សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធ ធានាឱ្យបាននូវសន្តិសុខ សុវត្ថិភាព ជូនភ្ញៀវទេសចរ
(សៀមរាប)៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ ខិតខំធ្វើយ៉ាងណាថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យបានល្អប្រសើរបន្ថែមទៀត ដែលធ្វើដំណើរឆ្លងកាត់នៅតាម ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ ។

សម្តេចធិបតី បានបន្តថា ដើម្បីជាការផ្តល់នូវទំនុកចិត្ត និងបង្កើនភ្ញៀវទេសចរអន្តរជាតិមកទស្សនានៅកម្ពុជា ជាពិសេសនៅខេត្តសៀមរាបឲ្យកាន់តែល្អប្រសើរបន្ថែមទៀតនោះ អាជ្ញាធរទាំងអស់ត្រូវតែពង្រឹង សន្តិសុខ សណ្តាប់ធ្នាប់ ដែលនៅជាប់នឹងព្រលានថ្មី ឬនៅទីណាទាំងអស់ជូនដល់ពួកគេជាប្រចាំ ។
ក្នុងឱកាសនោះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ដែរថា ការសាងសង់អាកាសយានដ្ឋាន អន្តរជាតិសៀមរាបអង្គរនាពេលនេះ គឺនឹងលើកស្ទួយសេដ្ឋកិច្ចជាតិ និងប្រជាពលរដ្ឋគ្រប់ទិសទី ជាពិសេស គឺនៅខេត្តសៀមរាបផ្ទាល់តែម្តង ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ខណៈព្រលានថ្មីនេះ បានតភ្ជាប់ការហោះហើរ ដោយត្រង់ជាមួយប្រទេសជាច្រើននៅលើពិភពលោក ៕







ដោយ ៖ វណ្ណលុក