សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍ភ្ញៀវទេសចរចិន ដែលជាមិត្ត និងបងប្អូនល្អរបស់យើង មកទស្សនាកម្ពុជា ឲ្យបានច្រើន ជាពិសេស មកកាន់ខេត្តសៀមរាប

(សៀមរាប)៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ តម្លៃប្រមាណ ១,១០០លានដុល្លារអាមេរិក ដែលជាសមិទ្ធផលដ៏មហាសាលមួយទៀតនៅលើទឹកដីខេត្តសៀមរាប ហើយក៏ជាប៉ូលសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជាផ្នែកទេសចរណ៍ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តប្រកាសស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះភ្ញៀវទេសចរចិន ដែលជាមិត្ត និងបងប្អូនល្អរបស់កម្ពុជា សូមអញ្ចើញមកទស្សនាកម្ពុជា ឲ្យបានកាន់តែច្រើន ជាពិសេស មកកាន់ខេត្តសៀមរាបទឹកដីអង្គរ និងអាចធ្វើដំណើរតាមអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅក្នុងវេទិកាខ្សែក្រវ៉ាត់នឹងផ្លូវលើកទី៣ នៅរដ្ឋធានីប៉េកាំងកាលពីខែមុននេះ ឯកឧត្តមប្រធានាធិបតី ស៊ីជីនពីង និងខ្ញុំ បានប្រកាសរួមគ្នាយកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ក្នុងន័យនេះ ខ្ញុំសូមសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះភ្ញៀវទេសចរចិន ដែលជាមិត្តនិងបងប្អូនល្អរបស់យើង សូមអញ្ចើញមកទស្សនាកម្ពុជាឲ្យបានកាន់តែច្រើន ពិសេសគឺអាចអញ្ចើញធ្វើដំណើរមកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះតែម្តង ។

សម្តេចធិបតី បានបញ្ជាក់ថា កម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការជាមួយមិត្តចិន ក្នុងការចូលរួមធ្វើឱ្យកម្លាំងចលករមួយនេះ បំពេញតួនាទីកាន់តែមានប្រសិទ្ធភាព ហើយរំពឹងថា ជាមួយនឹងក្របខណ្ឌត្បូងពេជ្រ រវាងកម្ពុជា-ចិន ប្រទេសទាំង២ នឹងរួមគ្នាសម្រេចបាននូវសមិទ្ធផលផ្លែផ្កាថ្មីៗបន្ថែមទៀត ពិសេស លើវិស័យអតិភាពទាំងឡាយ ដែលនឹងនាំមកនូវផលប្រយោជន៍រួម សម្រាប់ប្រជាជាតិ ។

ជាមួយគ្នានេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលជានិច្ចកាលតែងតែផ្តល់ការគាំទ្រយ៉ាងសស្រាក់សស្រាំ ដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់កម្ពុជា ពិសេស ការវិនិយោគលើអាកាសយានដ្ឋានថ្មី ដែលនឹងក្លាយជាមរតកមនុស្សជាតិយ៉ាងធំធេងសម្រាប់កម្ពុជា ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner