សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តំបន់អភិវឌ្ឍន៍កោះនរា នឹងក្លាយទៅជា តំបន់សេដ្ឋកិច្ចដ៏សំខាន់មួយទៀតរបស់រាជធានីភ្នំពេញ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានមាន ប្រសាសន៍ ថា តំបន់អភិវឌ្ឍន៍កោះនរា នឹងក្លាយទៅជាតំបន់សេដ្ឋកិច្ច ដ៏ សំខាន់មួយទៀតរបស់រាជធានីភ្នំពេញ មិនចាញ់កោះពេជ្រនោះទេ ។ សម្តេចធិបតីបានថ្លែងដូចនេះនៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពាននាគភ្លោះកោះនរា និង ស្ពាន បេតុងខ្សែកាប តភ្ជាប់តំបន់អភិវឌ្ឍន៍កោះនរា និងតំបន់អភិវឌ្ឍន៍ កោះពេជ្រ” ។
សម្ដេចធិបតី បានបន្តថា ហេដ្ឋារចនាសម្ព័ន្ធ ពិតជាសំខាន់ ណាស់ សម្រាប់ ប្រទេស ដែលធៀបបានដូចជាសរសៃឈាម។ ពីមុនការត ភ្ជាប់គ្នាមានតែតាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ប៉ុន្តែបច្ចុប្បន្ន មានផ្លូវមួយទៀត គឺផ្លូវឌីជីថល ដែលភ្ជាប់ទំនាក់ទំនងគ្នាបានលឿន ។
សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា តាមរយៈសមិទ្ធផលស្ពាននាគ ភ្លោះកោះនរា និងស្ពានបេតុងខ្សែកាបតភ្ជាប់ តំបន់អភិវឌ្ឍន៍កោះនរា និងតំបន់អភិវឌ្ឍន៍កោះពេជ្រ ខណៈតំបន់នេះ នឹងក្លាយទៅជាតំបន់ សេដ្ឋកិច្ចដ៏ សំខាន់មួយទៀត របស់រាជធានីភ្នំពេញ មិនចាញ់កោះពេជ្រ នោះទេ ។
ជាមួយគ្នានេះសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហើបដែរថា នៅតំបន់ អភិវឌ្ឍន៍ កោះនរានេះ ក្រៅពីសមិទ្ធផលស្ពានថ្មី ក៏មានគម្រោង ធ្វើអគារ ដ៏ខ្ពស់ជាងគេមួយមានកម្ពស់ ៥៥៥ ម៉ែត្រ នាពេលខាងមុខផងដែរ ហើយប្រជាពលរដ្ឋ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ជាពិសេសក្នុង ទឹកដីខេត្តកណ្ដាល នឹងមើលឃើញពីការរីកចម្រើនកាន់តែខ្លាំង តាមរយៈ ការតភ្ជាប់ផ្លូវ ថ្នល់ ស្ពាន និងប្រព័ន្ធហេដ្ឋា រចនាសម្ព័ន្ធ នានាជាមួយរាជធានីភ្នំពេញ ខណៈគោលដៅ សម្រាប់ការអភិវឌ្ឍ របស់រាជរដ្ឋាភិបាល គឺយករាជធានីភ្នំពេញ ធ្វើជាចំណុចកណ្ដាល ហើយបន្តពង្រីកការអភិវឌ្ឍ ទៅទិសផ្សេងៗទៀត ជាពិសេស ការពង្រីការអភិវឌ្ឍន៍ទៅកាន់ទិសខាងកើតនៃកម្ពុជា ដូច្នេះតំបន់ ភាគខាងកើត រាជធានីភ្នំពេញ នឹងមានការរីកចំរើនបន្ថែមទៀត ៕ អត្ថបទ៖ វណ្ណលុក , រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ