសប់ទៅទល់ព្រំប្រទល់ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

ថ្លែងក្នុងឱកាសនោះ លោក ហាវ រតនៈ បានថ្លែងកោតសរសើរចំពោះព្រះតេជព្រះគ្រូចៅអធិការវត្ត សៀ ស្រ៊ុន និងគណៈកម្មការអាចារ្យវត្ត ដែលបានខិតខំប្រឹងប្រែងកៀគរធនធានកសាងបាននូវសមិទ្ធផល ជាច្រើនជាបន្តបន្ទាប់ និងថ្លែងអំណរគុណចំពោះសប្បុរសជនទាំងអស់ ព្រមទាំងពុទ្ធបរិស័ទ ទាំងទីជិត និងទីឆ្ងាយដែលបានចូលរួមបរិច្ចាគនូវធនធានថវិកា ប្រកបដោយសទ្ធាជ្រះថ្លា ក្នុងការកសាង សមិទ្ធផលនៅ ក្នុងវត្តសមាធិន្ទ្រិយារាម នៅក្នុងរយៈពេលកន្លងមកនេះ។

លោកបញ្ជាក់ថា វិស័យពុទ្ធចក្រ និងអាណាចក្រមានទំនាក់ទំនងអន្តរសកម្មនឹងគ្នា និងជួយបំពេញគ្នាទៅវិញទៅមក នៅក្នុងការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាការបម្រើឱ្យមូលដ្ឋានខាងជំនឿរបស់ប្រជាពលរដ្ឋ។ ក្នុងន័យនេះ រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានយកចិត្តទុកដាក់ដល់វិស័យពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ទន្ទឹមនឹងការធានារក្សានូវភាពសុខដុមនីយកម្មជាមួយនឹងសាសនាផ្សេងៗទៀត ដើម្បីសុខដុមនីយកម្មនៅក្នុងសង្គមទាំងមូល។

លោកប្រធានក្រុមការងារ ក៏បានគូសបញ្ជាក់ផងដែរថា ដោយសារប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍឥតឈប់ឈរ ប្រជាជនមានជីវភាពកាន់តែធូរធារ ដែលផ្តល់លទ្ធភាពកាន់តែច្រើនរៀបចំពិធីបុណ្យសាសនាមានលក្ខណៈកាន់តែអធិបអធម និងសប្បាយជ្រះថ្លាជាទីបំផុត។ ឧទាហរណ៍ជាក់ស្តែង ពិធីសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅក្នុងវត្តសមាធិន្ទ្រិយារាម នាពេលវេលានេះ។

នៅក្នុងឱកាសនោះផងដែរ លោក និងសប្បុរសជនអមដំណើរ បាននាំអំណោយជាថវិកា និងសម្ភារមួយចំនួន ជូនដល់ចាស់សិលវ័ន្តសីលវត្តី សិស្សានុសិស្ស គ្រូបង្រៀន គ្រូពេទ្យ ក្រុមប្រឹក្សាឃុំ និងកងកម្លាំង និងមន្រ្តីប៉ុស្តិ៍ ព្រមទាំងប្រជាការពារក្នុងឃុំព្រះប្រសប់ផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner